បើនិយាយអំពី តំបន់ទេសចរណ៍បែបទឹកជ្រោះនោះ នៅក្នុងប្រទេសកម្ពុជា មានច្រើនកន្លែង ច្រើនតំបន់សឹងតែរាប់មិនអស់។ តំបន់ទឹកជ្រោះ ឬទឹកធ្លាក់ខ្លះក៏មានអ្នកស្គាល់ និងទៅលេងកម្សាន្ដច្រើន ឯតំបន់ខ្លះទៀត ក៏កំពុងពួនសង្ងំលាក់ខ្លួននៅឡើយ។ ជាក់ស្ដែងដូចជាទឹកធ្លាក់ភ្នំ៥៣ ឬភាគច្រើនត្រូវបាន គេហៅថា ទឹកជ្រោះភ្នំ៥៣ ដែលមានទីតាំងស្ថិតក្នុង ភូមិសាស្ត្រភូមិអូរចោត ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង អញ្ចឹង។
ទឹកជ្រោះភ្នំ៥៣ គឺជាឈ្មោះរមណីយដ្ឋានថ្មីមួយ និងជាប្រភេទទឹកជ្រោះបែបធម្មជាតិ ដែលកំពុងលាក់ខ្លួន កណ្ដាលព្រៃភ្នំ ជាមួយនឹងទេសភាព រុក្ខជាតិខៀវស្រងាត់។ បើតាមមន្ត្រីយោធា ដែលប្រចាំការការពារព្រំដែន នៅទីនោះ បានឱ្យដឹងថា កាលដើមឡើយ ដោយសារតែទឹកជ្រោះភ្នំ៥៣ នេះ ស្ថិតក្នុងតំបន់ភ្នំ៥៣ ដែលធ្លាប់ជាតំបន់យុទ្ធសាស្ត្រ របស់កងទ័ពខ្មែរក្រហម ដែលហៅឈ្មោះ ៥៣ ជាពាក្យសម្គាល់ និងសម្ងាតរបស់ពួកគេ ទើបទីនោះជាប់ឈ្មោះថាភ្នំ៥៣ និងទឹកជ្រោះភ្នំ៥៣ រហូតដល់ពេលបច្ចុប្បន្ន។ លុះមកដល់ពេលបច្ចុប្បន្ន ប្រធានមន្ទីទេសចរណ៍ខេត្ដបាត់ដំបង បានប្រែក្លាយតំបន់នេះ ទៅជាគោលដៅទេសចរណ៍ថ្មីមួយ ដើម្បីទាក់ទាញ ភ្ញៀវទេសចរឡើងវិញ។
ចំពោះចំណុចសំខាន់ៗនៅតំបន់ទឹកជ្រោះភ្នំ៥៣ នេះ មានដូចជា៖ ទស្សនាទេសភាពព្រៃភ្នំ, ហែលទឹកឬលេងទឹក, ឡើងភ្នំ, ដើរលេងថ្មើរជើង, ញាំកាហ្វេ, បោះតង់, ពិកនិច, គយគន់ថ្ងៃរះ, គយគន់ថ្ងៃលិច និងចំណុចផ្សេងៗទៀត។
ទឹកធ្លាក់តំបន់៥៣ មានទីតាំងចម្ងាយប្រហែល ១៣១ គីឡូម៉ែត្រ ពីសាលាខេត្តបាត់ដំបង! យើងអាចធ្វើដំណើរតាម ផ្លូវជាតិលេខ ៥៧ឆ្ពោះទៅរកស្រុកសំពៅលូន លុះដល់ផ្លូវបំបែក យើងត្រូវបត់ឆ្វេងមក ផ្លូវជាតិលេខ៥៩ រួចធ្វើដំណើរមកដល់ ចំណុចភូមិភ្នំព្រឹក ក្នុងស្រុកភ្នំព្រឹក យើងនឹង ឃើញមានស្លាកសញ្ញា ទឹកធ្លាក់៥៣នៅ ពីខាងឆ្វេងដៃ បន្ទាប់មកយើងគ្រាន់តែចូលទៅ ដល់ទីតាំងហ្នឹងត្រឹមតែជាង២គីឡូម៉ែត្រ តែប៉ុណ្ណោះ។