យោងតាមប្រសាសន៍របស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើង ក្នុងជំនួបជាមូយប្រតិភូ សាជីវកម្មធនាគារ ស៊ូមីតូម៉ូ ម៉ីតស៊ុយ - Sumitomo Mitsui Banking Corporation (SMBC) ដឹកនាំដោយ លោក Rajeev Kannan នាយកប្រតិបត្តិ ប្រចាំតំបន់អាស៊ីប៉ាស៊ីស្វិក កាលពីថ្ងៃទី៣០ មករា ឆ្នាំ២០២៣ កន្លងទៅនេះ បានឲ្យដឹងថា កម្ពុជាកំពុងស្វែងរកដៃគូអភិវឌ្ឍន៍ គម្រោងជីកព្រែកតភ្ជាប់ទន្លេបាសាក់ ទៅកាន់កំពង់ផែសមុទ្រ នៃខេត្តកំពត ដើម្បីសម្រួលដល់ ការដឹកជញ្ជូនទំនិញតាមផ្លូវទឹក ឱ្យកាន់តែមានភាពងាយស្រួល ចំណេញពេលវេលា និងកាត់បន្ថយការចំណាយ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ទៀតថា «គម្រោងនេះត្រូវបាន សិក្សាលម្អិតរួចរាល់ ទាំងផ្នែកបច្ចេកទេស និងផ្លូវច្បាប់ ដែលមិនមានអ្វី ជាការប៉ះពាល់ឡើយ បើសិនជាយើងរក បានដៃគូអភិវឌ្ឍន៍ ហើយធ្វើឱ្យលេចចេញជារូបរាងនោះ វានឹងក្លាយជាគម្រោងប្រវត្តិសាស្ត្រ ដែលនឹងផ្លាស់ប្តូរ មុខមាត់កម្ពុជាទាំងមូល ក្នុងវិស័យនាវាចរណ៍នេះ ផងដែរ»។ ពោលគឺគម្រោងមួយនេះ ក៏នឹងកែប្រែមុខមាត់ ខេត្តព្រះសីហនុទាំងមូល ឱ្យក្លាយទៅជាប៉ូលសេដ្ឋកិច្ចពិសេស ដោយរួមបញ្ចូលទាំង វិស័យដឹកជញ្ជូន កំពង់ផែ ភស្តុភារកម្ម រោងចក្រថាមពល ទេសចរណ៍ បដិសណ្ឋារកិច្ច នឹងប្រមូលផ្តុំនៅទីនោះតែម្ដង។
ស្របគ្នានោះដែរ ប្រតិភូ SMBC ក៏បានលើកឡើង ពីគោលបំណងរបស់ខ្លួន ក្នុងស្វែករកឱកាសវិនិយោគ ចំពោះបណ្ដាគម្រោងថ្មីៗ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ជាពិសេសគឺនៅក្នុង វិស័យភស្តុភារកម្ម និងវិស័យកំពង់ផែ។ គួរបញ្ជាក់ដែរថា បច្ចុប្បន្ន SMBC ក៏កំពុងផ្ដោត ការចាប់អារម្មណ៍ជាខ្លាំង ក្នុងការផ្តល់ហិរញ្ញប្បទាន លើគម្រោងធំៗចំនួន២ រួមមាន៖ គម្រោងកំពង់ផែ ទេសចរណ៍ខេត្តកំពត និងគម្រោងការអភិវឌ្ឍ ផែនការមេភស្តុភារកម្ម ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលក្នុងផែនការមេនេះ មានគម្រោងជាង ៣៣២គម្រោង ជាមួយនឹងទឹកប្រាក់ជាង ៤៨ពាន់លានដុល្លារអាមេរិក ៕