ទន្លេស្ងួត ជាស្រះបុរាណមួយ ដែលបុព្វបុរសខ្មែរ បានសាងសង់ឡើង តាំងពីសម័យអង្គរ ស្ថិតនៅភាគខាង ជើងក្រុងអង្គរធំ ចម្ងាយប្រមាណ ៤០០ម៉ែត្រពីខ្លោងទ្វារដីឆ្នាំង ហើយនៅក្បែរនោះ ខាងកើតមានប្រាសាទព្រះខ័ន និងខាងលិច មានប្រាសាទទន្លេស្ងួត ដែលទើបជួសជុលរួច ជាមន្ទីរពេទ្យសម័យបុរាណមួយ ក្នុងចំណោមមន្ទីរពេទ្យចំនួន ៤ផ្សេងទៀត ដែលតាំងនៅជុំវិញក្រុងអង្គរធំ ក្នុងរាជ្យព្រះបាទជ័យវរ័ន្មទី៧ នាចុងសតវត្សរ៍ទី ១២ និងដើមសតវត្សរ៍ទី ១៣។
ទន្លេស្ងួត មានបណ្តោយប្រវែង ៨០០ម៉ែត្រ និងទទឹងប្រវែង ៤០០ម៉ែត្រ ដែលបានខូចខាត និងរីងគោក ដោយសារការបោះបង់ចោល និងមិនមានអ្នកថែទាំ រាប់សតវស្សរ៍មកហើយនោះ ហើយដោយសារមាន ការចូលរួមពីព្រះសង្ឃ ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ក្រុមអ្នកជំនាញនៃ អាជ្ញាធរជាតិអប្សរា ទើបតែបាន បញ្ចប់ការស្តារ ជួសជុលទំនប់ដែលធ្លុះធ្លាយ សាងសង់ទ្វារបញ្ចេញ-បញ្ចូលទឹក និងរៀបចំប្រព័ន្ធធារាសាស្ត្របុរាណ របស់សម័យអង្គរទន្លេស្ងួតនេះ ដែលអាចស្តុកទឹក ពេញជាអចិន្ត្រៃយ៍ឡើងវិញ បានប្រមាណ ៧៥ម៉ឺនម៉ែត្រគូប។ ការស្ដារ និងរៀបចំប្រព័ន្ធធារាសាស្ត្រ នៅតំបន់ទន្លេស្ងួត ឱ្យដំណើរឡើងវិញនេះ គឺធ្វើទៅតាមគម្រោងស្ដារឡើងវិញ នូវប្រព័ន្ធធារាសាស្ត្របុរាណ ដែលមានច្រើនស្កេកស្កះ នៅក្នុងតំបន់អង្គរ។
ដើម្បីការពារតំបន់អង្គរ និងក្រុងសៀមរាបទាំងមូល មិនឱ្យមានការលិចលង់ដោយជំនន់ទឹកភ្លៀងនៅរដូវ វស្សាផង ហើយក៏ជាការរក្សាទឹកទុកនៅតាមស្រះបុរាណនានា កសិន្ធុបារាយណ៍ ព្រមទាំងប្រឡាយផង សម្រាប់ជួយទ្រទ្រង់ដល់ប្រាសាទ ព្រមទាំងជាការជួយលើកតម្លៃទេសភាពវប្បធម៌ ក៏ដូចជាការជួយឱ្យ ប្រជាពលរដ្ឋមានទឹកប្រើប្រាស់ជាប្រចាំថ្ងៃផង៕