ភ្នំពេញ៖ ដើម្បីជម្រុញការធ្វើ ពាណិជ្ជកម្មទាំងក្នុង និងក្រៅស្រុក ក្រសួងពាណិជ្ជកម្ម កាលពីពេលកន្លងទៅនេះ បានសម្រេចចុះអនុស្សរណៈ នៃការយោគយល់គ្នាបន្ថែមទៀត ជាមួយនឹងក្រុមហ៊ុនអន្តរជាតិ ដើម្បីធ្វើការផ្សព្វផ្សាយ ផលិតផលកម្ពុជា ទៅកាន់ទីផ្សារក្នុងស្រុក ក្នុងតំបន់ ក៏ដូចជាទៅកាន់ ពិភពលោក។
ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ឡានតុន ក្លៅដ៍ សីវីស ថេកណឡូជី ឯ.ក បានសម្រេចចុះ MOU ជាមួយគ្នា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅនេះ ក្រោមធិបតីភាព ឯកឧត្ដម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង លោកបណ្ឌិត លី គន់ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនឡានតុន ក្លៅដ៏ សឺវីស ថេកណឡជី ឯ.ក និងសហការី ព្រមទាំង ឯកឧត្ដម, លោកជំទាវ, លោក លោកស្រី ដែលជាមន្ត្រីរាជការក្រោមឱវាទ ក្រសួងពាណិជ្ជកម្មជាច្រើនរូប ផ្សេងទៀត។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា នេះគឺជាសមិទ្ធផលថ្មីមួយទៀត របស់ក្រសួងពាណិជ្ជកម្ម ក្នុងការកសាងភាពជាដៃគូរវាងរដ្ឋ និងឯកជន ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ លើការធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក។ តាមរយៈអនុស្សរណៈ នៃការយោគយល់គ្នានេះ នឹងបង្កើតឱ្យមាន ការតភ្ជាប់រវាងប្រព័ន្ធស្វ័យប្រវត្តិកម្ម របស់ក្រសួងពាណិជ្ជកម្ម ជាមួយនឹង Platform ដែលបង្កើតដោយ វិស័យឯកជន ក្រោមកម្មវិធី Lanton Cloud ក្នុងការជំរុញឱ្យផលិតផលរបស់កម្ពុជា មានលទ្ធភាពពង្រីក ទៅកាន់ទីផ្សារក្រៅប្រទេស ឱ្យកាន់តែទូលំទូលាយថែមទៀត។
ថ្នាក់ដឹកនាំ នៃក្រុមហ៊ុន ឡានតុន ក្លៅដ៍ សីវីស ថេកណឡូជី ឯ.ក ក៏បានបញ្ជាក់ផងដែរថា ក្រសួងពាណិជ្ជកម្មបានបង្កើត ថ្នាលសម្រាប់ពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក (Go4eCam) ដែលបច្ចុប្បន្នបាន ទទួលនូវការចុះបញ្ជី និងការគាំទ្រយ៉ាងច្រើន ពីវិស័យឯកជន និងបានសម្រួលដល់ សហគ្រាសធុនមីក្រូ តូច និងមធ្យម ភ្ជាប់ខ្លួនទៅនឹងខ្សែច្រវាក់តម្លៃ និងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ និងពិភពលោក ផងដែរ។ MOU ថ្មីនេះ នឹងជម្រុញការធ្វើពាណិជ្ជកម្ម របស់កម្ពុជា តាមប្រ័ព័ន្ធអេឡិចត្រូនិច ឱ្យកាន់តែសំបូរបែប មានភាពទូលំទូលាយ ជាងមុនថែមមួយកម្រិតទៀត។
គួរបញ្ជាក់ថា ការអនុស្សរណៈនៃការយោគយល់គ្នានេះ នឹងរួមចំណែក្នុងការជំរុញការងារ ពាក់ព័ន្ធនឹងពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ជាពិសេសគឺការពង្រីក ទីផ្សារសម្រាប់ផលិតផលកម្ពុជា ការការពារអ្នកប្រើប្រាស់ ការទាញយកប្រយោជន៍ពីបរិវដ្តកម្ម (Transformation of Digitalization) និងបដិវត្តន៍ឧស្សាហកម្មទី៤ (Industrial Revolution 4.0) ក៏ដូចជាការកសាងសមត្ថភាព របស់មន្រ្តីរាជការក្រសួងពាណិជ្ជកម្ម សម្រាប់ការប្រឡូក ក្នុងកិច្ចចរចាផ្នែកពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ឱ្យកាន់តែប្រសើឡើងបន្ថែមទៀត៕