ឥណ្ឌូនេស៊ី និងចិន សម្រេចចំណាយ ១,២ ពាន់លានដុល្លារបន្ថែម ដើម្បីពន្លឿនការសាងសង់ផ្លូវរថភ្លើងល្បឿនលឿន


ហ្សាកាតា៖ រដ្ឋាភិបាលប្រទេសឥណ្ឌូនេស៊ី និងរដ្ឋាភិបាលចិន បានសម្រេចក្នុង ការចំនាយថវិការដល់ទៅ ១៨ ទ្រីលានរូពី ឬប្រមាណជា ១,២ ពាន់លានដុល្លារអាមេរិក ក្នុងការកសាង ផ្លូវរថភ្លើងល្បឿនលឿន ដែលបានកកស្ទះការងារ អស់ពេលជាច្រើនឆ្នាំកន្លងទៅ។ ការចំនាយថវិកាបន្ថែមនេះ នឹងជួយបង្កើនល្បឿន នៃគម្រោងការនេះឱ្យសម្រេចបាន តាមគម្រោងការថ្មី ដែលបានគ្រោងទុក។

នៅទីបំផុត គម្រោងការ នៃការសាងសង់ ផ្លូវរថភ្លើងល្បឿនលឿន នៅប្រទេសឥណ្ឌូនេស៊ី មានរយៈចម្ងាយសរុប ១៤២ គីឡូម៉ែត្រ ដែលបានចាប់ផ្ដើម ចាប់តាំងពីអំឡុងឆ្នាំ ២០១៥ មក បានឈានដល់ ជំហានថ្មីមួយទៀតហើយ ដោយរដ្ឋាភិបាលឥណ្ឌូនេស៊ី និងរដ្ឋាភិបាលចិន បានឯកភាពគ្នា ក្នុងការចំនាយថវិកា ១,២ ពាន់លានដុល្លារបន្ថែមទៀត ដើម្បីធ្វើឱ្យគម្រោងមួយនេះ សម្រេចចេញជាលទ្ធផលផ្លែផ្កា ពិសេសពុំពន្យាពេល នៃការសាងសង់ជាបន្តទៀត។

តាមការបញ្ជាក់របស់ លោក Kartika Wirjoatmodjo ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកសហគ្រាស របស់រដ្ឋបានបញ្ជាក់ឱ្យដឹងថា រដ្ឋាភិបាលទាំង ២ កាលពីពេលថ្មីៗកន្លងទៅនេះ ស្ថិតក្នុងកិច្ចប្រជុំពិភាក្សាការងារ នៅទីក្រុងប៉េកាំង រដ្ឋាភិបាលចិន បានឯកភាពផ្ដល់ជំនួយថវិកា ១,២ ពាន់លានដុល្លារ ដើម្បីធ្វើឱ្យគម្រោងការនេះ សម្រចចេញជាលទ្ធផល។ ការផ្ដល់ជំនួយបន្ថែមនេះ ក៏ដោយសារតែបញ្ហានៃវិបត្តិជំងឺកូវីដ-១៩ ការឡើងថ្លៃផលិតផលទំនិញ ជាដើម ដែលតម្រូវឱ្យរដ្ឋាភិបាលទាំង ២ ត្រូតពិនិត្យមើល ទៅលើការងារបន្ថែម។

លោកបញ្ជាក់បន្ថែមទៀតថា រដ្ឋាភិបាលឥណ្ឌូនេស៊ី ក៏កំពុងស្ថិតក្នុងការចរចា ទៅលើលទ្ធភាព នៃកម្ចីឥណទានពី ធនាគារអភិវឌ្ឍន៍ចិន ហៅកាត់ថា CDB ផងដែរ ដើម្បីប្រើប្រាស់រុញច្រាន ឱ្យគម្រោងដ៏ធំមួយនេះ មានសន្ទុះល្បឿនល្អប្រសើរ ជាងមុន។ គម្រោងផ្លូវរថភ្លើងល្បឿនលឿននេះ ដើរតួនាទីយ៉ាងសំខាន់ ដែលតភ្ជាប់ទីក្រុងហ្សាកាតា ទៅកាន់ទីក្រុង Bandung និងតភ្ជាប់ទៅកាន់ ភាគខាងកើតនៃកោះ Java ដែលបច្ចុប្បន្នត្រូវ ចំនាយពេលប្រមាណ ៣ ម៉ោង ក្នុងការធ្វើដំណើរតាម ផ្លូវរថភ្លើងធម្មតា តែនឹងជំនួសមកវិញ នូវការចំនាយពេលតែ ៤០ នាទីប៉ុណ្ណោះ ពេលគម្រោងនេះ បញ្ចប់ជាស្ថាពរ។

គួររំលឹកឡើងវិញផងដែរថា គម្រោងសាងសង់ ផ្លូវរថភ្លើងល្បឿនលឿនរបស់ឥណ្ឌូនេស៊ី ដែលជាមហិច្ឆិតាធំមួយរបស់ចិន នៃគម្រោងខ្សែក្រវ៉ាត់ និងផ្លូវ ដែលបានចាប់ផ្ដើមតាំងពីឆ្នាំ ២០១៥ មកម៉្លេះ ដោយត្រូវចំនាយថវិកាអស់សរុបជាង ៤,៣៩ ពាន់លានដុល្លារអាមេរិក ដើម្បីសាងសង់ ហើយបញ្ចប់ជា ស្ថាពរក្នុងឆ្នាំ២០១៩។ យ៉ាងណាមិញ គម្រោងនេះត្រូវបានពន្យាពេល រហូតមកដល់ពេលបច្ចុប្បន្ន ហើយក៏មានល្បឿន សាងសង់យឺតយ៉ាវ ដោយសារតែបញ្ហាប្រឈមជាច្រើន កើតចេញពីវិបត្តិនៃជំងឺកូវីដ-១៩៕