ក្រសួងអប់រំ មិនអនុញ្ញាតឱ្យលេងបាញ់ទឹក លាបម្សៅ ឬល្បែងផ្សេងទៀត ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ ក្នុងគ្រឹះស្ថានសិក្សា


ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡា កាលពីថ្ងៃទី១៦ មីនា ឆ្នាំ២០២៣ ថ្មីៗនេះ បានប្រកាស មិនអនុញ្ញាតឱ្យ សិស្សានុសិស្ស នៅតាមគ្រឹះស្ថានសិក្សារបស់រដ្ឋ និងឯកជនទាំងអស់ លេងបាញ់ទឹក លាបម្សៅ នៅក្នុងបរិវេណសាលារៀននោះទេ ប៉ុន្តែជម្រុញឱ្យលេង ល្បែងប្រជាប្រិយខ្មែរជំនួសវិញ។

ការប្រកាសនេះ ខណៈដែលក្រសួងអប់រំ បានឱ្យគ្រឹះស្ថានសាធារណៈ និងឯកជនទាំងអស់ នាំគ្នារៀបចំការលេងល្បែង និងរបាំប្រជាប្រិយខ្មែរ ក្នុងឱកាសត្រៀមអបអរសាទរ និងប្រារព្ធពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន។

យោងតាមចេញសេចក្ដីណែនាំ ស្តីពីការលេងល្បែង និងរបាំប្រជាប្រិយខ្មែរ ក្នុងឱកាសត្រៀម អបអរសាទរ និងថ្ងៃប្រារព្ធពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា កាលពីថ្ងៃទី ១៥មីនា បានលើកឡើងថា សេចក្តីណែនាំនេះ ធ្វើឡើងដើម្បី ចូលរួមអភិរក្ស និងលើកកម្ពស់វប្បធម៌ ដូចជាជំនឿ ទំនៀមទម្លាប់ ប្រពៃណីជាតិខ្មែរ ឱ្យបានគង់វង្ស និងរីកចម្រើន ព្រមទាំងចៀសវាងគ្រោះថ្នាក់ផ្សេងៗ។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា នៅក្នុងឱកាសត្រៀមអបអរសាទរ និងថ្ងៃប្រារព្ធពីធី បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ សូមធ្វើការណែនាំ ដល់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន បង្កលក្ខណៈឱ្យប្អូនៗកុមារ សិស្សានុសិស្ស និងយុវជនយើង លេងល្បែង និងរបាំប្រជាប្រិយខ្មែរនៅមុន និងក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិ ដូចជារបាំរាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ របាំត្រុដិ និងល្បែងប្រជាប្រិយ ខ្មែរមួយចំនួន ដូចជាល្បែងបោះអង្គញ់ ចោលឈូង ដណ្តើមស្លឹកឈើ ទាញព្រ័ត្រជាដើម។

ឯកឧត្តមបានស្នើឱ្យ លោកគ្រូអ្នកគ្រូ ក្រុមប្រឹក្សាកុមារ ក្រុមប្រឹក្សាយុវជន ជួយជំរុញ លើកទឹកចិត្ត និងសម្របសម្រួលឱ្យប្អូនៗកុមារ សិស្សានុសិស្ស និងយុវជន លេងល្បែង និងរបាំប្រជាប្រិយខ្មែរទាំងឡាយ ដូចក្នុងចំណុចទីមួយ ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។

ជាមួយគ្នានោះដែរ រដ្ឋមន្ត្រីក្រសួងអប់រំ ក៏បានប្រកាស ហាមឃាត់ និងទប់ស្កាត់រាល់ល្បែង ទាំងឡាយណា ដែលមិនមែនជាល្បែង ឬរបាំប្រជាប្រិយខ្មែរ និងល្បែងមួយចំនួន ដែលប្រឈមនឹងហានិភ័យ អសុវត្ថិភាព និងគ្រោះថ្នាក់ ដូចជាដុត ឬបាញ់ផាវ បាញ់ទឹក ជះទឹក លាបម្សៅ។ល។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសង្ឃឹមថា មានសហការជិតស្និទ្ធ ជាមួយមាតាបិតា ឬអាណាព្យាបាលសិស្ស សហគមន៍ អជ្ញាធរដែនដី ដើម្បីផ្ដល់ និងទទួលព័ត៌មានស្ដីពី ការលេងល្បែងអសុវត្ថិភាព ទាំងឡាយទាំង ក្នុងនិងក្រៅគ្រឹះស្ថានសិក្សា ដើម្បីរួមគ្នាទប់ស្កាត់ និងដោះស្រាយបញ្ហាទាន់ពេលវេលា ផងដែរ៕