យោងតាម ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ខេត្តបន្ទាយមានជ័យ រកចំណូលជូនជាតិ តាមរយៈគយ បានប្រមាណចន្លោះពី ១លាន ទៅ១លាន៥សែនដុល្លារ ក្នុងមួយថ្ងៃ ពីការនាំទំនិញចេញ-ចូល តាមច្រកទ្វារព្រំដែន។
ថ្លែងនៅក្នុងសន្និសីទ សារព័ត៌មាន ស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ» កាលពីថ្ងៃទី ២៨ មីនាកន្លងទៅ នាទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម អ៊ុ រាត្រី បានឱ្យដឹងថា ដោយខេត្តនៅជាប់ ព្រំដែនប្រទេសថៃ ដែលជាកត្តាអំណោយផលល្អ ដល់ការដោះដូរ ដឹកជញ្ជូនទំនិញ ការធ្វើពាណិជ្ជកម្ម ការធ្វើដំណើរចេញ-ចូល ទេសចរណ៍ ការធ្វើកិច្ចសហប្រតិបត្តិការ និងបានជួយជម្រុញ ដល់កំណើនសេដ្ឋកិច្ច របស់ខេត្តផងដែរ។ សម្រាប់ទំនិញដែល ខេត្តបន្ទាយមានជ័យ នាំចេញទៅប្រទេសថៃ ភាគច្រើនជា ប្រភេទកសិផល ដូចជា ដំឡូងមី ម្ទេសក្រៀម អំពៅ ពោតក្រហម ស្វាយចន្ទី និងស្រូវ ជាដើម។
ឯកឧត្តម បានបន្តថា ច្រកព្រំដែនខេត្តបន្ទាយមានជ័យ ក្នុងថ្ងៃខ្លះ អាចប្រមូលពន្ធគយ ទាបជាងច្រកខេត្តព្រះសីហនុ និងថ្ងៃខ្លះមាន ចំនួនច្រើនជាង ដែលជាមធ្យម បានប្រមាណពី ១លាន ទៅ១លាន៥សែនដុល្លារ សម្រាប់ដាក់ចូល ក្នុងចំណូលជាតិ ដែលនេះនៅមិនទាន់និយាយ ពីការប្រមូល ចំណូលផ្ទៃក្នុងនោះទេ។
ឯកឧត្តម ក៏បានឱ្យដឹងដែរថា ក្រៅពីចំណូលគយ ការប្រមូលចំណូលពន្ធដារ ក៏មានកំណើនផងដែរ ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈដែលកាលពីឆ្នាំ ២០២២កន្លងទៅ ចំណូលពន្ធដារ ក្នុងខេត្តបន្ទាយមានជ័យ ទទួលបានចំនួន ២៥ ពាន់លានរៀល។ សូមបញ្ជាក់ថា ខេត្តបន្ទាយមានជ័យ ជាខេត្តមួយក្នុងចំណោមរាជធានី-ខេត្ត ទាំង ២៥ ទូទាំងប្រទេស ដែលមានចម្ងាយ ៣៦០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។
ខេត្តមានផ្ទៃដីសរុប ៦.៦៧៩គីឡូម៉ែត្រការ៉េ ចែកចេញជាក្រុង២ ស្រុក៧ ឃុំ៥៥ សង្កាត់១២ ភូមិ៦៥៨ភូមិ មាន១៩៨.៩២៦គ្រួសារ ចំនួនមនុស្សរាយ ៨០០.១៨៨នាក់ ក្នុងនោះស្រី ៤០៥.៣២៤នាក់ ជនជាតិខ្មែរឥស្លាម ចំនួន ៥៦.៨៥៦នាក់។ មុខរបរសំខាន់ របស់ប្រជាពលរដ្ឋ៨៥% ជាកសិករ ១០%ជាអាជីវករ និងពាណិជ្ជករ និង៥% ប្រកបរមុខរបរផ្សេងៗ៕