ទីក្រុងហាណូយ របស់វៀតណាម ជាប់ជាទីក្រុង ដែលមានដើមឈើច្រើនជាងគេ លើពិភពលោក និងពោពេញដោយម្លប់ត្រជាក់!


វៀតណាម ៖ បើយោងតាមប្រភពព័ត៌មាន ពីខាងក្រៅប្រទេស បានឲ្យដឹងថា ថ្មីៗនេះ ទីក្រុងហាណូយ ប្រទេសវៀតណាម បានជាប់ឈ្មោះជាទីក្រុងដែលមាន ដើមឈើច្រើនជាងគេបំផុត លើពិភពលោក និងធ្វើឱ្យទីក្រុងនេះសម្បូរដោយម្លប់ ដែលផ្តល់ដោយដើមឈើ ជាច្រើនរបស់វា។

របាយការណ៍របស់ អង្គការសហប្រជាជាតិអប់រំ វិទ្យាសាស្ត្រ និងអង្គការវប្បធម៌ (យូណេស្កូ) បានឲ្យដឹងថា ការជាប់ឈ្មោះជាទីក្រុង ដែលមានដើមឈើ ច្រើនជាងគេបំផុតលើពិភពលោក គឺមិនមែនកើតឡើង ដោយភាពចៃដន្យទេ ដែលជាទីក្រុងធំបំផុតទី២ របស់វៀតណាមនេះ បានខិតខំប្រឹងប្រែង ពង្រីកគម្របបៃតងរបស់ខ្លួន ពីកណ្តាលទីក្រុង ឆ្ពោះទៅជាយក្រុង និងផ្លូវក្រវ៉ាត់ក្រុង តាមរយៈការដាំដើមឈើជាច្រើន ដែលបានជួយធ្វើឱ្យរដ្ឋធានីហាណូយ បានជាប់ឈ្មោះក្លាយជាទីក្រុង ដែលមានដើមឈើច្រើនបំផុត ក្នុងពិភពលោក។

ដោយឡែក គេហទំព័រទេសចរណ៍ដ៏ធំមួយទៀត របស់អាមេរិក ដែលមានឈ្មោះថា Tripadvisor បានឲ្យដឹងថា «រដ្ឋធានីដ៏មានមន្តស្នេហ៍ របស់ប្រទេសវៀតណាម មានភាពចាស់ទុំល្អ ដោយរក្សាបាននូវស្ថាបត្យកម្មបុរាណៗ ចំពេលប្រទេសនេះ មានការអភិវឌ្ឍន៍ទំនើបខ្លាំង។ ប្រភពដដែលនេះ បានបន្តថា ទីក្រុងហាណូយ របស់វៀតណាម គឺជារដ្ឋធានីដែលមាន ភាពទាក់ទាញបែបទំនើប រួមជាមួយនឹងការរក្សាបាន នូវតម្លៃវប្បធម៌បុរាណ សំបូរបឹង សួនច្បារធំ មហាវិថីដែលមានដើមឈើធំៗ ផ្តល់ជាម្លប់ត្រឈឹងត្រឈៃ និងថែមទាំងមានប្រាសាទ និងវិហារបុរាណជាង ៦០០កន្លែង ដែលអ្នកទេសចរ អាចធ្វើដំណើរកម្សាន្ត នៅទីក្រុងមួយនេះ ជាមួយនឹងឡានតាក់ស៊ីផងដែរ។

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ឌឹហាណូយថាមស៍ បានលើកឡើងថា ចំណុចសំខាន់មួយនៃ សម្រស់មន្តស្នេហ៍ដ៏ទាក់ទាញ របស់ទីក្រុងហាណូយ គឺម្លប់ដែលផ្តល់ដោយដើមឈើធំៗ ជាច្រើនរបស់ទីក្រុងនេះ។ បន្ថែមពីលើនេះ ទីក្រុងហាណូយ នៅរក្សាបានអត្តសញ្ញាណបុរាណ មានតម្លៃជាច្រើនក្នុងនោះមាន ផ្លូវចាស់បុរាណៗដែលមាន ដើមឈើជាច្រើន ដូចជាផ្លូវ Phan Dinh Phung និង Lo Duc ដោយមានដើមឈើចាស់ៗ ជាច្រើនជួរដែលមាន ស្លឹកបៃតងក្រាស់គ្របពី លើអគារខ្ពស់ៗ ផ្តល់នូវទេសភាពបៃតងតាមដងផ្លូវ និងផ្តល់ជាម្លប់ត្រជាក់ចិត្តកាយ ដល់អ្នកធ្វើដំណើរឆ្លងកាត់ ។

ផ្លូវជាច្រើនខ្សែត្រូវបានកែលម្អ និងពង្រីកឱ្យមានពណ៌បៃតង គ្របដណ្តប់ទាំងសងខាងនៃផ្លូវ។ ភ្ញៀវទេសចរអាចរីករាយជាមួយ ម្លប់ដើមឈើជាច្រើន នៅតាមដងផ្លូវថ្មីចាស់ ក្នុងទីក្រុងហាណូយ។ អ្នកជំនាញជាច្រើនបានជឿជាក់ថា ដើមឈើក្នុងទីក្រុងដែលដាំ នៅតាមដងផ្លូវនានា ក្នុងទីក្រុងហាណូយ គឺស័ក្តិសមនឹងលក្ខខណ្ឌ អាកាសធាតុ របស់ទីក្រុង ឬមិនមានជាតិពុល និងគ្មានការបំពុល ដូច្នេះដើមឈើធំៗពណ៌បៃតង នៅតែជាចំណុចសំខាន់ នៃការទាក់ទាញភ្ញៀវទេសចរ មកទស្សនារដ្ឋធានីហាណូយ។

សូមបញ្ជាក់ថា ហាណូយ គឺជារដ្ឋធានីធំបំផុតទី២ របស់ប្រទេសវៀតណាម។ ហាណូយ ជាក្រុងស្ថិតនៅក្នុងតំបន់ភាគខាងជើង នៃប្រទេសវៀតណាម ដែលមានទីតាំង នៅតំបន់ដីសណ្ដទន្លេក្រហម របស់វៀតណាម ដែលមានចម្ងាយជិត ៩០គីឡូម៉ែត្រ ពីឆ្នេរសមុទ្រ៕