គម្រោងកែលម្អ និងស្ដារឡើងវិញ នៃប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹក ភាគនិរតីនៃរាជធានីភ្នំពេញ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ តាកែវ និងកណ្តាល គិតមកដល់បច្ចុប្បន្នសម្រេចបាន ២៥%


ភ្នំពេញ៖ បើយោងតាមរបាយការណ៍ព័ត៌មាន ដែលទទួលបានពី ហ្វេសបុកផេកផ្លូវការរបស់ ក្រសួងធនធានទឹក និងឧត្តុនិយម នាពេលថ្មីៗនេះ បានឲ្យដឹងថា គិតមកទល់នឹងពេលបច្ចុប្បន្ននេះ វឌ្ឍនភាពគម្រោងកែលម្អ និងស្ដារឡើងវិញ នៃប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹក ភាគនិរតីនៃរាជធានីភ្នំពេញ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ តាកែវ និងខេត្តកណ្តាលសម្រេចបាន ២៥% ហើយ។

ជាក់ស្តែង កាលពីថ្ងៃទី ២២ សីហាកន្លងទៅ ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងជានាយកគម្រោង ជាមួយគណៈប្រតិភូជាន់ខ្ពស់ JICA ព្រមទាំងភាគីពាក់ព័ន្ធ បានចុះពិនិត្យដោយផ្ទាល់ នូវការដ្ឋានសាងសង់គម្រោងខាងលើដែលជា ប្រព័ន្ធធារាសាស្ត្ររលាំងជ្រៃ ស្ថិតក្នុងក្រុងច្បារមន និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងប្រព័ន្ធធារាស្ត្រកណ្តាលស្ទឹង-បាទី ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ។

ឯកឧត្តម អនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ឲ្យដឹងថា គិតមកទល់ពេលបច្ចុប្បន្ននេះ វឌ្ឍនភាពការងារនៃគម្រោង ស្ដារឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ សម្រេចបានប្រមាណ ២៥% ហើយ នៃទំហំការងារសរុប។

នាឱកាសនោះផងដែរ ឯកឧត្តម ក៏បានណែនាំដល់ ទីប្រឹក្សាបច្ចេកទេសគម្រោង និងក្រុមហ៊ុនសាងសង់ ឱ្យរក្សាសុវត្ថិភាពការងារ និងការធ្វើដំណើរឆ្លងកាត់ របស់ប្រជាពលរដ្ឋក្នុងតំបន់គម្រោង ព្រមទាំងត្រៀមគ្រឿងចក្រ និងសម្ភារៈផ្សេងៗ សម្រាប់ជួយទប់ស្កាត់ គ្រោះទឹកជំនន់ស្ទឹងព្រែកត្នោត ផងដែរ ក្នុងរដូវវស្សានេះ។

គួររម្លឹកឲ្យដឹងផងថា គម្រោងស្តារនិងរំដោះទឹកនេះ ស្ថិតក្រោមហិរញ្ញប្បទានសម្បទានពី រាជរដ្ឋាភិបាលជប៉ុន សម្រាប់ការជួសជុល និងការសាងសង់ ប្រព័ន្ធធារាសាស្ត្រចំនួន ពីរកន្លែង ខណៈក្រោយការសាងសង់រួច ប្រព័ន្ធធារាសាស្ត្ររលាំងជ្រៃ នឹងអាចផ្តល់ទឹកធ្វើស្រែបាន ២ដងក្នុង១ឆ្នាំ ក្នុងនោះស្រូវវស្សាប្រមាណ ១៦.៩១០ហិកតា និងស្រូវប្រាំងប្រមាណ ១.៥០០ហិកតា ផងដែរ។

ដោយឡែកប្រព័ន្ធធារាសាស្ត្រកណ្តាលស្ទឹង-បាទីនឹងផ្តល់ទឹកធ្វើស្រែបាន ៣ដងក្នុង ១ឆ្នាំ ក្នុងនោះស្រូវបង្កើនរដូវវស្សាបានប្រមាណ ១.២០០ហិកតា ស្រូវរដូវវស្សាបានប្រមាណ ២.២០១ហិកតា និងស្រូវប្រាំងបានប្រមាណ ៤០០ហិកតា។

 


ប្រភពពី ក្រសួងធនធានទឹក និងឧតុនិយម