វឌ្ឍនភាពគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ (ភ្នំពេញ-ព្រះសីហនុ) គិតមកដល់ដើមខែសីហានេះ សម្រេចបាន ៦៦,០៦% និងគ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ ខាងមុខ


ភ្នំពេញ៖ បើយោងតាមព័ត៌មាន ដែលទទួលបានពីហ្វេសបុកផេកផ្លូវការ របស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ (ភ្នំពេញ-ព្រះសីហនុ) សម្រេចបានលទ្ធផល (Physical Progress) ចំនួន ៦៦,០៦% ហើយ គិតត្រឹមដើមខែសីហា ឆ្នាំ២០២៤  ដោយគម្រោងនេះ ក៏នឹងគ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦ខាងមុខនេះ។

គួររម្លឹកផងដែរថា គម្រោងស្តារ និងលើកកម្រិតគុណភាព ផ្លូវជាតិលេខ៤ គឺអនុវត្តគម្រោង និងកម្មវិធីហិរញ្ញប្បទានដោយ ធនាគារពិភពលោក (WB) ក្នុងកញ្ចប់ថវិកាចំនួន ១១០លានដុល្លារអាមេរិកដោយគ្រោងនឹងអនុវត្តចំនួន ០៨ឆ្នាំ(២០១៨-២០២៦) អនុវត្តន៍ដោយក្រសួងសាធារណការ និងដឹកជញ្ជូន និងត្រូវបានចុះហត្ថលេខា កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ និងបានចូលជាធរមានកាលពីថ្ងៃទី ០១ ខែតុលា ឆ្នាំ២០១៨។។

ហិរញ្ញប្បទាននេះ មានគោលបំណងសម្រាប់ជួសជុល និងថែទាំផ្លូវជាតិលេខ០៤ ប្រវែង ១៩៦,១០គីឡូម៉ែត្រ ដោយពង្រីកតួផ្លូវ ជីកប្រឡាយ និងជួសជុលស្ពានចាស់ សាងសង់ស្ពានថ្មី។ ជាមួយគ្នានេះ គម្រោងក៏នឹងធ្វើបច្ចុប្បន្នភាព ប្រព័ន្ធគ្រប់គ្រងទិន្នន័យផ្លូវថ្នល់ និងបណ្តុះបណ្តាបច្ចេកទេស ដល់ស្ថាប័នរដ្ឋ។

ក្នុងនោះដែរ រដ្ឋលេខាធិការ និងប្រធានគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ ឯកឧត្តម ផែង សុវិជ្ជានោ បានឱ្យដឹងថា គម្រោងស្តារ និងថែទាំផ្លូវជាតិលេខ៤ សរុបប្រវែង ១៩៦,១០គីឡូម៉ែត្ររួមមាន៖

១- កំណាត់ទី១៖ គីឡូម៉ែត្រលេខ១៩+៧០០ ដល់គីឡូម៉ែត្រលេខ៦០+០០០ ក្នុងខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ។ ផ្លូវ៤គន្លងមានប្រវែង២៨,៨០គីឡូម៉ែត្រ និងផ្លូវ២គន្លងមានប្រវែង១១,៥០គីឡូម៉ែត្រ ប្រវែងសរុប៤០,៣០គីឡូម៉ែត្រ ។

២-កំណាត់ទី២៖ គីឡូម៉ែត្រលេខ៦០+០០០ ដល់គីឡូម៉ែត្រលេខ១០១+០០០ ក្នុងខេត្តកំពង់ស្ពឺ។ ផ្លូវ៤គន្លងមានប្រវែង២,៦៨គីឡូម៉ែត្រ និងផ្លូវ២គន្លងមានប្រវែង៣៨,៣២គីឡូម៉ែត្រ ប្រវែងសរុប៤១,០០គីឡូម៉ែត្រ ។

៣-កំណាត់ទី៣៖ គីឡូម៉ែត្រលេខ១០១+០០០ ដល់គីឡូម៉ែត្រលេខ១៤៣+០០០ ក្នុងខេត្តកំពង់ស្ពឺ និងខេត្តកោះកុង។ ផ្លូវ៤គន្លងមានប្រវែង០,៣០គីឡូម៉ែត្រ និងផ្លូវ២គន្លងមានប្រវែង៤១,៧០គីឡូម៉ែត្រ ប្រវែងសរុប៤២,០០គីឡូម៉ែត្រ ។

៤-កំណាត់ទី៤៖ គីឡូម៉ែត្រលេខ១៤៣+០០០ ដល់គីឡូម៉ែត្រលេខ១៨៦+០០០ ក្នុងខេត្តកោះកុង និងខេត្តព្រះសីហនុ។ ផ្លូវ៤គន្លងមានប្រវែង០,៩៣គីឡូម៉ែត្រ និងផ្លូវ២គន្លងមានប្រវែង៤២,០៧គីឡូម៉ែត្រ ប្រវែងសរុប៤៣,០០គីឡូម៉ែត្រ ។

៥-កំណាត់ទី៥៖ គីឡូម៉ែត្រលេខ១៨៦+០០០ ដល់គីឡូម៉ែត្រលេខ២១៥+៨០០ ក្នុងខេត្តព្រះសីហនុ។ ផ្លូវ៤គន្លងមានប្រវែង៧,៣០គីឡូម៉ែត្រ និងផ្លូវ២គន្លងមានប្រវែង២២,៥០គីឡូម៉ែត្រ ប្រវែងសរុប២៩,៨០គីឡូម៉ែត្រ ។

៦- កញ្ចប់ទី៦៖ គីឡូម៉ែត្រលេខ៤៨+៦៩៥ ដល់គីឡូម៉ែត្រលេខ២០២+៦៨៨ ជួសជុលស្ពានចាស់ចំនួន២៤ លូប្រអប់ចំនួន៨ លូមូលចំនួន៩ និងផ្លាស់ប្តូរគ្រឿងបង្គុំស្ពានចាស់ចំនួន៥ ក្នុងខេត្តកំពង់ស្ពឺ កោះកុង ខេត្តព្រះសីហនុ។

៧-កញ្ចប់ទី៧៖ គីឡូម៉ែត្រលេខ៣៨+០៧៦ ដល់គីឡូម៉ែត្រលេខ២០៤+៩៧៣ សាងសង់ស្ពានថ្មីចំនួន៨ ក្នុងខេត្ត កំពង់ស្ពឺ កោះកុង និងខេត្តព្រះសីហនុ។

 

ប្រភពពី ក្រសួងសាធារណការ និងដឹកជញ្ជូន