កម្ពុជា ក្លាយជាប្រទេស ផលិតគ្រាប់ស្វាយចន្ទី បានច្រើនជាងគេលំដាប់ទី២ លើពិភពលោក ខណៈកាប្រមូលផលក្នុងពេល ៧ខែនៃឆ្នាំនេះ សម្រេចបានជាង ៨៣ ម៉ឺនតោន!


ភ្នំពេញ៖ បើយោងតាមរបាយការណ៍ព័ត៌មាន ដែលចេញផ្សាយដោយ ក្រសួងព័ត៌មាន នាថ្ងៃ ២២ សីហានេះ បានឲ្យដឹងថា កម្ពុជាបានក្លាយជាប្រទេស ផលិតគ្រាប់ស្វាយចន្ទី ធំជាងគេទីពីរ លើពិភពលោកបន្ទាប់ពី ប្រទេសកូតឌីវ័រ ដោយប្រមូលផល គ្រាប់ស្វាយចន្ទីបានដល់ទៅជាង ៨៣០.០០០ តោនក្នុងរយៈពេលប្រាំពីរខែដំបូងនៃឆ្នាំ ២០២៤។

ជាក់ស្តែង ប្រធានសមាគមគ្រាប់ស្វាយចន្ទីកម្ពុជា (CAC) លោក អួន ស៊ីឡុត បានមានប្រសាសន៍ថា ក្នុងរយៈពេលប្រាំពីរខែដំបូងនៃឆ្នាំ ២០២៤ កម្ពុជាបានក្លាយជា ប្រទេសផលិតគ្រាប់ស្វាយចន្ទី ធំលំដាប់ទីពីរ របស់ពិភពលោក វ៉ាដាច់ប្រទេសឥណ្ឌា ហើយតាមពីក្រោយប្រទេសកូតឌីវ័រ។

របាយការណ៍ដដែល បានបន្ថែមឲ្យដឹងផងថា ក្នុងរយៈពេលប្រាំពីរខែកន្លងមកនេះ កម្ពុជាប្រមូលបានទិន្នផលសរុបជាង ៨៣ម៉ឺនតោន និងនាំចេញគ្រាប់ស្វាយចន្ទី ទៅប្រទេសវៀតណាមបានជាង ៧៨ម៉ឺនតោន គិតជាទឹកប្រាក់សរុបមានជាង ១ពាន់លានដុល្លារ ដោយក្នុងមួយគីឡូក្រាម នៃគ្រាប់ស្វាយចន្ទីស្ងួតមានតម្លៃ ៧ ៣០០រៀល។

យ៉ាងណា គេសង្កេតឃើញថា ការកើនឡើងនេះ គឺដោយសារតែកំណើន គួរឱ្យកត់សម្គាល់ នៃទិន្នផលស្វាយចន្ទីនៅក្នុង ប្រទេសកម្ពុជាចាប់តាំងពីខែឧសភា ដែលវាមានសមត្ថភាពខ្ពស់ ក្នុងការសម្របខ្លួនទៅនឹង បាតុភូតអេល នីណូ (El Nino)។ ជាងនេះទៅទៀត ផ្ទៃដីដាំដុះដំណាំប្រភេទនេះ ក៏បានកើនឡើងផងដែរ។

សូមជម្រាបថា បច្ចុប្បន្នប្រទេសផលិត គ្រាប់ស្វាយចន្ទីឆៅធំជាងគេទី ១ របស់ពិភពលោក គឺប្រទេសកូតឌីវ័រ។ ចំណែកកម្ពុជាបាននាំមុខប្រទេសឥណ្ឌា ជាប្រទេសលំដាប់ទី២ ដោយរុញប្រទេសឥណ្ឌា ឱ្យធ្លាក់មកនៅលេខរៀងទី៣ វិញ។

គួរបញ្ជាក់ដែរថា ឧស្សាហកម្មគ្រាប់ស្វាយចន្ទីនៅកម្ពុជា ឥឡូវនេះទាមទារឱ្យមាន ការវិនិយោគបន្ថែមប្រមាណ ៣២៩លានដុល្លារទៀត ដើម្បីអនុវត្តគោលនយោបាយជាតិ គ្រាប់ស្វាយចន្ទីឆ្នាំ ២០២២-២០២៧ ដោយផ្តោតលើ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងការកែច្នៃក្នុងស្រុក។

លោក អួន ស៊ីឡុត បានបន្តដោយសង្កត់ធ្ងន់ថា នៅពេលការកែច្នៃក្នុងស្រុកច្រើន អាចផ្តល់ឱកាសការងារ ដល់ពលរដ្ឋបានច្រើន និងជាពិសេសអាចរក្សា បាននូវតម្លៃសមរម្យ និងកាត់បន្ថយចំនួន ឈ្មួញកណ្តាល ផងដែរ។

ប្រភពពី ក្រសួងព័ត៌មាន