ក្រៅពីក្រុងតាខ្មៅ ខេត្តកណ្តាលនឹងបង្កើតក្រុងថ្មី ២ បន្ថែមទៀត ដែលធ្វើឲ្យខេត្តនេះ មានក្រុងបី ដំបូងគេ!


ដូចដែលយើងបានដឹងស្រាប់ មកហើយថា ខេត្តកណ្ដាល គឺជាខេត្តដែលមាន ដែនគ្រប់គ្រងព័ទ្ធជុំវិញ រាជធានីភ្នំពេញ ហើយមានក្រុងតាខ្មៅ ជាទីរួមខេត្ត អមដោយស្រុកចំនួន១០។ ដោយឡែក កាលពីនៅចុងឆ្នាំ ២០២២ រាជរដ្ឋាភិបាលបានសម្រេច បង្កើតក្រុងថ្មី ២ បន្ថែមទៀត នៅក្នុងខេត្តកណ្តាលនេះ ដែលមានដូចជា ក្រុងអរិយក្សត្រ និងក្រុងសំពៅពូន ខណៈថ្មីៗនេះ អភិបាលខេត្កកណ្ដាល ត្រៀមជ្រើសរើសក្រុមប្រឹក្សាក្រុងថ្មី ឱ្យចូលកាន់តំណែងខាងមុខនេះ។

កាលពីថ្ងៃទីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ រដ្ឋបាលខេត្តកណ្ដាល ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី "ភាពជោគជ័យក្នុងរយៈពេល ៥ ឆ្នាំកន្លងមក របស់ខេត្តកណ្តាល" ឲ្យដឹងថា “ជាភាពអស្ចារ្យណាស់ ដែលខេត្តកណ្ដាល មានរហូតទៅដល់៣ ក្រុង ដែលមាន១០ស្រុក ១២៧ឃុំសង្កាត់ កន្លងមកនេះ ហើយនិង១០១០ភូមិ អ៊ីចឹងឃុំសង្កាត់ភូមិ គឺនៅដដែល ប៉ុន្តែយើងពង្រីកក្រុង”។

ឯកឧត្តមក៏បានបន្តថា “ក្រុងសំពៅពួន បានកាត់ចេញពី ស្រុកកោះធំចំនួន ៥ ឃុំ ដែលមានរដ្ឋបាលក្រុងសំពៅពូន ដែលយើងនឹងធ្វើ ការបោះឆ្នោតក្រុមប្រឹក្សាក្រុង នៅខែ៤ខាងមុខនេះ។ ចំពោះក្រុងអរិយក្សត្រវិញ គឺនៅជាប់ជាមួយនិងក្រុងភ្នំពេញ ចឹងយើងយកពី ស្រុកខ្សាច់កណ្ដាល ចំនួន៦ឃុំ ហើយយើងយកស្រុកល្វាឯមចំនួន ៥ឃុំ ផងដែរ”។

គូសសម្តាល់ឲ្យដឹងដែរថា ក្រុងអរិយក្សត្រ ជាក្រុងថ្មី នៃខេត្តកណ្ដាលដែលមាន ១១សង្កាត់ គឺសង្កាត់បាក់ដាវ សង្កាត់កោះឧកញ៉ាតី សង្កាត់ព្រែកអំពិល សង្កាត់ព្រែកលួង សង្កាត់ព្រែកតាកូវ សង្កាត់ស្វាយជ្រុំ សង្កាត់អរិយក្សត្រ សង្កាត់សារិកាកែវ សង្កាត់ពាមឧកញ៉ាអុង សង្កាត់ព្រែកក្មេង និងសង្កាត់បារុង។ សង្កាត់ទាំង១១ នៃក្រុងអរិយក្សត្រនេះ គឺកាត់ឃុំចំនួន៦ ពីស្រុកខ្សាច់កណ្តាល និងឃុំចំនួន៥ ពីស្រុកល្វាឯម។

ដោយឡែក ក្រុងសំពៅពូន ជាក្រុងទីបី នៃរដ្ឋបាលខេត្តកណ្ដាល ដែលនៅជាប់ព្រំដែន ប្រទេសវៀតណាម មាន ៥សង្កាត់ គឺសង្កាត់ឈើខ្មៅ សង្កាត់ព្រែកជ្រៃ សង្កាត់ព្រែកស្តី សង្កាត់ជ្រោយតាកែវ និងសង្កាត់សំពៅពូន។ សង្កាត់ថ្មីទាំង៥ បានកាត់យក ពីឃុំចំនួន ៥នៃស្រុកកោះធំ៕