ពេញមួយខែមិថុនា ប្រាសាទព្រះវិហារ មានភ្ញៀវទេសចរមកកម្សាន្តជាង ៦ ពាន់នាក់ ខណៈឯខាងប្រាសាទកោះកេរវិញ មានជាង ៣ ពាន់នាក់!


ខេត្តព្រះវិហារ៖ បើយោងតាមរបាយការណ៍ ដែលចេញដោយអជ្ញាធរជាតិខេត្តព្រះវិហារ បានឲ្យដឹងថា រយៈពេលពេញមួយខែមិថុនា មានភ្ញៀវទេសចរសរុប ៦ ២១៤នាក់ បានទៅកម្សាន្តប្រាសាទព្រះវិហារ។

របាយការណ៍ដដែល ដែលផ្សាយកាលពីថ្ងៃទី ៣០ មិថុនា បានបង្ហាញឲ្យដឹងបន្ថែមថា ក្នុងចំណោមភ្ញៀវទេសចរជាង ៦ពាន់នាក់នោះ មានភ្ញៀវទេសចរជាតិ ៥ ៩៤៤នាក់ និងភ្ញៀវទេសចរអន្ដរជាតិ ២៧០នាក់។

ដោយឡែក នៅឯខាងរមណីយដ្ឋាន ប្រាសាទកោះកេរ ដែលគ្រប់គ្រងដោយ អាជ្ញាធរជាតិព្រះវិហារដែរនោះ ទទួលបានភ្ញៀវទេសចរជាតិសរុប ៣ ៣១៧នាក់។

គួររម្លឹកដែរថា នៅថ្ងៃទី ៧ ខែកក្កដា ជាខួប១៥ឆ្នាំ ដែលប្រាសាទព្រះវិហារ ត្រូវបានចុះបញ្ជីក្នុងបញ្ជីសម្បត្តិ បេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨- ៧ កក្កដា ២០២៣)។ ក្នុងខួបនេះ អាជ្ញាធរជាតិព្រះវិហារ បានរៀបចំពិធីអបអរសាទរ ដោយមានរាប់បាតព្រះសង្ឃ ៧៧អង្គ នៅគោបូរៈទី៥ នៃប្រាសាទព្រះវិហារ នាថ្ងៃទី៧ ខែកក្កដា នៅវេលាម៉ោង ១០ព្រឹក ដោយមានរដ្ឋមន្រ្តីក្រសួងវប្បធម៌ចូលរួម និងថ្នាក់ដឹកនាំជាច្រើន។