ក្នុងជំនួបរវាងរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល និងសមាគមធុរកិច្ចជប៉ុននៅកម្ពុជា ដែលបានអញ្ជើញ ចុះទស្សនកិច្ចសិក្សា គម្រោងអាកាសយានដ្ឋាន អន្តរជាតិតេជោ ក្រុងតាខ្មៅ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ បានបង្ហាញថា គម្រោងសាងសង់ ព្រលានយន្ដហោះថ្មីនេះ សម្រេចការងារបានប្រមាណ ៥៥% គិតត្រឹមដើមខែធ្នូ ឆ្នាំ២០២៣ ដោយវឌ្ឍភាពនៃគម្រោង មានភាពយឺតយ៉ាវ ជាងផែនការចាស់ ប៉ុន្តែត្រូវបានពន្លឿនឡើងវិញ នឹងត្រៀមបើកការហោះហើរ នៅត្រឹមឆ្នាំ២០២៥ បើគ្មានការប្រែប្រួល។
អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ត្រូវបានបើកការដ្ឋានសាងសង់កាលពីឆ្នាំ២០១៩ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី តាមរយៈការវិនិយោគ ដោយក្រុមហ៊ុន CAIC (Cambodia Airport Investment Co., Ltd) ជាទុនវិនិយោគរបស់ក្រុមហ៊ុន OCIC និងរាជរដ្ឋាភិបាល ដើម្បីសាងសង់អាកាសយានដ្ឋាន ធំជាងគេបំផុតនៅប្រទេសកម្ពុជា និងធំលំដាប់ទី៩ នៅលើពិភពលោក ដែលផ្ទៃដីសរុប ២៦០០ ហិកតា ស្ថិតនៅ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងមួយផ្នែកតូច នៃស្រុកបាទី ខេត្តតាកែវ។
ក្រោយបើកការដ្ឋានសាងស់ប្រមាណ ៤ ឆ្នាំ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិនេះ ត្រូវបានបង្អាក់ដោយបញ្ហាជំងឺកូវីដ-១៩ ជះឥទ្ធិពលដល់ភាពយឺតយ៉ាវ នៃការដឹកជញ្ជូនសម្ភារៈសំណង់ និងបង្អាក់ដំណើររបស់អ្នកជំនាញចិន ព្រមទាំងត្រូវការស្វែងរក ទុនវិនិយោគបន្ថែមទៀត។ បើតាមការគ្រោងទុក គម្រោងនេះអាចនឹងចំណាយ ថវិកាសាងសង់សរុបប្រមាណ ១ ៥០០ លានដុល្លារ ដែលជាអាកាសយានដ្ឋានខ្នាតធំ កម្រិត 4F អាចទទួលការហោះហើរឆ្លងទ្វីប និងយន្ដហោះធុនយក្សដូចជា Airbus A380 ទៅដល់ A800 និងប្រភេទ Boeing 747 ទៅដល់ Boeing 800 បានដោយសុវត្ថិភាព។
ស្ថិតចម្ងាយប្រមាណ ៣០ គីឡូម៉ែត្រនៃភាគខាងត្បូង រាជធានីភ្នំពេញ អាកាសយានដ្ឋានដ៏ធំនេះ កំពុងពន្លឿនការសាងសង់ ស្ថានីយ៍អ្នកដំណើរដែលមានផ្ទៃក្រឡា ២៤៣ គីឡូម៉ែត្រការ៉េ ទីលានចំណតយន្ដហោះទំហំ ១៨៩ ហិកតា ប៉មត្រួតពិនិត្យចរាចរណ៍ ផ្លូវអាកាសកម្ពស់ ១១៨ ម៉ែត្រ សំណង់អគារផ្សេងៗចំនួន១៩ និងផ្លូវប្រវែង ១១ គីឡូម៉ែត្រ តភ្ជាប់មកកាន់ផ្លូវក្រវាត់ក្រុងទី៣ ផ្លូវជាតិលេខ២ និងមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ ម៉ែត្រ)។
តាមការំពឹងទុក អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ អាចនឹងទទួលបានអ្នកដំណើរ បានដល់ជិត ១០ លាននាក់ ក្នុងឆ្នាំ២០២៥ និងកើនឡើង ១៣ លាននាក់ក្នុងឆ្នាំ២០៣០ និងអាចឈានទៅដល់ ៣០ លាននាក់ក្នុងឆ្នាំ២០៥០ ទាំងការធ្វើដំណើរមក កាន់រាជធានីភ្នំពេញ ប្រទេសកម្ពុជា និងការផ្លាស់ប្ដូរជើងហោះហើរ ទៅគោលដៅផ្សេងៗទៀត។