គំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ (BRI) កំពុងដើរតួនាទីយ៉ាងសំខាន់ លើការផ្លាស់ប្តូរហេដ្ឋារចនាសម្ព័ន្ធ និងជម្រុញការអភិវឌ្ឍន៍នៅកម្ពុជា


គំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ (BRI) របស់ប្រទេសចិន ចាប់ផ្ដើមក្នុងឆ្នាំ២០១៣ គឺជាគម្រូនៃកិច្ចសហប្រតិបត្តិការ ដ៏រឹងមាំរវាងកម្ពុជា និងចិន ដោយផ្តល់នូវអត្ថប្រយោជន៍ ជាច្រើនវិស័យ ដល់កម្ពុជា ទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ ពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ច ក្នុងរយៈពេល ១ ទសវត្សរ៍ចុងក្រោយនេះ។

នៅមុនឆ្នាំ ២០១៣ កម្ពុជាបានប្រឈមមុខ នឹងបញ្ហាជាច្រើន ក្នុងនាមជាប្រទេសក្រីក្របំផុតមួយ នៅក្នុងតំបន់ ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធ មិនទាន់មានការអភិវឌ្ឍន៍ បានរារាំងដល់វឌ្ឍនភាពសេដ្ឋកិច្ច។ តួយ៉ាង ផ្លូវជាតិលេខ៤ ដែលជាផ្លូវសេដ្ឋកិច្ចសំខាន់ តភ្ជាប់ពីរាជធានីភ្នំពេញ ទៅខេត្តព្រះសីហនុ ត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ ធ្វើឱ្យតម្លៃដឹកជញ្ជូនខ្ពស់ និងកំណើនសេដ្ឋកិច្ចយឺត។ ក្រោមកិច្ចសហការរវាងកម្ពុជា-ចិន ក្នុងក្របខណ្ឌខ្សែក្រវាត់និងផ្លូវ (BRI) បានអនុញ្ញាតិដល់ក្រុមហ៊ុនចិន វិនិយោគផ្លូវល្បឿនលឿន ដំបូងបង្អស់នៅកម្ពុជា (ភ្នំពេញ-ព្រះសីហនុ) បើកសម្ពោធប្រើប្រាស់ នៅចុងឆ្នាំ២០២២ ដែលកាត់បន្ថយពេលវេលាធ្វើដំណើរ និងពង្រឹងការតភ្ជាប់រាជធានី ទៅកាន់កំពង់ផែសមុទ្រទឹកជ្រៅ ជាច្រកចេញ-ចូលទំនិញអន្តរជាតិ ដ៏សំខាន់របស់កម្ពុជា ថែមទាំងជំរុញសកម្មភាពសេដ្ឋកិច្ច ធានាប្រសិទ្ធភាព នៃការដឹកជញ្ជូនទំនិញ និងសុវត្ថិភាពសម្រាប់ ធ្វើដំណើរផងដែរ។

នៅចុងឆ្នាំ២០២៣ ហេដ្ឋារចនាសម្ព័ន្ធថ្មីមួយទៀត ត្រូវបានសម្ពោធក្រោម កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ក្នុងក្របខណ្ឌខ្សែក្រវាត់និងផ្លូវ (BRI) នោះគឺអាកាសយានដ្ឋាន អន្តរជាតិសៀមរាប-អង្គរ ស្ថិតនៅក្នុងខេត្តសៀមរាប ដែលនឹងដើរតួនាទីយ៉ាងសំខាន់ សម្រាប់ស្ដារសេដ្ឋកិច្ចកម្ពុជា ក្រោយវិបត្តិជំងឺកូវីដ-១៩ ជាពិសេសលើវិស័យទេសចរណ៍ នៃប៉ូលសេដ្ឋកិច្ចទី២ នៅប្រទេសកម្ពុជា។ អាកាសយានដ្ឋាននេះ រំពឹងអាចទទួលបានអ្នកដំណើរ ១,៤ លាននាក់ នៅឆ្នាំ២០២៤ អាចឡើងដល់ ២ លាននាក់ នៅឆ្នាំ២០២៥ និងមានសមត្ថភាព ទទួលអ្នកដំណើរ ៧ លាននាក់ ក្នុងមួយឆ្នាំ។

សម្រាប់កម្ពុជា គំនិតផ្ដួចផ្ដើម BRI ពីប្រទេសចិន បានរួមចំណែកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច គម្រោងវិនិយោគ ដែលផ្លាស់ប្ដូរជីវភាពរស់នៅ និងបង្កើនកម្រិត ប្រាក់ចំណូលប្រជាជនកម្ពុជា។ លើសពីនេះទៀត ការវិនិយោគ BOT (សាងសង់-ប្រតិបត្តិការ-ផ្ទេរ) កម្ពុជា ក៏ទទួលបាននូវ ចំណេះដឹងបច្ចេកទេស បច្ចេកវិទ្យាឌីជីថល ថាមពលបៃតង និងនិរន្តរភាពនៃការអភិវឌ្ឍន៍។

ជារួម គំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ (BRI) បានផ្ដល់នូវកញ្ចប់ថវិកា និងជំនាញ ដើម្បីសម្រេចនូវគម្រោង ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដែលជំរុញដល់ កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍កម្ពុជា ស្របទៅនឹងយុទ្ធសាស្ត្របញ្ចាកោណ របស់រាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានផ្ដល់អាទិភាពខ្ពស់ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ រក្សាលំនឹងកំណើនសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាព របស់ប្រជាពលរដ្ឋ និងមានចក្ខុវិស័យ ផ្លាស់ប្តូរកម្ពុជា ចេញពីប្រទេសអភិវឌ្ឍន៍តិចតួច ទៅជាប្រទេសមាន ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមាន ចំណូលខ្ពស់នៅឆ្នាំ២០៥០។

 

ប្រភព៖ Xinhua