កម្ពុជា ស្ថិតក្នុងចំណោមប្រទេសនាំចេញស្រូវអង្ករ ធំបំផុតមួយលើពិភពលោក


ប៉ុន្មានឆ្នាំចុងក្រោយនេះ តម្រូវការផ្គត់ផ្គង់ស្រូវអង្ករមានចំនួន ៧០០ លានតោនក្នុងមួយឆ្នាំ ដោយជម្រុញឲ្យ ការនាំចេញស្រូវអង្ករ បានកើនឡើងដល់ ៥០៣ លានតោន ទៅកាន់ទីផ្សារពិភពលោក កាលពីឆ្នាំ២០២៣ ហើយក្នុងនោះ កម្ពុជា ស្ថិតនៅចំណាត់ថ្នាក់ទី៧ ជាប្រទេសនាំចេញ ស្រូវអង្ករច្រើនបំផុតលើពិភពលោក។

ប្រទេសនាំចេញអង្ករច្រើនបំផុតលើពិភពលោក ក្នុងឆ្នាំ២០២៣ មានដូចខាងក្រោម៖

1.    ប្រទេសឥណ្ឌា នាំចេញអង្ករសរុប ១៦,៥ លានតោន

2.    ប្រទេសថៃ នាំចេញអង្ករសរុប ៨,២ លានតោន

3.    ប្រទេសវៀតណាម នាំចេញអង្ករសរុប ៧,៦ លានតោន

4.    ប្រទេសប៉ាគីស្ថាន នាំចេញអង្ករសរុប ៥ លានតោន

5.    សហរដ្ឋអាមេរិក នាំចេញអង្ករសរុប ២,៦៧ លានតោន

6.    ប្រទេសចិន នាំចេញអង្ករសរុប ២,២ លានតោន

7.    ប្រទេសកម្ពុជា នាំចេញអង្ករសរុប ១,៩៥ លានតោន

8.    ប្រទេសមីយ៉ាន់ម៉ា នាំចេញអង្ករសរុប ១,៨ លានតោន

9.    ប្រទេសប្រេស៊ីល នាំចេញអង្ករសរុប ១,៣ លានតោន

10.    ប្រទេស Uruguay នាំចេញអង្ករសរុប ៩៥០ ពាន់តោន

នៅចន្លោះឆ្នាំ ២០០៨ ដល់ ២០២២ តម្រូវការស្រូវអង្ករទូទាំងសកលលោក បានកើនឡើងពី ៤៣៧ លានតោន ទៅដល់ ៥២០ លានតោន មានន័យថា តម្រូវការស្រូវអង្ករ បានកើនឡើងប្រមាណជាង ៨០ លានតោន ត្រឹមតែរយៈពេល ៤ ឆ្នាំប៉ុណ្ណោះ។ ក្នុងនោះ ប្រទេសធំៗដែលមាន តម្រូវការស្រូវអង្ករបំផុត គឺប្រទេសចិន ឥណ្ឌា និងបង់ក្លាដេស ដោយសារប្រទេសទាំងនេះ មានប្រជាជនច្រើន ហើយប្រទេសចិនតែឯងប៉ុណ្ណោះ មានត្រូវការអង្ករសរុប ១៥៥ លានតោន ឬប្រហែល ២៨% នៃតម្រូវការអង្ករទូទាំងពិភពលោក។

នៅក្នុងចំណោមប្រទេសនាំចេញ អង្ករច្រើនបំផុតលើលោក គេសង្កេតឃើញថា អង្ករដែលនាំចេញពីសហរដ្ឋអាមេរិក មានតម្លៃខ្ពស់បំផុត គឺប្រភេទអង្ករ California medium grain rice ចំណែកអង្ករដែលមានតម្លៃទាបបំផុតគឺ ២៥% នៃប្រភេទអង្ករនាំចេញ ពីប្រទេសឥណ្ឌា។

គួររំលឹកផងដែរថា នៅរយៈពេល ១១ ខែដើមឆ្នាំ២០២៤ កម្ពុជា បាននាំចេញស្រូវអង្ករ សរុបជាទឹកប្រាក់ ១,៧៩ ពាន់លានដុល្លារ ដោយក្នុងនោះប្រទេសចិន និងអឺរ៉ុប ជាទីផ្សារនាំចេញអង្ករដ៏ធំបំផុតរបស់កម្ពុជា។ លើសពីនេះទៀត អង្ករផ្ការំដួល និងអង្ករសែនក្រអូបកម្ពុជា ទទួលបានពានរង្វាន់ជា អង្ករល្អបំផុតលើពិភពលោក (World Best Rice) រយៈពេល ៦ ឆ្នាំ ចំណែកឯអង្ករដែលមានតម្លៃបំផុត គឺអង្ករម្លិះអង្គរ។

 

ប្រភព៖ Statista + The Nation