កាលពីឆ្នាំ២០២៤ កន្លងទៅ ប្រទេសថៃ បានស្វាគមន៍ភ្ញៀវទេសចរបរទេស សរុបជាង ៣៥ លាននាក់ បង្កើតបានជាចំណូលជាង ១,៦៦ ទ្រីលានបាត ប្រហែល ៤៨,១ ពាន់លានដុល្លារ ពីវិស័យទេសចរណ៍។ ចំនួននេះ នៅមិនទាន់អាចប្រៀបធៀបនឹង វិស័យទេសចរណ៍ថៃ មុនវិបត្តិជំងឺកូវីដ នៅឡើយទេ ដោយកាលពីឆ្នាំ២០១៩ ប្រទេសថៃ ទទួលបានភ្ញៀវទេសចរអន្តរជាតិ ៣៩,៨ លាននាក់ និងរកចំណូលបានជាង ៦០,៥ ពាន់លានដុល្លារ ជាប់ជាប្រទេសអាចរកចំណូល ពីទេសចរណ៍ខ្ពស់បំផុត លំដាប់ទី៤ លើពិភពលោក។
ក្រសួងទេសចរណ៍និងកីឡាថៃ បានបង្ហាញថា ភ្ញៀវទេសចរបរទេស ដែលបានមកកម្សាន្ដ នៅប្រទេសថៃច្រើនបំផុតទាំង ៥ ក្នុងឆ្នាំ ២០២៤ បានមកពី៖
១. ប្រទេសចិន មានចំនួន ៦ ៧០២ ៥៥៤ នាក់
២. ប្រទេសម៉ាឡេស៊ី មានចំនួន ៤ ៩២៩ ៤៥៥ នាក់
៣. ប្រទេសឥណ្ឌា មានចំនួន ២ ១១៦ ២៥០ នាក់
៤. ប្រទេសកូរ៉េខាងត្បូង មានចំនួន ១ ៨៥៩ ៧៣៨ នាក់
៥. ប្រទេសរុស្ស៊ី មានចំនួន ១ ៧២៥ ៩០១ នាក់
ដោយឡែក ចំពោះការធ្វើដំណើរកម្សាន្ដ សម្រាប់ប្រជាជនថៃក្នុងស្រុកវិញ បង្កើតជាប្រាក់ចំណូលពីវិស័យទេសចរណ៍ក្នុងប្រទេស មានចំនួន ៩៥២,៨ ពាន់លានបាត ឬប្រហែល ២៧,៦ ពាន់លានដុល្លារ។
សន្ទុះនៃចំនួនភ្ញៀវទេសចរបរទេស និងភ្ញៀវទេសចរថៃ បានកើនឡើងយ៉ាងឆាប់រហ័សបំផុត នៅរយៈពេលចុងឆ្នាំ២០២៤ ដោយសប្ដាហ៍ចុងក្រោយ នៃឆ្នាំ២០២៤ គេទទួលបានភ្ញៀវទេសចរបរទេស លើសពី ៩០០ ០០០ នាក់ក្នុងមួយសប្ដាហ៍ ឬជាមធ្យម ១៣៤ ៧៥៣ នាក់ក្នុងមួយថ្ងៃ ជាចំនួនច្រើនលើសមុនវិបត្តិជំងឺកូវីដ មិនធ្លាប់មាន។
ប្រភព៖ The Nation Thailand