សាលាតិចណូ សាខាទី២ ស្ថិតលើផ្ទៃដីប្រមាណ ៥ហិកតា កម្ពស់៦ជាន់ មានទីតាំងក្បែរវិមានឈ្នះឈ្នះ បានបើកការដ្ឋានសាងសង់ហើយ!


ភ្នំពេញ៖ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាសាខាទី២ (សាលាតិចណូ) បានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលវាស្ថិតនៅលើផ្ទៃដី ៥ហិកតា ដែលស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្បែរវិមានឈ្នះឈ្នះ។

ការបើកការដ្ឋានសាងសង់នេះ គឺធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

បើយោងតាមផេកហ្វេកប៊ុកសាលាតិចណូ បានបញ្ជាក់ឱ្យដឹងថា ការដ្ឋានសាងសង់នេះ ត្រូវចំណាយពេលសាងសង់ជាង១៨ខែ និងរំពឹងថាអាចនឹង បញ្ចប់រួចរាល់នៅខែឧសភាឆ្នាំ២០២៥ ដែលគម្រោងទាំងមូល ត្រូវបានរចនាដោយ Heerim និង Group Four និងសាងសង់ដោយក្រុមហ៊ុន Jiangsu Natong No. 2 Construction Engineering (Group) Co., Ltd។

លើសពីនេះ គម្រោងសាងសង់នេះ ត្រូវចំណាយថវិការបស់គម្រោង កែលម្អការអប់រំឧត្តមសិក្សា (HEIP) នៃធនាគារពិភពលោក (WB) ផងដែរ។

គូសសម្គាល់ដែរថា សាលាតិចណូសាខាទី២ នឹងត្រូវបានសាងសង់លើផ្ទៃដី ៥ហិកតា រួមមានអគារស្រាវជ្រាវ និងបណ្ដុះបណ្ដាល ដែលមានកម្ពស់ ៦ជាន់ មានផ្ទៃក្រឡា ១៨.៣១០ម៉ែត្រក្រឡា បំពាក់ដោយជណ្ដើរយន្ត និងមានថ្នាក់រៀនចំនួន៤៦ ការិយាល័យបំពេញការងារចំនួន៧ បន្ទប់ពិសោធន៍ចំនួន៣ សាលសហសិក្សាចំនួន៤ សាលប្រជុំតូចធំចំនួន២ បណ្ណាល័យចំនួន១ និងអាហារដ្ឋានចំនួន១។