គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ត្រៀមដាក់ជូនថ្នាក់លើសម្រេច នៅត្រឹមចុងខែមិថុនា ខាងមុខនេះ!


ភ្នំពេញ៖ កាលពីចុងខែកុម្ភៈកន្លងមកនេះ លោក ឡេង ធនយុទ្ធា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគម្រោង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ លទ្ធភាពសិក្សាគម្រោង សាងសង់ផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ- ខេត្តសៀមរាប-ក្រុងប៉ោយប៉ែត ក្រោមក្របខ័ណ្ឌភាពជាដៃគូ រវាងរដ្ឋ និងឯកជន ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ និងថ្នាក់ដឹកនាំក្រុមហ៊ុនចិន CRBC។

ជាក់ស្តែង កិច្ចប្រជុំនេះធ្វើឡើង ក្នុងគោលបំណង ដើម្បីប្រមូលមតិយោបល់ ក៏ដូចជាធាតុចូល និងអនុសាសន៍បន្ថែមដល់ក្រុមហ៊ុន ដើម្បីពិនិត្យ និងកែសម្រួលឡើងវិញ ជាពិសេសក្នុងដំណាក់កាលទី១ នៃគម្រោងសិក្សាផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប បន្ទាប់ពីក្រសួង បានទទួលរបាយការណ៍ស្តីពី ការសិក្សាលទ្ធភាពបច្ចេកទេស ដើម្បីធានាឱ្យការអនុវត្តគម្រោង ទទួលបានភាពល្អប្រសើរ។

ក្នុងកិច្ចប្រជុំនោះ លោករដ្ឋលេខាធិការ បានលើកឡើងថា ក្រសួងនឹងរៀបចំ កិច្ចប្រជុំជាមួយស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ ជាពិសេសអាជ្ញាធរអប្សរា ដើម្បីសិក្សាពីផលប៉ះពាល់ និងផ្តល់មតិយោបល់លើការសិក្សាកំណាត់ផ្លូវវាងក្រុង។

ដោយឡែក ក្រុមហ៊ុនCRBC គ្រោងនឹងបញ្ចប់សេចក្តីព្រាង គម្រោងសិក្សា សមិទ្ធលទ្ធភាពប្លង់វិស្វកម្មសំណង់ នៅខែកុម្ភៈ ២០២៤ និងបន្ទាប់មកត្រៀម បញ្ចប់ការសិក្សា សមិទ្ធិលទ្ធភាពគម្រោង (FS ) ហើយនឹងដាក់ជូនរាជរដ្ឋាភិបាល ពិនិត្យសម្រេចនាដើមខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ។

បន្ថែមពីនេះ សម្រាប់ដំណាក់ទី២៖ សៀមរាប-ប៉ោយប៉ែត នឹងបញ្ចប់ការងារសិក្សានៅខែមីនា ២០២៤ បន្ទាប់ពីបញ្ចប់សេចក្តីព្រាង គម្រោងសិក្សាសមិទ្ធិលទ្ធភាព បច្ចេកទេសប្លង់វិស្វកម្ម និងដាក់ជូនមកក្រសួងពិនិត្យ កែសម្រួលឈានទៅបញ្ចប់ នៅខែឧសភា ២០២៤ខាងមុខ។