អត្ថន័យ នៃអគារបៃតង ឬ Green Building!


អគារបៃតង ជាទូទៅសំដៅទៅលើអគារ ដែលមានការរចនា ការសាងសង់ និងការប្រតិបត្តិការ កាត់បន្ថយ ផលបះពាល់អវិជ្ជមាន មកកម្រិតទាបបំផុត និងអាចបង្កើតផលវិជ្ជមានទៅវិញ ទៅដល់បរិស្ថានធម្មជាតិជុំវិញយើង។ អគារបៃតង ត្រូវបានប្រើប្រាស់ដោយ យកចិត្តទុកដាក់ខ្ពស់ចំពោះបរិស្ថាន និងរក្សាធនធានធម្មជាតិដ៏មានតម្លៃ ព្រមទាំងលើកកម្ពស់ គុណភាពជីវិតរបស់យើង។

លក្ខណៈពិសេសមួយចំនួន ដែលអាចធ្វើឲ្យគេរាប់បញ្ចូលជាអគារបៃតង ត្រូវមាន៖

•  ការប្រើប្រាស់ថាមពល ទឹក និងធនធានផ្សេងៗទៀតប្រកបដោយប្រសិទ្ធភាព

•  ការប្រើប្រាស់ថាមពលកកើតឡើងវិញ ដូចជា ថាមពលព្រះអាទិត្យ

•  វិធានការណ៍កាត់បន្ថយការបំពុល និងកាកសំណល់ និងការកែច្នៃឡើងវិញ

•  គុណភាពខ្យល់ខាងក្នុងល្អ

•  ការប្រើប្រាស់សម្ភារៈខាងក្នុង គិតគូរដល់និរន្តរភាព

•  គិតគូរដល់អ្នករស់នៅ និងលើបរិស្ថាន ក្នុងការរចនា ការសាងសង់ និងប្រតិបត្តិការ

•  ការរចនាដែលអនុញ្ញាតអោយអគារ សម្របខ្លួនទៅនឹងបម្រែបម្រួលបរិយាកាស។

អគារបៃតង ត្រូវអនុវត្តនៅលើ គុណភាពអគារទាំងអស់ មិនថាជាអគារស្នាក់នៅ អគារការិយាល័យ អគារសាលារៀន មន្ទីរពេទ្យ អគារសហគមន៍ពហុបំណង និងសំណង់ផ្សេងៗ ជាច្រើនទៀតនោះទេ អោយតែមានលក្ខណៈសម្បត្តិ ខាងលើទាំងអស់នេះ នឹងត្រូវរាប់បញ្ចូល ចាត់ទុកជាអគារបៃតងទាំងអស់។ យ៉ាងណាមិញ លក្ខណៈសម្បត្តិនៃ អគារបៃតងនីមួយៗ មិនមែនត្រូវតែដូចគ្នា ទាំងស្រុងនោះទេ វាអាចខុសគ្នាទៅតាមប្រទេស ឬតំបន់ អាស្រ័យទៅលើលក្ខខណ្ឌអាកាសធាតុ, វប្បធម៌និងប្រពៃណីប្លែកពីគ្នា, ប្រភេទនៃអគារប្រើប្រាស់, បរិស្ថានតូច ឬក៏ធំទូលាយ, អាយុកាលប្រើប្រាស់, អាទិភាពសេដ្ឋកិច្ច និងសង្គមជាដើម។

តើការអភិវឌ្ឍន៍អគារបៃតង ផ្ដល់ផលប្រយោជន៍អ្វីខ្លះមកដល់យើង?

គុណប្រយោជន៍ នៃការរចនាអគារបៃតង អាចជួយកាត់បន្ថយប្រភពបំពុល ដូចជា សមាសធាតុសរីរាង្គ volatile organic compounds (VOCs) និងមានអត្រាខ្យល់ចេញចូល ប្រសើរជាងមុន ដើម្បីរក្សាកម្រិតកាបូនឌីអុកស៊ីត ដែលស្រដៀងនឹង កម្រិតនៅខាងក្រៅ អាចជួយកាត់បន្ថយ មេរោគក្នុងអគារ បានយ៉ាងច្រើនរហូតដល់ ៧០% ទៅដល់ ៨៥%។

ដូចនេះ អគារបៃតង ផ្ដល់នូវគុណប្រយោជន៍ ដល់បរិយាកាសខាងក្នុង អាចបង្កើនផលិតភាពការងារ សុខភាព និងសុខុមាលភាពដល់អ្នករស់នៅ ហើយបង្កើនប្រសិទ្ធភាពការរស់នៅ និងមានអត្ថប្រយោជន៍ សម្រាប់អាជីវកម្មផងដែរ។

 

ប្រភព៖ U.S. Green Building Council