ប្រទេសដែលមានសេដ្ឋកិច្ច ធំបំផុតទាំង ១០ នៅលើពិភពលោក


ប្រទេសមហាអំណាចសេដ្ឋកិច្ច សំដៅទៅលើប្រទេស មានផលិតផលក្នុងស្រុកសរុប (GDP) ច្រើនជាងគេបំផុត ដែលវាបានបង្ហាញអំពីឥទ្ធិពល នៃទំហំផលិតផល និងសេវាកម្មសរុបប្រទេសនោះ រួមចំណែកមកក្នុងពិភពលោក។ មហាអំណាចសេដ្ឋកិច្ច ក៏រួមចំណែកដោយការវិនិយោគរបស់ក្រុមហ៊ុនធំៗជុំវិញពិភពលោក មូលធនរបស់រដ្ឋនៃប្រទេសនោះ និងតម្លៃនៃការនាំចេញទៅកាន់ពិភពលោកផងដែរ។ ខាងក្រោមនេះ គឺជាប្រទេសមហាអំណាចសេដ្ឋកិច្ចទាំង ១០ នៅឆ្នាំ២០២៤។

១. សហរដ្ឋអាមេរិក

សហរដ្ឋអាមេរិក នៅតែជាមហាអំណាចសេដ្ឋកិច្ច ធំបំផុតលើពិភពលោក (ចាប់ពីឆ្នាំ១៩៦០-២០២៤) និងស្ថិតក្នុងចំណោមប្រទេសមានចំណូលខ្ពស់បំផុត ដែលមានផលិតផលដុលក្នុងស្រុកសរុប ២៨,៧៨ ទ្រីលានដុល្លា ជាមួយអត្រាកំណើន ២,៦% និងផលិតផលក្នុងស្រុក សម្រាប់មនុស្សម្នាក់ (GDP Per Capita) មានដល់ ៨ ម៉ឺន ៥ ពាន់ដុល្លារក្នុងមួយឆ្នាំ។ សេដ្ឋកិច្ចសហរដ្ឋអាមេរិក ត្រូវបានរួមចំណែកយ៉ាងសំខាន់ដោយ សេវាកម្ម, ឧស្សាហកម្ម ផលិតកម្ម, ហិរញ្ញវត្ថុ, និងបច្ចេកវិទ្យា។

២. ប្រទេសចិន

ចិន ត្រូវបានគេទទួលស្គាល់ ជាប្រទេសមានកំណើនសេដ្ឋកិច្ច លឿនបំផុតមួយ ក្នុងប្រវត្តិសាស្ត្រ។ ប្រទេសចិន មានផលិតផលក្នុងស្រុកសរុប ១៨,៥៣ ទ្រីលានដុល្លារ ជាមួយអត្រាកំណើន ៥% ក្នុងមួយឆ្នាំ និងមានផលិតផលក្នុងស្រុកសម្រាប់មនុស្សម្នាក់ ១ ម៉ឺន ៣ ពាន់ដុល្លារក្នុងមួយឆ្នាំ។ អំណាចសេដ្ឋកិច្ចរបស់ចិន ត្រូវបានរួមចំណែកដោយ ឧស្សាហកម្ម ផលិតកម្ម, ការនាំចេញ, និងការវិនិយោគ ម្យ៉ាងទៀតចិន ជាប្រទេសមានធនធានមនុស្សច្រើន រដ្ឋាភិបាលរឹងមាំ ការរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងតម្រូវការទីផ្សារក្នុងស្រុក ហើយនាំចេញ កំពុងពង្រីកយ៉ាងឆាប់រហ័ស។

៣. ប្រទេសអាល្លឺម៉ង់

ប្រទេសអាល្លឺម៉ង់ មានផលិតផលក្នុងស្រុកសរុប ៤,៥៩ ទ្រីលានដុល្លារ អត្រាកំណើន ០,២% និងផលិតផលក្នុងស្រុក សម្រាប់មនុស្សម្នាក់ ៥ ម៉ឺន ៤ ពាន់ដុល្លារក្នុងមួយឆ្នាំ។ សេដ្ឋកិច្ចប្រទេសនេះ ពឹងផ្អែកយ៉ាងខ្លាំងលើការនាំចេញ ផលិតផលយានយន្ដ វិស្វកម្ម គីមី និងឱសថ។ ប្រទេសអាល្លឺម៉ង់ ក៏ឈានមុខលើផ្នែកមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ កម្លាំងពលកម្មកម្រិតខ្ពស់ និងការច្នៃប្រឌិត។

៤. ប្រទេសជប៉ុន

ប្រទេសជប៉ុន មានផលិតផលក្នុងស្រុកសរុប ៤,១១ ទ្រីលានដុល្លារ អត្រាកំណើន ០,៧% និងផលិតផលក្នុងស្រុក សម្រាប់មនុស្សម្នាក់ ៣ ម៉ឺន ៣ ពាន់ដុល្លារក្នុងមួយឆ្នាំ។ សេដ្ឋកិច្ចជប៉ុន ពឹងផ្អែកទៅលើបច្ចេកវិទ្យាកម្រិតខ្ពស់, ផលិតកម្ម, និងឧស្សាហកម្មសេវាកម្ម ហើយវិស័យដែលលេចធ្លោរួមមាន វិស័យយានយន្ដ អេឡិចត្រូនិក គ្រឿងម៉ាស៊ីន និងហិរញ្ញវត្ថុ។ ជប៉ុន ក៏ត្រូវបានគេទទួលស្គាល់ថា ជាប្រទេសធ្វើការច្រើនម៉ោង ការងារដោយបច្ចេកវិទ្យាខ្ពស់ ព្រមទាំងការនាំចេញឈានមុខគេមួយ នៅក្នុងតំបន់អាស៊ី។

៥. ប្រទេសឥណ្ឌា

ប្រទេសឥណ្ឌា មានផលិតផលក្នុងស្រុកសរុប ៣,៩៤ ទ្រីលានដុល្លារ អត្រាកំណើន ៧% និងផលិតផលក្នុងស្រុក សម្រាប់មនុស្សម្នាក់ ២ ពាន់ ៧ រយដុល្លារ ក្នុងមួយឆ្នាំ។ សេដ្ឋកិច្ចឥណ្ឌា រីកចម្រើនដោយ វិស័យបច្ចេកវិទ្យា IT សេវាកម្ម កសិកម្ម និងឧស្សាហកម្ម ផលិតកម្ម។ ឥណ្ឌា ក៏មានកម្លាំងមូលធនមនុស្សច្រើន ជាពិសេសយុវជន គួបផ្សំនឹងបច្ចេកវិទ្យាទំនើប ព្រមទាំងកំណើនឡើង ចំនួនប្រជាជននៃវណ្ណៈកណ្ដាល។

៦. ចក្រភពអង់គ្លេស

ចក្រភពអង់គ្លេស មានផលិតផលក្នុងស្រុកសរុប ៣,៥ ទ្រីលានដុល្លារ អត្រាកំណើន ០,៧% និងផលិតផលក្នុងស្រុក សម្រាប់មនុស្សម្នាក់ ៥ ម៉ឺន ១ ពាន់ដុល្លារ ក្នុងមួយឆ្នាំ។ សេដ្ឋកិច្ចចក្រភពអង់គ្លេស រីកចម្រើនដោយវិស័យសេវាកម្ម ផលិតកម្ម ហិរញ្ញវត្ថុ និងវិស័យច្នៃប្រឌិត។ ទីក្រុងឡុងដ៏ ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុមួយ នៅលើពិភពលោក ដែលទាក់ទាញទុនវិនិយោគបរទេស ម្យ៉ាងទៀត ដៃគូពាណិជ្ជកម្មរបស់អង់គ្លេស សុទ្ធសឹងតែជាប្រទេសអ្នកមាន ដែលជួយជំរុញសេដ្ឋកិច្ចអង់គ្លេស រីកចម្រើនខ្លាំងផងដែរ។

៧. ប្រទេសបារាំង

ប្រទេសបារាំង មានផលិតផលក្នុងស្រុកសរុប ៣,១៣ ទ្រីលានដុល្លារ អត្រាកំណើន ០,៩% និងផលិតផលក្នុងស្រុកសម្រាប់មនុស្សម្នាក់ ៤ ម៉ឺន ៧ ពាន់ដុល្លារ ក្នុងមួយឆ្នាំ។ ភាពរីកចម្រើនសេដ្ឋកិច្ចបារាំង បានរួមចំណែកពីវិស័យឧស្សាហកម្មធំៗដូចជា យន្ដហោះ យានអវកាស វិស័យទេសចរណ៍ ផលិតផលប្រើប្រាស់ប្រណិតៗ និងកសិកម្ម។ ប្រទេសបារាំង ល្បីល្បាញដោយឈានមុខ លើវិស័យសុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធអភិវឌ្ឍន៍បានល្អ និងការវិនិយោគយ៉ាងច្រើនលើមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍។

៨. ប្រទេសប្រេស៊ីល

ប្រទេសប្រេស៊ីល មានផលិតផលក្នុងស្រុកសរុប ២,៣៣ ទ្រីលានដុល្លារ អត្រាកំណើន ២,១% និងផលិតផលក្នុងស្រុក សម្រាប់មនុស្សម្នាក់ ១ ម៉ឺន ១ ពាន់ដុល្លារ ក្នុងមួយឆ្នាំ។ សេដ្ឋកិច្ចរបស់ប្រេស៊ីល ត្រូវបានរុញដោយវិស័យធំៗមួយចំនួន ដូចជា កសិកម្ម ការរុករករ៉ែ ឧស្សាហកម្ម ផលិតកម្ម និងសេវាកម្ម។ ប្រេស៊ីល ត្រូវបានគេទទួលស្គាល់ថាជា មជ្ឈមណ្ឌលកសិកម្មធំជាងគេបំផុត មានទីផ្សារប្រជាជនក្នុងស្រុកច្រើន និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធល្អ។

៩. ប្រទេសអ៊ីតាលី

ប្រទេសអ៊ីតាលី គឺជាមហាអំណាចសេដ្ឋកិច្ច លំដាប់ទី៣ ក្នុងចំណោមប្រទេសសហភាពអឺរ៉ុប ដែលមានផលិតផលក្នុងស្រុកសរុប ២,៣៣ ទ្រីលានដុល្លារ ជាមួយអត្រាកំណើន ០,៧% និងផលិតផលក្នុងស្រុក សម្រាប់មនុស្សម្នាក់ ៣ ម៉ឺន ៩ ពាន់ដុល្លារ ក្នុងមួយឆ្នាំ។ សេដ្ឋកិច្ចអ៊ីតាលី ឈានមុខដោយវិស័យពាណិជ្ជកម្ម ជំនួញ ទេសចរណ៍ និងកសិ-ឧស្សាហកម្ម ផងដែរ។

១០ ប្រទេសកាណាដា

ប្រទេសកាណាដា មានផលិតផលក្នុងស្រុកសរុប ២,២៤ ទ្រីលានដុល្លារ អត្រាកំណើន ១,៣% និងផលិតផលក្នុងស្រុកសម្រាប់មនុស្សម្នាក់ ៥ ម៉ឺន ៤ ពាន់ដុល្លារ ក្នុងមួយឆ្នាំ។ សេដ្ឋកិច្ចកាណាដា ពឹងផ្អែកសំខាន់លើ ការប្រើប្រាស់ធនធានធម្មជាតិ ការរុករកប្រេង ឧស្ម័នធម្មជាតិ រុករករ៉ែ ឈើ -ល-។ បន្ថែមពីនេះ វិស័យជាច្រើនទៀត ដូចជា ផលិតកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ បានរួមចំណែកយ៉ាងសំខាន់ លើការជំរុញកំណើនសេដ្ឋកិច្ចប្រទេសកាណាដា។

 

ប្រភព៖ Forbes India