គិតមកដល់ដើមខែកញ្ញានេះ វឌ្ឍនភាពនៃកំណាត់ចុងក្រោយផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) ប្រវែង ៣៥,១៤ គ.ម សម្រេចបាន ២៥% ហើយ និងគ្រោងបញ្ចប់នៅឆ្នាំ២០២៥ ខាងមុខ!


ប៉ោយប៉ែត៖ បើយោងតាមព័ត៌មាន ដែលទទួលបានពីហ្វេសបុកផេកផ្លូវការ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គិតមកដល់ត្រឹមដើមខែកញ្ញា ក្នុងឆ្នាំ២០២៤ នេះ កំណាត់ចុងក្រោយ នៃគម្រោងស្តារ និងលើកកម្រិតគុណភាព ផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ) ដែលមានប្រវែង ៣៥,១៤ គីឡូម៉ែត្រ សម្រេចវឌ្ឍនភាព ការងារសាងសង់បាន ២៥% ហើយ។

ប្រភពដដែលបានបន្តថា ការងារស្តារ និងលើកកម្រិតគុណភាព កំណាត់ចុងក្រោយនៃផ្លូវមួយខ្សែនេះ ក៏រងភាពរអាក់រអួលផងដែរ ដោយហេតុតែ ភ្លៀងបានបន្តធ្លាក់ឥតដាច់ ក្នុងរយៈពេល ប៉ុន្មានថ្ងៃចុងក្រោយនេះ។

គួរឲ្យដឹងផងថា គម្រោងនៃកំណាត់ចុងក្រោយនេះ នឹងបញ្ចប់ក្នុងអំឡុងឆ្នាំ២០២៥ ខាងមុខ ដោយក្នុងនោះដែរ ក្រុមការងារការដ្ឋាន បានយកចិត្តទុកដាក់ខ្ពស់ លើកិច្ចការនេះ និងបានសម្រួលទាំងភ្លៀង ដល់ការធ្វើចរាចរណ៍ របស់បងប្អូនប្រជាពលរដ្ឋ និងខិតខំបញ្ចប់ការងារសាងសង់ តាមពេលវេលាដែលបានគ្រោងទុក ផងដែរ។

 

ប្រភពពី ក្រសួងសាធារណការ និងដឹកជញ្ជូន