សួនរុក្ខជាតិអង្គរ កំពុងស្ថិតក្នុងការពង្រីក ពីទំហំ ១៥ ទៅដល់ ១៥០ហិកតា ដើម្បីបម្រើឱ្យវិស័យទេសចរណ៍លក្ខណៈធម្មជាតិ ប្រចាំខេត្តសៀមរាប កាន់តែសម្បូរបែប និងទាក់ទាញ!


សៀមរាប៖ បើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន ដោយអាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា សួនរុក្ខជាតិអង្គរ ដែលបច្ចុប្បន្នមានទំហំផ្ទៃដី ប្រមាណ១៥ហិកតា និងបានបើកដំណើរការជាផ្លូវការ កាលពីឆ្នាំ២០២២កន្លងមក ឥឡូវនេះ អាជ្ញាធរជាតិអប្សរា កំពុងរៀបចំពង្រីកឱ្យធំជាងមុន ពីទំហំ១៥ហិកតា ទៅ១៥០ហិកតា (ធំជាងមុន ១០ដង) ដើម្បីបម្រើឱ្យវិស័យទេសចរណ៍ លក្ខណៈធម្មជាតិកាន់តែសម្បូរបែប និងមានភាពកាន់តែទាក់ទាញ។

ជាក់ស្តែង លោក ឡៃ ប៉ូទី អនុប្រធាននាយកដ្ឋានគ្រប់គ្រង ទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍កាលពី រសៀលថ្ងៃទី២១ ខែមីនាថា អាជ្ញាធរជាតិអប្សរា មានគម្រោងពង្រីក សួនរុក្ខជាតិអង្គរពីទំហំ ១៥ហិកតាទៅ១៥០ហិកតា ដោយធ្វើរបងសម្រាប់ ដោះលែងសត្វព្រៃ និងការពារព្រៃឈើ រៀបចំផ្លូវដើរ ស្ពានថ្មើរជើងសម្រាប់ ភ្ញៀវទេសចរដើរកម្សាន្ត ក្នុងព្រៃធម្មជាតិ។

នៅក្នុងគម្រោងពង្រីកផ្ទៃដី សួនរុក្ខជាតិអង្គរនេះ គឺអាជ្ញាធរជាតិអប្សរា បានដាំបង្គោលស៊ីម៉ង់ត៍ និងព័ទ្ធលួសសំណាញ់ប្រវែង ៥៤៦៨ម៉ែត្រជុំវិញព្រៃ ចាប់ពីសួនរុក្ខជាតិអង្គរ រហូតទៅដល់ កសិន្ធុអង្គរភាគខាងត្បូង បំណងធ្វើជាទីធ្លាសម្រាប់ ព្រលែងសត្វព្រៃជាច្រើនប្រភេទ ឱ្យរស់នៅតាមលក្ខណៈធម្មជាតិ របស់វា ដែលភ្ញៀវទេសចរក៏អាច ទស្សនាសត្វព្រៃទាំងនេះ ដោយផ្ទាល់ តាមរយៈផ្លូវថ្មើរជើងក្នុងព្រៃ ផងដែរ។

ជាមួយគ្នានេះដែរ អាជ្ញាធរជាតិអប្សរា ក៏បានធ្វើការស្នើបញ្ឈប់ ការផ្សព្វផ្សាយក្នុងបណ្តាញសង្គម ដែលផ្ទុយពីការពិត ដែលបង្កជាការបំផ្លើសព័ត៌មាន ក្នុងន័យអវិជ្ជមាន ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស ស្ថាប័នជាតិ និងកិច្ចខិតខំប្រឹងប្រែង ទាក់ទាញភ្ញៀវទេសចរមកទស្សនា នៅរមណីយដ្ឋានអង្គរ។

 

រូបភាពពីអាជ្ញាធរជាតិអប្សរា