កម្ពុជា ប្រកាសប្រើកញ្ចប់ថវិកាចំនួន ១៥៤ លានដុល្លារ ដើម្បីសាងសង់មន្ទីរពេទ្យថ្មីចំនួន២ នៅខេត្តកំពង់ចាម និងសៀមរាប ដើម្បីសម្រួលដល់ការផ្តល់ សេវាសុខភាពដល់ប្រជាពលរដ្ឋ!


ភ្នំពេញ៖ បើយោងតាមការថ្លែងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងសន្និបាតបូកសរុប លទ្ធផលការងារសុខាភិបាលលើកទី៤៣ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ កន្លងទៅបានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា នឹងបង្កើតមន្ទីរពេទ្យតំបន់ចំនួន២ នៅខេត្តកំពង់ចាម និងសៀមរាប ដើម្បីសម្រួលការផ្ដល់ សេវាសុខភាពជូនប្រជាពលរដ្ឋ ដោយប្រើប្រាស់ថវិកាកម្ចីពីជប៉ុន។

ជាក់ស្តែងបន្ថែមពីនេះ សម្តេចធិបតី បានថ្លែងថា រាជរដ្ឋាភិបាល ក្រៅពីពង្រឹងគុណភាពពេទ្យថ្នាក់ជាតិ គឺត្រូវពង្រឹងពេទ្យ ថ្នាក់ក្រោមជាតិផងដែរ ក្នុងនោះគឺត្រូវចាប់ផ្តើមពី ពេទ្យថ្នាក់តំបន់ ដោយពង្រឹងទៅតាមបណ្តារាជធានី-ខេត្តផ្សេងៗ ដើម្បីបិទគម្លាតរវាងខេត្ត និងរាជធានីតែម្តង។

សម្តេចបានមានប្រសាសន៍ផងថា កម្ពុជាត្រូវការពេលវេលា ដើម្បីសម្រេចការងារនេះជាជំហានៗ ដោយពង្រឹងវិស័យសុខាភិបាល ពីមួយអាណត្តិ ទៅមួយអាណត្តិ ក្នុងការកសាងសមត្ថភាព របស់មន្ត្រីសុខាភិបាល មានសមត្ថភាពព្យាបាលជម្ងឺប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន។

ដោយឡែក ចំពោះគម្រោងបង្កើតមន្ទីរពេទ្យតំបន់នេះ សម្តេចបានបញ្ជាក់ថា នឹងប្រើប្រាស់កញ្ចប់ថវិកាកម្ចីពីជប៉ុន ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះហត្ថលេខាទៅលើ កិច្ចព្រមព្រៀងឥណទានសម្បទាន  ជាមួយ JICA កាលពីថ្ងៃទី១៤ ខែមីនា កន្លងទៅនេះ។

គួរឲ្យដឹងផងដែរថា ជប៉ុនបានផ្តល់កម្ចីជាប្រាក់យ៉េន ដែលមានទឹកប្រាក់ចំនួន ២១ ១០៤ លានយ៉េន ស្មើប្រមាណ ១៥៤លានដុល្លារ ក្នុងកិច្ចព្រមព្រៀងនោះ សម្រាប់គម្រោងអភិវឌ្ឍន៍ មន្ទីរពេទ្យតំបន់នៅក្នុងប្រទេសកម្ពុជា។