ចំណុចសំខាន់ៗ ដែលភាគខាងត្បូងរាជធានីភ្នំពេញ កំពុងទទួលបាន ការចាប់អារម្មណ៍ពីវិនិយោគិន


ភាគខាងត្បូងរាជធានីភ្នំពេញ បានកំពុងក្លាយទៅជាទិសដៅវិនិយោគ ល្អបំផុតមួយនៅទីក្រុង និងមានការអភិវឌ្ឍន៍ យ៉ាងឆាប់រហ័សបំផុត ដែលកំពុងមានការសាងសង់លំនៅដ្ឋានរាប់ម៉ឺនខ្នង ផ្សារទំនើបលំដាប់អន្តរជាតិ ហេដ្ឋារចនាសម័ន្ធទំនើបៗ និងដង់ស៊ីតេប្រជាជនរស់នៅ កើនឡើងយ៉ាងច្រើន។ ដូចនេះ យើងចង់ដឹងថា តើមានកត្តាអ្វីខ្លះដែលជំរុញដល់ ការអភិវឌ្ឍន៍ភាគខាងត្បូងរាជធានីភ្នំពេញ ឆាប់រហ័សបែបនេះ និងមូលហេតុអ្វីដែលអ្នកវិនិយោគ អាចពិចារណាលើភាគខាងត្បូងរាជធានីភ្នំពេញនេះ?

១. ភាគខាងត្បូងជាទិសដៅអភិវឌ្ឍន៍ថ្មី

រាជធានីភ្នំពេញ មានការពង្រីក ទីក្រុងគ្រប់ទិសទាំងអស់ ប៉ុន្ដែសន្ទុះនៃការអភិវឌ្ឍន៍មិនដូចគ្នាឡើយ ដោយសារតែតាមផែនការមេ របស់រាជរដ្ឋាភិបាល (ឆ្នាំ២០១៥-២០៣៥) បានកំណត់យកទីតាំង ភាគខាងត្បូងរាជធានីភ្នំពេញ ជាទីក្រុងរណប មជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់ និងជាទីក្រុងបៃតង ចំណែកភាគខាងត្បូងឈៀងខាងលិច ជាមជ្ឈមណ្ឌលឡូជីស្ទិក តភ្ជាប់ដោយផ្លូវក្រវ៉ាត់ក្រុង ទៅកាន់ផ្លូវល្បឿនលឿន និងព្រែកជីកហ្វូណនតេជោ ដែលនឹងបើកការដ្ឋាននាពេលខាងមុខ សម្រាប់ការដឹកជញ្ជូន ទៅកាន់ច្រកសមុទ្រអន្តរជាតិ។ លើសពីនេះ នៅមានហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ដែលកំពុងសាងសង់នៅភាគខាងត្បូងរាជធានីភ្នំពេញ សុទ្ធសឹងជាកត្តាដែល ជំរុញដល់ការអភិវឌ្ឍន៍។

២. គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ

អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ជាគម្រោងយក្សមួយដែលជំរុញ អោយមានការអភិវឌ្ឍន៍ ភាគខាងត្បូងរាជធានីភ្នំពេញ និងជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធធំៗ។ ស្ថិតនៅចម្ងាយប្រហែល ២០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ព្រលានយន្ដហោះ 4F នេះ បានសាងសង់លើផ្ទៃដី ២ ៦០០ ហិកតា វិនិយោគក្នុងរង្វង់ទឹកប្រាក់ ១ ៥០០ លានដុល្លារ រំពឹងអាចនឹងមាន អ្នកដំណើរប្រមាណ ៧ លាននាក់ក្នុងមួយឆ្នាំ ហើយគម្រោងនេះ នឹងបញ្ចប់ការសាងសង់ដំណាក់កាលទី១ នៅឆមាសទី១ ឆ្នាំ២០២៥។

៣. ផ្សារទំនើបកំពុងរីកលូតលាស់

ភាគខាងត្បូងចាប់ផ្ដើមមាន ផ្សារទំនើបៗជាច្រើនបាន និងកំពុងបោះទុនវិនិយោគ ទាំងក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនបរទេស ជាក់ស្ដែងផ្សារទំនើបអ៊ីអនមានជ័យ ជាផ្សារទំនើបធំជាងគេបង្អស់នៅកម្ពុជា ផ្សារទំនើបជីបម៉ុង ២៧១ ផ្សារសហគមន៍ 60M Mall និងផ្សារទំនើប PH Diamond Place ជាដើម។ ការបោះទុនវិនិយោគ ផ្សារទំនើបនៅតំបន់ភាគខាងត្បូងនេះ មិនមែនកើតចេញ ពីការអភិវឌ្ឍផ្សារប្រពៃណី ដែលមានស្រាប់ឡើយ ប៉ុន្តែជាការមើលឃើញ ពីតម្រូវការជាក់ស្ដែង នូវកំណើនចំនួនប្រជាជន នៅក្នុងតំបន់នោះយ៉ាងរហ័ស។

៤. ហេដ្ឋារចនាសម្ព័ន្ធថ្មីៗ

ហេដ្ឋារចនាសម្ព័ន្ធថ្មីៗ កំពុងរីកលូតលាស់ឡើងនៅភាគខាងត្បូង និងដើរតួនាទីយ៉ាងសំខាន់ ជាសសៃឈាមសេដ្ឋកិច្ច និងសម្រួល ការធ្វើដំណើរប្រជាពលរដ្ឋ។ ជាក់ស្ដែងការសាងសង់ មហាវិថី ៦០ ម៉ែត្រដែលធំជាងគេនៅកម្ពុជា ផ្លូវក្រវាត់ក្រុងទី២ ផ្លូវក្រវាត់ក្រុងទី៣ ធ្វើអោយប្រសើរឡើងវិញ ផ្លូវជាតិលេខ២ ស្ពានអាកាសអាកាស ២ ជាន់ដំបូងគេនៅកម្ពុជា ស្ពានអាកាសតភ្ជាប់ ទៅព្រលានយន្ដហោះ តេជោក្រុងតាខ្មៅ ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែ-ព្រែកប្រា -ល- និងអាចមានលទ្ធភាពសាងសង់ គម្រោងផ្លូវរថភ្លើងអាកាស តភ្ជាប់ទៅអាកាសយានដ្ឋានបន្ថែមទៀត។

៥. ព្រែកជីកហ្វូណនតេជោ

ព្រែកជីកហ្វូណនតេជោ ជាគម្រោងថ្មីមួយទៀត ដែលជំរុញដល់ការអភិវឌ្ឍន៍ ភាគខាងត្បូងរាជធានីភ្នំពេញ និងខេត្តកណ្ដាល ជាពិសេសលើ វិស័យដឹកជញ្ជូន និងភស្ដុភារកម្ម។ គម្រោងនេះនឹងបើកការដ្ឋាន នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ដែលគ្រោងនឹងចំណាយថវិកា ១ ៧០០ លានដុល្លារ មានប្រវែង ១៨០ គីឡូម៉ែត្រសម្រួល ដល់ការដឹកជញ្ចូនទំនិញ ពីសមុទ្រអន្តរជាតិ មកកាន់រាជធានីភ្នំពេញ ដោយចំណាយតិចជាងផ្លូវគោក ៥ ដង និងកាត់បន្ថយ ការដឹកជញ្ជូនទំនិញតាមកំពង់ផែប្រទេសវៀតណាម។ គម្រោងនេះរំពឹងជំរុញ សេដ្ឋកិច្ចកម្ពុជា ពង្រឹងវិស័យដឹកជញ្ជូន ទាញវិនិយោគទុន លើវិស័យឡូជីស្ទិក និងពង្រីកពាណិជ្ជកម្មកម្ពុជាទៅឆាកអន្តរជាតិ។