ប្រព័ន្ធទូទាត់បាគង នឹងត្រូវណែនាំ ហើយដាក់ដំណើរការ តាមគោលដៅទេសចរណ៍នានា ក្នុងប្រទេស ដើម្បីផ្តល់ភាពងាយស្រួល ដល់ភ្ញៀវទេសចរអន្តរជាតិ ក្នុងការទូទាត់ផ្សេងៗ


ភ្នំពេញ៖ បើយោងតាមមន្ត្រីជាន់ខ្ពស់ នៃធនាគារជាតិនៃកម្ពុជា (NBC) បានឲ្យដឹងថា NBC នឹងដាក់ដំណើរការ ប្រព័ន្ធទូទាត់ប្រាក់តាមទូរស័ព្ទបាគង (Bakong) សម្រាប់ភ្ញៀវទេសចរអន្តរជាតិ ដើម្បីសម្រួលដល់ ការចាយវាយនៅក្នុងស្រុក នៅពេលពួកគេ មកទស្សនាគោលដៅផ្សេងៗ ក្នុងប្រទេសកម្ពុជា។

ជាក់ស្តែង អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកជំទាវ ជា សិរី បានថ្លែងឲ្យដឹងកាលពី ចុងសប្តាហ៍មុននេះថា កម្មវីធីបាគងនេះ នឹងត្រូវដាក់បង្ហាញ នៅតាមព្រលានយន្តហោះ និងច្រកចូលនានា ដើម្បីឲ្យភ្ញៀវអន្តរជាតិ អាចដោនឡូត នៅពេលចូលមកដល់ កម្ពុជាភ្លាម។

លោកជំទាវអគ្គទេសាភិបាល បានបញ្ជាក់ថា “បន្តិចទៀតយើងមាន ដាក់ប្រព័ន្ធបាគង សម្រាប់ភ្ញៀវទេសចរ បានន័យថាពេល ភ្ញៀវទេសចរគាត់ចុះមក គាត់អាចដោនឡូត ប្រព័ន្ធបាគងយើង បើគាត់អត់មានប្រព័ន្ធធនាគារក្នុងស្រុក ដើម្បីដកលុយ បំពេញប្រព័ន្ធបាគងទេ គាត់អាចប្រើកាតក្រេឌីត ដែលគាត់មានពីប្រទេសរបស់គាត់ ដូចជា Visa Card, Master Card, ឬ UnionPay ជាដើម”។

លោកជំទាវបានគូសបញ្ជាក់បន្ថែមថា “ការដាក់ចេញនេះ នឹងជួយសម្រួលដល់ ភ្ញៀវទេសចរក្នុងការប្រើប្រាស់ និងអាចឲ្យពួកគាត់ ទទួលបានបទពិសោធឌីជីថល និងប្រព័ន្ធចាយវាយ ដោយមិនបាច់ប្រើសាច់ប្រាក់ ដោយសារតែគេតែងមើល មកប្រទេសយើងថា ជាប្រទេសក្រ ប្រទេសតូច ប្រហែលជាអត់មានអីទំនើបទេ។ ប៉ុន្តែពេលគាត់ (ភ្ញៀវអន្តរជាតិ) ចុះមក យើងចង់ឲ្យគាត់មាន បាគងប្រើ ហើយចាយវាយស្រួល ដូចប្រជាជនយើង ក្នុងស្រុកផងដែរ។”

យ៉ាងណា បើតាមតថភាពជាក់ស្តែង ការដាក់ឲ្យដំណើរការប្រព័ន្ធបាគង សម្រាប់ភ្ញៀវទេសចរនេះ ក៏ជាការឆ្លើយតបទៅនឹង បញ្ហាមួយចំនួន ដែលភ្ញៀវទេសចរមួយចំនួន បានជួបប្រទះ ក្នុងការចាយក្រដាស់ប្រាក់ធំ  ជាពិសេសនៅខេត្តសៀមរាប ដែលជាកន្លែងទាក់ទាញ ភ្ញៀវទេសចរដ៏សំខាន់របស់កម្ពុជា។

ម៉្យាង គម្រោងដាក់ឲ្យប្រើប្រាស់ប្រព័ន្ធបាគង សម្រាប់ភ្ញៀវទេសចរនេះ ក៏ធ្វើឡើងជាការឆ្លើយតប បន្ទាប់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ទទួលបានការស្នើសុំពីអាជីវករ នៅខេត្តសៀមរាប ដែលត្អូញត្អែរ អំពីការពិបាកចាយប្រាក់ ដែលរហែកបន្តិចបន្តួច ឬប្រឡាក់។ សម្តេចក៏បាន ប្រាប់ឲ្យ លោកជំទាវ ជា សិរី រិះរកវិធីយ៉ាងណា ដោះស្រាយបញ្ហាមួយនេះ។

ជាការឆ្លើយតប នឹងអនុសាសន៍របស់សម្តេចធិបតី លោកជំទាវអគ្គទេសាភិបាល និងភាគីដែលពាក់ព័ន្ធទាំងអស់ ក៏បានសម្រេចនូវវិធីសាស្ត្រដ៏ល្អមួយនេះ។