តួប៉មឥដ្ឋ G15 នៃប្រាសាទភ្នំបាខែង មានអាយុកាលជាង ១០ សតវត្សរ៍ ដែលរងការទ្រុឌទ្រោមខ្លាំង កំពុងស្ថិតក្នុងការជួសជុល ឲ្យរឹងមាំឡើងវិញ ដោយក្រុមអ្នកជំនាញ!


សៀមរាប៖ បើយោងតាមរបាយការណ៍ព័ត៌មាន ដែលចេញផ្សាយដោយអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ប៉មឥដ្ឋ G15 ស្ថិតនៅខាងត្បូង នៃប្រាសាទភ្នំបាខែង អាយុកាលជាង១ពាន់ឆ្នាំ មានសភាពទ្រុឌទ្រោមខ្លាំង កំពុងទាមទារឱ្យជួសជុល ទប់ស្កាត់ការខូចខាត ជាបន្តទៀត។

ជាការឆ្លើយតប នឹងតម្រូវការបន្ទាន់នេះ មន្ត្រីនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា លោកស្រី ឈុន រតនា បានឱ្យដឹងថា បច្ចុប្បន្ននេះ ប៉មឥដ្ឋ G15 នៃប្រាសាទភ្នំបាខែង កំពុងស្ថិតក្នុងសភាពទ្រុឌទ្រោម ដោយសារអាយុកាលនៃសំណង់ កង្វះការថែទាំយូរអង្វែង ព្រមទាំងធម្មជាតិផង ធ្វើឱ្យប្រាសាទឥដ្ឋនេះ រងការខូចខាតទាំងស្រុង ចាប់តាំងពីក្បាំងជញ្ជាំង ឡើងលើ។ ក្រៅពីនេះ ចំណុចហានិភ័យ នៃប៉មឥដ្ឋ G15 មានដូចជា ខូចខាតខឿន និងរលុះប្រេះហែករចនាសម្ពន្ធនៃជញ្ជាំង ជ្រាបទឹកចូលនៅក្នុងរដូវវស្សា។

លោកស្រី បានបញ្ជាក់ថា ដើម្បីថែរក្សាស្ថេរភាពប្រាសាទនេះ ឱ្យមានលំនឹងបន្តទៀត អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុល ពង្រឹងជញ្ជាំងឥដ្ឋផ្នែកខាងក្នុង ព្រមទាំងជួសជុល ពង្រឹងជញ្ជាំងឥដ្ឋផ្នែកខាងក្រៅ នាទិសខាងកើត ទិសខាងលិច ទិសខាងជើង និងទិសខាងត្បូងឡើងវិញ។

បន្ទាប់មកទៀត ក៏មានការជួសជុលពង្រឹងខឿន សសរផ្អោប និងសសរពេជ្រ បិទភ្ជិតស្នាមប្រេះ ការពារជម្រាបទឹក គឺដើម្បីឱ្យតួប៉ម G15 នៃប្រាសាទភ្នំបាខែង រឹងមាំឡើងវិញ ដើម្បីបន្តនៅគង់វង្សយូរអង្វែងបន្តទៀត។

 

ប្រភពពី អាជ្ញាធរជាតិអប្សរា