ខេត្តសៀមរាប នឹងរៀបចំកម្មវិធីតាំងលក់ ម្ហូបអាហារ និងផ្ទាំងទស្សនីយភាព សិល្បៈកម្សាន្តនានា នៅក្នុងភូមិវត្តបូព៌ ដែលត្រូវបានបង្កើតជា ភូមិទេសចរណ៍ ដ៏ទាក់ទាញកណ្តាលក្រុងសៀមរាប!


សៀមរាប៖ ក្រៅតែពីមានវត្តអារ៉ាម ដែលមានវ័យដ៏ចំណាស់ និងសាលារៀនគំរូហើយ ពេលនេះ រដ្ឋបាលខេត្តសៀមរាប នឹងធ្វើការរៀបចំ ភូមិវត្តបូព៌ ឱ្យមានការតាំងលក់ដូរម្ហូបអាហារ ផ្ទាំងទស្សនីយភាពសិល្បៈកំសាន្ត និងអមដោយបរិស្ថានស្រស់បំព្រង ផងដែរ។

រដ្ឋបាលខេត្តសៀមរាប មានគោលបំណង បន្ថែមរសជាតិទេសចរណ៍បន្ថែម ដល់ភូមិវត្តបូព៌ ដែលត្រូវបានបង្កើតជា ភូមិទេសចរណ៍ ដ៏ទាក់ទាញកណ្តាលក្រុងសៀមរាប ក្នុងការជម្រុញកំណើនភ្ញៀវទេសចរ នៅក្នុងខេត្ត។

គួរឲ្យដឹងដែរថា វត្តបូព៌ស្ថិតនៅក្នុង សង្កាត់សាលាកំរើក ភូមិវត្តបូព៌ ជាភូមិឋានដ៏ចំណាស់មួយ នៃក្រុងសៀមរាប ដែលមានសណ្ដាប់ធ្នាប់ មិនមានសំឡេងរំខាន ព្រមជាមួយបរិស្ថានស្រស់បំព្រង ដែលសាកសមជា ទីកន្លែងទេសចរណ៍បែបវប្បធម៌ និងសាសនា សម្រាប់ភ្ញៀវទេសចរ មកពីគ្រប់ទិសទី។

នៅមិនឆ្ងាយពីដងស្ទឹងសៀមរាបប៉ុន្មាន វត្តរាជបូព៌ ត្រូវបានប្រជាពុទ្ធបរិស័ទ និងភ្ញៀវទេសចរ ចូលទស្សនាទីអារាមមួយនេះមិនដាច់ ដែលក្នុងនោះ គេមិនអាចមើលរំលងបានឡើយ នូវធម្មជាតិពណ៌បៃតង ដើមឈើកម្រនានា ជាពិសេសសំណង់ស្ថាបត្យកម្ម នៃព្រះវិហារដ៏ចំណាស់ ដែលមានអាយុកាលជាង ៤០០ឆ្នាំ។

គូសបញ្ជាក់ផងថា ទីអារាមមួយនេះ ក៏បាននឹងកំពុងសាងសង់នូវ សារៈមន្ទីរតម្កល់វត្ថុបុរាណ សរុបប្រមាណ ២ ៥៧៥វត្ថុ ដែលមានអាយុកាល ចាប់ពីសម័យបុរេប្រវត្តិ រហូតដល់សម័យក្រោយអង្គរ សម្រាប់ជាភស្តុតាង ដល់ការសិក្សាស្រាវជ្រាវ របស់សិស្សានុសិស្ស ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅលើផ្នែកវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរបុរាណ ទៀតផង។

មិនតែប៉ុណ្ណោះ ភ្ញៀវទេសចរ អាចស្វែងរកសណ្ឋាគារប្រណិតៗ ដែលមានភាពស្ងប់ស្ងាត់ អាចរំសាយអារម្មណ៍ នៅតាមហាងកាហ្វេដ៏ទាក់ទាញ ជាមួយរសជាតិនំបុ័ងឈ្ងុយឆ្ងាញ់ ដែលជាអារម្មណ៍ដ៏ស្រស់ស្រាយ នាពេលព្រឹកព្រលឹម។

បន្ថែមពីនេះ ភ្ញៀវទេសចរអាចស្វែងយល់ពី ជីវភាពរស់នៅប្រចាំថ្ងៃ របស់អ្នកភូមិវត្តបូព៌ ជាមួយនឹងការភ្លក្ស រសជាតិអាហារបែបខ្មែរ និងទិញវត្ថុអនុស្សាវរីយ៍ក្នុងតំបន់ ធ្វើដោយដៃ។ សម្រាប់នាពេលល្ងាចវិញ ភ្ញៀវទេសចរ អាចកម្សាន្តអារម្មណ៍ នៅតាមហាងស្រាបែបរ៉ូមែនទិក ដែលមានតន្ត្រីកំដរ និងរសជាតិអាហារប្លែកៗបែបអាស៊ី និងអឺរ៉ុបផងដែរ។

 

ប្រភពពី រដ្ឋបាលខេត្តសៀមរាប