វត្ថុបុរាណខ្មែរចំនួន ៧០ មានដើមកំណើតក្នុង សម័យមុនអង្គរនិងសម័យអង្គរ បានវិលត្រឡប់មកកាន់មាតុប្រទេសវិញ ក្រោយបាត់បង់អស់រាប់សិបឆ្នាំកន្លងមក!


ភ្នំពេញ៖ បើយោងតាមព័ត៌មាន ដែលទទួលបានតាមរយៈហ្វេសបុកផេកផ្លូវការ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី្កកម្ពុជា នាថ្ងៃទី ២២សីហា ឆ្នាំ២០២៤ នេះ បានឲ្យដឹងថា ការយាងត្រឡប់មកវិញ នៃព្រលឹងដូនតាខ្មែរទាំង៧០នាពេលនេះ គឺជាលទ្ធផលដ៏ធំធេង នៃកិច្ចខិតខំប្រឹងប្រែង ជាប់មិនដាច់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ និងជាមួយប្រទេសនានា ជាពិសេស រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈរដ្ឋអាជ្ញាសង្កាត់ ភាគខាងត្បូងក្រុងញូវយ៉ក ការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិ និងការិយាល័យរដ្ឋអាជ្ញាសង្កាត់ម៉ាន់ហាថាន។

គួរឲ្យដឹងដែរថា ក្នុងចំណោមវត្ថុវិចិត្រទាំងនេះ មានរូបបដិមាសំខាន់ៗមួយចំនួន ផ្នែកព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា ក្នុងសម័យមុនអង្គរ និងសម័យអង្គរ ជាពិសេស បដិមាថ្មធំៗដ៏ប្រណិតដូចជា បដិមាទេពនៃទេវកថាមហាភារតៈ បដិមាព្រះឥសូរ នាងឧមា និងបដិមាព្រះអឌ្ឍនារីស្វរៈ មកពីអតីតរាជធានីកោះកេរ ព្រមទាំងព្រះសិរ នៃព្រះលោកេសូរ ដែលត្រូវបានផ្គុំភ្ជាប់ឡើងវិញ ជាមួយនឹងដងខ្លួន របស់ព្រះអង្គដែលស្ថិតនៅ សារមន្ទីរជាតិភ្នំពេញ។

ជាមួយនឹងឱកាសដ៏ថ្លៃថ្លា នេះដែរ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ ដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: និងក្រុមការងារពាក់ព័ន្ធ ព្រមទាំងបណ្តាសារព័ត៌មាន ទាំងជាតិ និងអន្តរជាតិ ដែលបានរួមចំណែក ក្នុងការបំពេញបេសកកម្ម ជួយឱ្យវត្ថុបុរាណដ៏មានតម្លៃរបស់ខ្មែរ បានត្រឡប់មកមាតុប្រទេសវិញ ដើម្បីនឹងតម្កល់ជូន ប្រជាជនខ្មែរ និងគ្រប់ភ្ញៀវទេសចរ បានមកសិក្សាឈ្វេងយល់ដោយផ្ទាល់ នៃប្រភពកំណីតនៃ កេរតំណែលរបស់បុព្វបុរសខ្មែរ បន្សល់ទុកដល់កូនចៅជំនាន់ក្រោយៗ រហូតដល់បច្ចុប្បន្ននេះ។

 

 

ប្រភពនិងរូបភាពពី ហ្វេសបុកផេកផ្លូវការ សម្តេចធិបតី នាយករដ្ឋមន្ត្រី