ចម្លាក់បដិមាទ្វារបាលចំនួន១ ត្រូវបានប្រទះឃើញ កប់ក្រោមគំនរថ្ម និងកំណកដីប្រមាណជា ៨តឹក នៅខ្លោងទ្វារខាងកើតប្រាសាទបន្ទាយប្រី


សៀមរាប៖ បើយោងតាមរបាយការណ៍ព័ត៌មាន ដែលចេញផ្សាយដោយ អាជ្ញាធរជាតិអប្សរា នៅថ្ងៃ ២២ សីហានេះ បានឲ្យដឹងថា ចម្លាក់បដិមាទ្វារបាល (យក្ស) ចំនួន១ ធ្វើពីថ្មភក់ ត្រូវបានប្រទះឃើញនៅទិសខាងកើត របស់ខ្លោងទ្វារទី២ នៃប្រាសាទបន្ទាយប្រី (ស្ថិតនៅខាងជើងប្រាសាទព្រះខ័ន) ខណៈពេលដែលក្រុមការងារ នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា រៀបចំគំនរថ្មរាយប៉ាយ និងសម្អាតកំណកដី។

ជាក់ស្តែងក្នុងនោះដែរ លោក ជា សារិទ្ធ ដែលជាបុរាណវិទូ បានឱ្យដឹងថា បដិមាទ្វារបាល ដែលប្រទះឃើញនេះ គឺស្ថិតនៅខាងស្តាំដៃ របស់ផ្លូវចូលទិសខាងកើតខ្លោងទ្វារទី២ នៃប្រាសាទបន្ទាយប្រី កប់ក្រោមគំនរថ្ម និងកំណកដីប្រមាណជា៨តឹក។

បើយោងតាមការសន្និដ្ឋានរបស់លោក សារិទ្ធ បានបង្ហាញបន្ថែមថា ការដួលរលំនេះ អាចបណ្តាលមកពីការដួលរលំរ បស់រចនាសម្ពន្ធខាងលើ នៃខ្លោងទ្វារនេះ។ ទោះបីយ៉ាងណា ក៏បដិមានេះ នៅតែរក្សាបាននូវរូបរាងល្អស្ទើរតែពេញលេញ ផងដែរ។

បុរាណវិទូរូបនេះ ក៏បានបញ្ជាក់បន្ថែមថា ស្ថានភាពនៃបដិមាទ្វារបាលនេះ ដួលដេកក្បាលទៅទិសខាងលិច ហើយដងខ្លួននៃបដិមានេះ បាក់ជា៦បំណែក ដែលបាក់នៅត្រង់ក ដើមដៃផ្នែកខាងឆ្វេង ចង្កេះ និងក្រោមជង្គង់នៃជើងទាំង២ និងផ្នែកដែលបាត់បង់ គឺដំបង។ ចម្លាក់បដិមាទ្វារបាលនេះ គឺស្ថិតក្នុងរចនាទបាយ័ន និងមានកម្ពស់ប្រមាណ ១,៦០ម៉ែត្រ។

 

ប្រភពពី អាជ្ញាធរជាតិអប្សរា