អន្តរជាតិ៖ បើយោងតាមប្រភពព័ត៌មានពីបរទេស SEAINFOGRAPHICS បានបង្ហាញពីលទ្ធផល នៃការបែងចែកចំណាត់ថ្នាក់ គោលដៅវប្បធម៌ដ៏ទាក់ទាញ និងទទួលបានប្រជាប្រិយភាព ច្រើនជាងគេ ប្រចាំតំបន់អាស៊ី នៅក្នុងឆ្នាំ២០២៤ នេះ ដោយស្ថាប័នពានរង្វាន់ ទេសចរណ៍ពិភពលោក។
ជាក់ស្តែង បើយោងតាមលទ្ធផលដែលទទួលបាននេះ គឺព្រះរាជាណាចក្រកម្ពុជា របស់យើងទទួលបានចំណាត់ថ្នាក់កំពូល តែម្តងក្នុងតារាងចំណាត់ថ្នាក់ គោលដៅវប្បធម៌ឈានមុខគេ ប្រចាំនៅតំបន់អាស៊ី សម្រាប់ឆ្នាំ២០២៤ នេះ យកឈ្នះប្រទេសដែលជា បេក្ខភាពប្រកួតប្រជែង មានដូចជា ប្រទេសឥណ្ឌា ស្រីលង្កា ជប៉ុន ថៃ នេប៉ាល់ និងវៀតណាមផងដែរ។
គួររម្លឹកដែរថា នេះជាលើកទីបួនហើយ ដែលព្រះរាជាណាចក្រកម្ពុជា បានឈ្នះពានរង្វាន់ដ៏អស្ចារ្យនេះ។
គូសសម្គាល់ផងដែរថា កម្ពុជា គឺជាព្រះរាជាណាចក្រមួយ ដែលមានទីតាំងនៅអាស៊ីអាគ្នេយ៍ ពោពេញទៅដោយ កេរ្តិ៍ដំណែលវប្បធម៌ សល់ពីបុរាណ តរាប់ជំនាន់ ពោពេញទៅដោយប្រាសាទបុរាណ ជាច្រើនពេញផ្ទៃប្រទេស ដែលមានអាយុការរាប់រយរាប់ពាន់ឆ្នាំ ជាក់ស្តែងមានដូចជាប្រាសាទអង្គរវត្ត ព្រះវិហារ សំបូរព្រៃគុក និងកោះកេរ ដែលសុទ្ធសឹងជាសម្បត្តិបេតិកភណ្ឌពិភពលោក និងបានទាក់ទាញភ្ញៀវទេសចរ មកពីគ្រប់ទិសទី។
ក្រៅពីនេះផងដែរ កម្ពុជា ក៏មានទីតាំងកម្សាន្តផ្សេងៗទៀតក្រៅពីវប្បធម៌ និងប្រាសាទ ដែលមានដូចជាឆ្នេរសមុទ្រដ៏ស្រស់ស្អាត ភ្នំ ជ្រោះ និងទីតាំងធម្មជាតិដ៏ខៀវស្រងាត់ជាច្រើនផងដែរ អមមកជាមួយនឹងម្ហូបអាហារ ដ៏ឈ្ងុយឆ្ងាញ់ទៀតផង។