ទីក្រុងទាំង ១០ ត្រូវបានគេស្រាវជ្រាវ និងទទួលបានលទ្ធផលថា មានសុវត្ថិភាពបំផុត ពីបញ្ហាបម្រែបម្រួលអាកាសធាតុ!


ផែនការអភិវឌ្ឍន៍ទីក្រុងជាច្រើន នៅជុំវិញពិភពលោក កំពុងតែជួបប្រទះនូវវិបត្តិ បម្រែបម្រួលអាកាសធាតុ បង្កើតជាវិសមភាព និងអស្ថេរភាព ដែលតម្រូវឲ្យប្រទេសខ្លះ ផ្លាស់ប្ដូរផែនការ និងផ្លាស់រដ្ឋធានី របស់ខ្លួនទៀតផង។ ស្ថាប័ន The Economist Intelligence Unit បានបង្កើតកិច្ចការស្រាវជ្រាវមួយ នៅទីក្រុងចំនួន ៦០ ដើម្បីសិក្សាស្វែងរកទីក្រុង ដែលមានសុវត្ថិភាពបំផុតពី បញ្ហាបម្រែបម្រួលអាកាសធាតុ ដែលធានាសន្ដិសុខ រស់នៅរបស់មនុស្សជាតិ ផ្តល់សុខុមាលភាព សម្រាប់ការរស់នៅ ហេដ្ឋារចនាសម្ព័ន្ធទីក្រុង និងស្ថេរភាពនគរូបនីយកម្ មទីក្រុងទាំងនោះ។

ខាងក្រោមនេះ គឺជាទីក្រុងទាំង១០ ដែលទទួលបានពិន្ទុខ្ពស់បំផុតទៅលើ environmental security៖

១. ទីក្រុង Wellington ប្រទេសណូវ៉ែហ្សូឡង់ ទទួលបានពិន្ទុ ៩១,៧

២. ទីក្រុង Toronto ប្រទេសកាណាដា បានពិន្ទុ ៩០,៣

៣. ទីក្រុង Washington សហរដ្ឋអាមេរិច បានពិន្ទុ ៨៧,៦

៤. ទីក្រុង Bogota ប្រទេសកូឡុំប៊ី បានពិន្ទុ ៨៥,៥

៥. ទីក្រុង Milan ប្រទេសអ៊ីតាលី បានពិន្ទុ ៨៤,៩

៦. ទីក្រុង Copenhagen ប្រទេសដេណឺម៉ាក បានពិន្ទុ ៨៤,៥

៧. ទីក្រុង Stockholm ប្រទេសស៊ុយអែត បានពិន្ទុ ៨៣,៣

៨. ទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល បានពិន្ទុ ៨៣,៣

៩. ទីក្រុង Zurich ប្រទេសស្វីស បានពិន្ទុ ៨២,៣

១០. ទីក្រុងគួឡាឡាំពួ ប្រទេសម៉ាឡេស៊ី បានពិន្ទុ ៨១

តើកត្តាអ្វីខ្លះ ធ្វើឲ្យទីក្រុងមានសុវត្ថិភាពខ្ពស់ផ្នែកបរិស្ថាន ឬ environmental security?

យោងទៅតាមការស្រាវជ្រាវរបស់ Economist Intelligence Unit បានបង្ហាញថា ការវាយតម្លៃនិងបញ្ចូលពិន្ទុ លើទីក្រុងទាំងនោះ ផ្អែកទៅលើស្ថេរភាពនៃ ផែនការមេអភិវឌ្ឍន៍ទីក្រុង ការលើកទឹកចិត្តជំរុញ ថាមពលកកើតឡើងវិញ ប្រព័ន្ធគ្រប់គ្រងកាកសំណល់ គុណភាពខ្យល់ លំហរបៃតង និងការគ្រប់គ្រងប្រើប្រាស់ ទឹកស្អាតផងដែរ។ អ្នកស្រាវជ្រាវ មើលឃើញថា ការវាយតម្លៃទៅលើទីក្រុង ដែលមានស្ថេរភាពផ្នែកបរិស្ថាននេះ នឹងជួយបង្ហាញអំពី សារៈសំខាន់នៃការលើកកម្ពស់ដល់ផែនការ អភិវឌ្ឍន៍ប្រកបដោយចីរភាព និងធានាដល់គុណភាពរស់នៅ របស់មនុស្សជាតិ Human development index ដោយសារតែទីក្រុងធំៗមួយចំនួន បានបរាជ័យលើផែនការរបស់ខ្លួន ព្រោះតែបញ្ហាបម្រែបម្រួលអាកាសធាតុទាំងនោះ។

តើទីក្រុងទាំងនោះ អាចឆ្ពោះទៅរកគោលដៅស្ថេរភាព ដោយរបៀបណា?

ទីក្រុងដែលទទួលបានពិន្ទុខ្ពស់ខាងលើនេះ មិនត្រឹមតែយកចិត្តទុកដាក់លើ បញ្ហាបម្រែបម្រួលអាកាសធាតុសកលនោះទេ ប៉ុន្តែក៏ស្វែងយល់ អំពីបរិស្ថានក្នុងតំបន់ផងដែរ ឧទាហរណ៍ទីក្រុង Wellington ប្រទេសណូវ៉ែហ្សូឡង់ គឺជាទីក្រុងដ៏ល្អបំផុត ទៅលើគុណភាពបរិយាកាសខ្យល់ ការអភិវឌ្ឍន៍លំហរបៃតង និងការគ្រប់គ្រងប្រើប្រាស់ទឹកស្អាត។ ទីក្រុងដែលមានបរិកាសល្អបំផុត រួមមាន ទីក្រុង Wellington, Stockholm, Toronto, និង Washington DC ដែលទីក្រុងទាំងនោះ មានការគ្រប់គ្រងកាកសំណល់ល្អបំផុត (កាកសំណល់ក្រោម ៣០០ គីឡូក្រាមក្នុងមនុស្សម្នាក់ ប្រចាំឆ្នាំ) មិនមានការបំពុលទឹក និងមិនប៉ះពាល់ដល់ធនធានធម្មជាតិកំពុងមាន។ ម្យ៉ាងវិញទៀត ការប្រើប្រាស់ថាមពលកកើតឡើងវិញមានភាពទូលំទូលាយ នៅទីក្រុងទាំងនោះប្រមាណ ៨០% ហើយនៅប្រទេសអាមេរិចឡាទីន ដូចជាទីក្រុង Bogota, Rio de Janeiro, និង Sao Paulo សុទ្ធសឹងជាគម្រូល្អលើ ការប្រើប្រាស់ថាមពលបៃតង។

ទីក្រុងក្នុងតារាងកំពូលខាងលើ ក៏មានផែនការផ្ទាល់ខ្លួន ទៅលើការរួមចំណែក Carbon Neutrality (អព្យាក្រឹតភាពកាបូន) មិនឲ្យមានកំណើនកាបូន ក្នុងបរិយាកាសហួសបរិមាណ នៅត្រឹមឆ្នាំ ២០៥០ ដោយគោលនយោបាយនៃសកម្មភាពនេះ ត្រូវបានដាក់ចេញឲ្យប្រើប្រាស់ ទាំងវិស័យសាធារណៈ និងឯកជន និងពលរដ្ឋគ្រប់រូប។

 

ប្រភព៖ The Economist Intelligence Unit