ទីក្រុងទាំង ១០ ដែលផ្សាភ្ជាប់ជាមួយធម្មជាតិល្អបំផុត!


ពេលលឺពាក្យថាទីក្រុង យើងស្រមៃទៅដល់កន្លែងសម្បូរ ទៅដោយមនុស្សរស់នៅច្រើន មានសំណង់ច្រើន យានយន្ដចរាចរណ៍ច្រើន ការបំពុលដោយសម្លេង កាកសំណល់ ទឹក និងឧស្ម័នពុល។ ចំពោះនៅតាមបណ្ដា ប្រទេសជឿនលឿន ទីក្រុងមិនត្រឹមតែជាកន្លែង មនុស្សរស់នៅច្រើនប៉ុណ្ណោះទេ ប៉ុន្តែជាបណ្ដុំនៃការរស់នៅ ផ្សាភ្ជាប់ជាមួយធម្មជាតិ មិនមានការបំពុល ប៉ះពាល់ដល់បរិស្ថាន និងរស់នៅប្រកបដោយ គុណភាពសុខុមាលភាព។ ដូចនេះ ខាងក្រោមជាទីក្រុង ដែលផ្សាភ្ជាប់ជាមួយធម្មជាតិ បានល្អបំផុតទាំង ១០។

១. ទីក្រុងកូប៉ិនហាក ប្រទេសដាណឺម៉ាក

ទីក្រុងនេះ ត្រូវបានស្គាល់ថាជាទីក្រុង មានបរិយាកាសល្អបំផុតសម្រាប់អ្នកជិះកង់ ដែលរក្សាបាននូវស្ថេរភាពកាបូន ក្នុងទីក្រុង និងចាត់ទុកជាទីក្រុង ផ្សាភ្ជាប់ជាមួយធម្មជាតិល្អបំផុត នៅលើពិភពលោក។ ទីក្រុងកូប៉េនហាក នឹងក្លាយជាទីក្រុងអព្យាក្រឹតកាបូន នៅត្រឹមឆ្នាំ២០២៥ ប្រើប្រាស់ថាមពលស្អាតច្រើន រក្សាធម្មជាតិក្នុងទីក្រុង និងមធ្យោបាយធ្វើដំណើរ មិនប៉ះពាល់បរិស្ថាន ដូចជា កង់ និងរថយន្ដអគ្គិសនី។

២. ទីក្រុងអាំស្ទែដាំ ប្រទេសហូឡង់

អាំស្តឺឌែម ជាទីក្រុងមួយទៀត ដែលផ្ដោតលើការប្រើប្រាស់ យានយន្ដមិនប៉ះពាល់បរិស្ថាន និងជំរុញដល់ការរក្សា ធម្មជាតិបៃតង ជាបរិយាកាសរស់នៅល្អក្នុងទីក្រុង។ ទីក្រុងនេះ មានផ្លូវថ្មើជើង និងផ្លូវជិះកង់ស្ទើរពាសពេញទីក្រុងងាយស្រួលធ្វើដំណើរ ហើយក៏រក្សានិងស្ដារឡើងវិញ នូវប្រព័ន្ធអេកូឡូស៊ីផងដែរ។

៣. ទីក្រុងហ្វ្រែងហ្វើត ប្រទេសអាល្លឺម៉ង់

ទីក្រុងហ្វ្រេងហ្វឺត បានវិនិយោគទុនយ៉ាងច្រើន លើការអភិវឌ្ឍបច្ចេកវិទ្យាបៃតង ហេដ្ឋារចនាសម្ព័ន្ធប្រើប្រាស់ រក្សាស្ថេរភាពធនធានធម្មជាតិ។ ដោយមធ្យោបាយដឹកជញ្ជូន ក្នុងទីក្រុងនេះ ស្ថិតនៅចំណាត់ថ្នាក់កំពូល លើផ្នែក eco-friendly នៅទ្វីបអឺរ៉ុប និងការសាងសង់ សំណង់បៃតង ជំរុញអោយវាក្លាយជា ទីក្រុងមួយក្នុងចំណោម ទីក្រុងផ្សាភ្ជាប់និងបរិស្ថាន ល្អបំផុតនៅអឺរ៉ុប។

៤. ទីក្រុងសិង្ហបុរី

ជាទីក្រុងតែមួយគត់ នៅអាស៊ីអាគ្នេយ៍ដែលស្ថិតនៅ តារាងកំពូល បានគិតគូរលើ នគរូបនីយកម្ម ផ្សាភ្ជាប់ទៅនឹង បរិស្ថានល្អបំផុត។ សិង្ហបុរី មានមហិច្ឆតាក្លាយខ្លួន ទៅជាទីក្រុងធម្មជាតិ (City in Nature) អោយបាន នៅត្រឹមឆ្នាំ២០៣០ តាមរយៈការវិនិយោគ លើជីវចម្រុះ ធ្វើអោយប្រសើរឡើងនៃ គុណភាពខ្យល់ គុណភាពទឹក ប្រព័ន្ធដឹកជញ្ជូន មិនប៉ះពាល់បរិស្ថាន ការគ្រប់គ្រងកាកសំណល់ សំណង់ផ្សាភ្ជាប់ទៅបៃតងភាព កាត់បន្ថយហានិភ័យ ការប្រែប្រួលអាកាសធាតុ និងការរៀបចំលំហរបៃតងជាដើម។

៥. ទីក្រុងហ្សូរីច ប្រទេសស្វីស

ទីក្រុងហ្សូរីច ជាទីក្រុងដែលមានគុណភាពរស់នៅ ខ្ពស់បំផុតនៅអឺរ៉ុប និងជាទីក្រុងឈានមុខគេ លើការអភិវឌ្ឍន៍ទីក្រុង ដោយនិរន្តរភាពផងដែរ។ ទីក្រុងនេះ មានគោលដៅកាត់បន្ថយ ការបំភាយកាបូន តាមរយៈការប្រើប្រាស់រថភ្លើង Tram, រថយន្ដក្រុងអគ្គិសនី និងរថភ្លើងគ្មានផ្សែង។ បន្ថែមពីនេះ ហ្សូរីច រក្សាបាននូវគម្របព្រៃឈើ ប្រព័ន្ធអេកូឡូស៊ី ដែលធ្វើអោយទីក្រុងនេះ ស្ថិតក្នុងចំណោមទីក្រុងបៃតងបំផុតមួយ។

៦. ទីក្រុងវេនឃូវើ ប្រទេសកាណាដា

ជាទីក្រុងមានទេសភាពធម្មជាតិ ស្អាតបំផុតនៅប្រទេសកាណាដា វេនឃូវើ គឺជាទីក្រុងបៃតងបំផុត នៅតំបន់អាមេរិចខាងជើង។ ទីក្រុងនេះ មានគោលដៅក្លាយជា ទីក្រុងកាបូនអព្យាក្រឹតនៅត្រឹមឆ្នាំ២០៥០ និងកំពុងអភិវឌ្ឍបច្ចេកវិទ្យា ថាមពលដើរដោយថាមពលស្អាត ដូចជា សូឡា ទូប៊ីនខ្យល់ និងថាមពលដើរ ដោយរលកសមុទ្រ ជាដើម ចំណែកផ្លូវសម្រាប់ជិះកង់ ក៏ពង្រីកជុំវិញទីក្រុងផងដែរ។

៧. ទីក្រុងផតឡេន សហរដ្ឋអាមេរិច

ជាទីក្រុងធំបំផុតនៅរដ្ឋ Oregon សហរដ្ឋអាមេរិច ទីក្រុងនេះនៅតែរក្សាគម្របបៃតង និងផ្សាភ្ជាប់ធម្មជាតិ ជាមួយទីក្រុងបានយ៉ាងល្អ។ ទីក្រុងនេះ លើកទឹកចិត្តប្រជាជន ប្រើប្រាស់ការធ្វើដំណើរ តាមមធ្យោបាយដឹកជញ្ជូនសាធារណៈ ការជិះកង់ និងដើរ ជាដើម។ ទីក្រុងផតឡេន ក៏បង្កើននូវទីធ្លារលំហរបៃតង ក្នុងទីក្រុង ព្រមទាំងការពារយ៉ាងមធ្យ័ត នូវធនធានធម្មជាតិដែលកំពុងមាន។

៨. ទីក្រុងអូស្លូ ប្រទេសន័រវេស

អូស្លូ ផ្ដល់តម្លៃខ្ពស់លើការរស់នៅ ជាមួយធម្មជាតិ ជាជាងការអភិវឌ្ឍទីក្រុងទំនើប។ ទីក្រុងនេះ មានគោលដៅក្លាយជា ទីក្រុងគ្មានផ្សែងបំពុល នៅត្រឹមឆ្នាំ២០៣០ ដោយបច្ចុប្បន្ន មធ្យោបាយធ្វើដំណើរសាធារណៈ ១០០% ដើរដោយ ថាមពលអគ្គិសនី ហើយយានយន្ដឯកជន ៥០% សុទ្ធសឹងតែដើរដោយអគ្គិសនី និងកំពុងលក់ដាច់បំផុត រថយន្ដអគ្គិសនី។ បន្ថែមពីនេះ ផ្លូវជិះកង់ ផ្លូវថ្មើរជើង និងលំហរបៃតង កំពុងមានប្រើប្រាស់ ពាសពេញទីក្រុង។

៩. ទីក្រុងរីកយ៉ាវិក ប្រទេសអ៊ីសឡង់

ថាមពលអគ្គិសនី ១០០% ប្រើប្រាស់នៅក្នុង ទីក្រុងរីកយ៉ាវិក ដើរដោយថាមពលកកើតឡើងវិញ រួមមាន ថាមពលដើរដោយកម្ដៅផែនដី និងថាមពលដើរដោយទឹក។ ទីក្រុងនេះ ក៏លើកទឹកចិត្តពលរដ្ឋ ចូលរួមរក្សាបរិស្ថានស្អាត ដោយកណ្ដាលទីក្រុងមិនមាន រថយន្ដប្រើប្រាស់នោះទេ ហើយការសាងសង់លំនៅដ្ឋាន ផ្សាភ្ជាប់និងធម្មជាតិ ប្រើប្រាស់ថាមពល ដោយសន្សំសំចៃ ជាដើម។

១០. ទីក្រុងគុយរីបា ប្រទេសប្រេស៊ីល

ទីក្រុងគុយរីបា ឈានមុខលើការអភិវឌ្ឍ ទីក្រុងប្រកបដោយចីរភាព និងមធ្យោបាយដឹកជញ្ជូនសាធារណៈល្អបំផុត។ ទីក្រុងនេះ ប្រើប្រាស់ប្រព័ន្ធរថយន្ដក្រុង Bus-rapid-transit ដែលកាត់បន្ថយបញ្ហាស្ទះចរាចរណ៍ និងការបំពុលបរិស្ថាន។ ម្យ៉ាងទៀត ក្នុងទីក្រុងក៏សម្បូរ ទៅដោយលំហរបៃតង សួនច្បារ និងគម្របព្រៃឈើ ដែលជួយស្រូបយកឧស្ម័នពុល និងលើកកម្ពស់ស្ថិរភាពបរិស្ថាន។

 

ប្រភព៖ World Economic Forum