រយៈពេល ៩ខែនៃឆ្នាំ ២០២៤ នេះ មានរថយន្តប្រមាណជាង ៣៧ ម៉ឺនគ្រឿង បានចូលទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក)


ភ្នំពេញ៖ បើគិតត្រឹមរយៈពេល ១ឆមាស ឬ ៦ខែដំបូងនៃឆ្នាំ២០២៤ (ចាប់ពីខេមករា-ខែមិថុនា) មានរថយន្ត មកត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) បានចំនួន ២២៨.៥៥៨គ្រឿង ខណៈដែលរយៈពេល ៩ខែឆ្នាំ២០២៤ (ចាប់ពីខែមករា-ខែកញ្ញា) មានរថយន្តមកឆៀកបានចំនួនសរុប ៣៧០.៧៣៤គ្រឿង នេះបើយោងតាម ឯកឧត្តម ផន រឹម អ្នកនាំពាក្យ ក្រសួងសាធារណការ និងដឹកជញ្ជូន។

ដោយផ្អែកលើប្រសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសឲ្យដឹងម្តងរួចមកហើយ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ ស្តីពីការមិនកំណត់ ឬរឹតត្បិតការនាំចូល រថយន្តដោយមិនកំណត់ឆ្នាំនោះឡើយ តែត្រូវពង្រឹងសេវាត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) ឱ្យបានត្រឹមត្រូវ និងតាមកាលកំណត់ ជាចាំបាច់។

ជាការឆ្លើយតបនឹងអនុសាសន៍នេះ ក្នុងនាមក្រសួងបច្ចេកទេស លើកិច្ចការត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញយន្តការ និងការប្តេជ្ញាចិត្តខ្ពស់ ទាំងក្របខណ្ឌនយោបាយ និងបច្ចេកទេស ដើម្បីអនុវត្តតាមអនុសាសន៍របស់ សម្តេចធិបតី ឲ្យបានត្រឹមត្រូវ និងហ្មត់ចត់បំផុត។

ឯកឧត្តម ប៉េង ពោធិ៍នា តែងបានប្រកាសអំពាវនាវ ដល់ម្ចាស់រថយន្ត សូមមកទទួលយក សេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) ឱ្យបានទៀងទាត់ តាមការកំណត់ ទាំងនៅមណ្ឌលសេវាកម្មឆៀកអចិន្ត្រៃយ៍ ឬចល័ត។

គូសសម្គាល់ដែរថា ការត្រួតពិនិត្យលក្ខណៈបច្ចេកទេស យានជំនិះ ធ្វើឡើងអនុលោមតាម៖

- ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក

- ប្រកាសលេខ ១៧០ ប្រក.សក.ដជគ ស្តីពីការត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានជំនិះគ្រប់ប្រភេទ

- ប្រកាស២៣៤ ប្រក.សក.ដជគ ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ស្តីពីបទដ្ឋានត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ។

• ម្ចាស់យាន ឬអ្នកប្រើប្រាស់យាន មានកាតព្វកិច្ចយកយានរបស់ខ្លួន មកត្រួតពិនិត្យលក្ខណៈបច្ចេកទេស នៅតាមមណ្ឌលត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានយន្ត ឬឆៀកចល័ត។

• គ្រប់រថយន្ត រ៉ឺម៉ក និងសឺមីរ៉ឺម៉ក ដែលធ្វើចរាចរណ៍លើផ្លូវថ្នល់ ត្រូវមានវិញ្ញាបនបត្រត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានជំនិះ ចេញដោយក្រសួងសាធារណការ និងដឹកជញ្ជូន ឬក្រុមហ៊ុនដែលមាន ការអនុញ្ញាតពីក្រសួងសាធារណការ និងដឹកជញ្ជូន។

• លតាបត្រ និងវិញ្ញាបនបត្រត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានជំនិះ សម្រាប់ប្រភេទយាននីមួយៗ មានសុពលភាពដូចខាងក្រោម៖

- រថយន្តថ្មីប្រភេទរថយន្តគ្រួសារ រថយន្តដឹកទំនិញធុនស្រាល (PICK-UP) ប្រើប្រាស់ជាលក្ខណៈគ្រួសារ ដែលមិនទាន់ប្រើប្រាស់ មានសុពលភាព ៤(បួន)ឆ្នាំ

- រថយន្តចាស់ប្រភេទរថយន្តគ្រួសារ រថយន្តដឹកទំនិញធុនស្រាល (PICK-UP) ប្រើប្រាស់ជាលក្ខណៈគ្រួសារ ដែលបានប្រើប្រាស់រួចហើយ មានសុពលភាព ២(ពីរ)ឆ្នាំ

- រថយន្តថ្មីធ្វើអាជីវកម្មដឹកអ្នកដំណើរ ដឹកទំនិញ និងយានយន្តុបករណ៍ថ្មី ដែលមិនទាន់ប្រើប្រាស់ មានសុពលភាព ២(ពីរ)ឆ្នាំ

- រថយន្តចាស់ធ្វើអាជីវកម្មដឹកអ្នកដំណើរ ដឹកទំនិញ និងយានយន្តុបករណ៍ចាស់ ដែលបានប្រើប្រាស់រួចហើយ មានសុពលភាព១(មួយ)ឆ្នាំ

- សឺមីរ៉ឺម៉ក រ៉ឺម៉កថ្មី ដែលមិនទាន់ប្រើប្រាស់ មានសុពលភាព២(ពីរ)ឆ្នាំ

- សឺមីរ៉ឺម៉កចាស់ រ៉ឺម៉កចាស់ ដែលបានប្រើប្រាស់រួចហើយ មានសុពលភាព ១(មួយ)ឆ្នាំ។

ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត តាមការកំណត់ ផ្តល់អត្ថប្រយោជន៍៖

- ផ្តល់សុវត្ថិភាព ជូនអ្នកប្រើប្រាស់យានយន្ត

- កាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍

- រួមចំណែកការការពារ ហេដ្ឋារចនាសម្ពន័ផ្លូវថ្នល់ និងស្ពាន

- ប្រើប្រាស់រថយន្តបានយូរ ចំណេញពេលវេលា និងចំណាយថវិការតិចក្នុងការជួសជុល

- ការពារបរិស្ថាន(អនុវត្តតាមវិធានការគ្រប់គ្រង ទៅលើការបំពុលខ្យល់ពីយានយន្ត)

- បន្ថែមលើនេះសម្រាប់ការអនុវត្ត របស់សមត្ថកិច្ចនៅលើដងផ្លូវ (នគរបាលចរាចរណ៍) គាត់នឹងធ្វើការត្រួតពិនិត្យ ករណីយានយន្តមិនមាន វិញ្ញាបនបត្រត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានជំនិះ សមត្ថកិច្ចនឹងធ្វើការផាកពិន័យ។

ក្រសួងសាធារណការ និងដឹកជញ្ជូន ស្នើសុំការអន្តរាគមន៍ ទៅកាន់ក្រសួងមហាផ្ទៃ ដើម្បីជម្រុញឱ្យនគរបាលចរាចរណ៍ ធ្វើយុទ្ធនាការរឹតបន្តឹង ការអនុវត្តច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក ដូចជាភ្លៀងរលឹម និងស្នើសុំកិច្ចសហការជាមួយ ស្ថាប័នមានសមត្ថកិច្ច ក្នុងការទប់ស្កាត់ឃាត់ទុក នូវរថយន្តដែលកែច្នៃដំឡើង ដោយគ្មានការអនុញ្ញាត និងមិនត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស ដើម្បីអនុវត្ត តាមនីតិវិធីច្បាប់ជាធរមាន។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រសួងសាធារណការ មាន និងផ្តល់ការអនុញ្ញាតលើ មណ្ឌលត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានយន្ត(ឆៀក) កំពុងដំណើរការចំនួន ២២ទីតាំង គឺនៅរាជធានីភ្នំពេញចំនួន ៨ទីតាំង នៅតាមបណ្តាខេត្តចំនួន ១៤ទីតាំង រួមទាំងម៉ាស៊ីឆៀកចល័តចំនួន ៤គ្រឿង សម្រាប់ផ្តល់សេវាដល់ខេត្តចំនួន៩ ដែលគ្មានមណ្ឌលឆៀករួមមាន៖ ត្បូងឃ្មុំ, មណ្ឌលគិរី, ស្ទឹងត្រែង ឧត្តរមានជ័យ ប៉ៃលិន ពោធិ៍សាត់ កោះកុង កែប និងព្រែវែង។

ការដាក់ឆៀកចល័ត មានគោលបំណងបង្ខិត សេវាសាធារណៈឱ្យបាន ជិតប្រជាពលរដ្ឋ និងជួយសម្រួល ការត្រួតពិនិត្យលក្ខណៈ បច្ចេកទេសយានជំនិះ ជូនប្រជាពលរដ្ឋដែលនៅតាម បណ្តាខេត្តដែលពុំមានមណ្ឌលត្រួតពិនិត្យលក្ខណ: បច្ចេកទេសយានយន្ត។

ប្រភព៖ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន