កាលពីថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០២០ នេះ ក្រុមអ្នកជំនាញខាងផ្នែកបុរាណវិទ្យា បានធ្វើកំណាយសិក្សាស្រាវជ្រាវរចនាសម្ព័ន្ធគ្រឹះនៃកំពង់ទឹករបស់បារាយណ៍មេបុណ្យនៃប្រាសាទបន្ទាយឆ្មារ ក៏បានប្រទះឃើញនូវចម្លាក់សត្វតោមួយមានសភាពស្អាតល្អ ស្ទើតែមិនមានសភាពបែកបាក់នៅឡើយទេ ដោយនេះគឺជារចនាបថបាយ័នស្ថិតនៅក្នុងសតវត្សទី ១៣ ក្នុងរាជ្យរបស់ព្រះបាទជ័យវរ្ម័នទី ៧ ហើយគេហទំព័រ Cambodia Property Report នឹងចុះផ្សាយអត្ថបទរៀបរាប់បន្ថែមអំពីប្រាសាទបន្ទាយឆ្មារ។
ប្រាសាទបន្ទាយឆ្មារ មានទីតាំងស្ថិតនៅភូមិបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ហើយចម្លាក់ចម្លាក់តោនោះត្រូវបានគេរកឃើញ ស្ថិតនៅជម្រៅប្រហែល ១ ម៉ែត្រកប់ក្នុងដី នៅមាត់កំពង់ទឹកនៃបារាយណ៍មេបុណ្យ ហើយនឹងត្រូវបានក្រុមកាងារ បច្ចេកទេសនៃនាយកដ្ឋានគាំពារនិងអភិរក្សសំណង់បុរាណ ត្រូវបានលើកយកមកសម្អាត និងរក្សាទុកដើម្បីយកមកបង្គុំឡើងវិញក្រោយពីបានជួសជុលនូវសំណង់កំពង់ទឹកនោះរួចរាល់។
កំពង់ទឹកបារាយណ៍មេបុណ្យនេះ បច្ចុប្បន្នត្រូវបានរងការខូចខាតស្ទើរតែបាត់រូបរាងទៅហើយ ដោយគ្មានទឹកហើយសំណង់ត្រូវបានកប់ចូលទៅក្នុងដីស្ទើរអស់ ដូចនេះហើយទើបលោកជំទាវឧកញ៉ា ម៉ៅ ម៉ាល័យ កែ គឺមយ៉ាន បានឧបត្ថមថវិកាជូនដល់ក្រុមជំនាញពាក់ព័ន្ធរួមមាន ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចំណុះដោយមន្ត្រីបច្ចេកទេសនាយកដ្ឋានគាំពារនិងអភិរក្សសំណង់បុរាណ ធ្វើការអភិរក្សនិងជួសជុល ដើម្បីលើកតម្លៃសោភ័ណភាពនៃសំណង់កំពង់ទឹកមួយនេះឲ្យរស់ឡើងវិញ ទុកជាសម្បត្តិបេតិកភ័ណ្ឌជាតិដល់កូនកៅជំនាន់ក្រោយបានស្គាល់។
បច្ចុប្បន្ននេះ សំណង់កំពង់ទឹកបារាយណ៍នេះ គឺស្ថិតនៅក្នុងដំណាក់កាលធ្វើកំណាយ និងសិក្សាស្រាវជ្រាវអំពីសំណង់ប៉ុណ្ណោះ ដោយគេនឹងព្យាយាមស្វែងយល់អំពីចម្លាក់ថ្ម និងរចនាបថជាច្រើនទៀត ដើម្បីធ្វើកំណាយថ្មទាំងនោះមកផ្គុំជាកំពង់ទឹកឡើងវិញ។ ប៉ុន្តែសូមបញ្ជាក់ថា ក្រុមប្រាសាទបន្ទាយឆ្មារនោះត្រូវបានសាងសង់ឡើងនៅចុងសតវត្សទី ១២ ដល់ដើមសតវត្សទី ១៣ ក្នុងរាជ្យព្រះបាទជ័យរវ្ម័នទី ៧ ដែលជារចនាបថបាយ័ន និងប្រាសាទបែបព្រះពុទ្ធសាសនា និកាយមហាយាន។