ស្វែងយល់ពីប្រាសាទភ្នំបាណន់ ខេត្តបាត់ដំបង

ភ្នំបាណន់ ជាតំបន់រម្មណីយដ្ឋានដ៏ពិសេសមួយនៅក្នុងខេត្តបាត់ដំបង ដែលគេអាចធ្វើដំណើរតាមផ្លូវលេខ ១៥៤ ឆ្ពោះទៅភាគខាងត្បូងតាមបណ្ដោយដងស្ទឹងសង្កែ ចម្ងាយប្រហែល ២៤ គីឡូម៉ែត្រពីទីរួមខេត្ត យើងអាចទៅទស្សនាប្រាសាទភ្នំបាណន់ ជិះរថភ្លើងឬស្សី ដើរកម្សាន្ដតាមចំការ និងសម្រាកនៅរីសតក្បែរតំបន់ៗនោះជាដើម។ តាមការពិតទៅ ប្រាសាទបាណន់ ជាតំបន់ប្រវត្តិសាស្ត្រមួយ ដែលសំណង់ប្រាសាទបន្សល់ទុកតាំងពីសម័យមុនអង្គរមកម្ល៉េះ ប៉ុន្តែពុំសូវមានអ្នកដឹងច្រើននោះទេ ដូចនេះហើយទើបថ្ងៃនេះ គេហទំព័រ Cambodia Property Report សូមលើយកអត្ថបទស្ដីពីប្រាសាទភ្នំបាណន់ មកជូនមិត្តអ្នកអានទាំងអស់គ្នា។

ប្រាសាទភ្នំបាណន់ ស្ថិតនៅក្នុងភូមិបាណន់ ឃុំកន្ទឺរ២ ស្រុកបាណន់ ខេត្តបាត់ដំបង។ ប្រាសាទនេះមានរាងចតុកោណកែង បណ្ដោយប្រវែង ៦០ ម៉ែត្រ ទទឹង ៤០ ម៉ែត្រ មានកំពែងព័ទ្ធជុំវិញសាងសង់ឡើងដោយថ្មបាយក្រៀម និងក្បាច់តុបតែងដោយថ្មភក់, មានតួសំខាន់មួយបែមុខទៅរកទិសទាំង ៤ មានក្លោងទ្វារ ៤ និងប្រាង្គប្រាសាទចំនួន ៥ ដែលប្រាង្គ ៤ តំណាងឲ្យទ្វីប ឬទិសធំៗទាំង ៤ ឬឯប្រាង្គធំកណ្ដាលមានកម្ពស់ ២៥ ម៉ែត្រ តំណាងកំពូលភ្នំព្រះសុមេរុ។ តួប្រាសាទទាំង ៥ លើកំពូលភ្នំនេះ គឺប្រាង្គបួនជ្រុងគ្រប់ទិស និងប្រាង្គធំមួយចំកណ្តាល នៅចំផ្លូវឡើងពីខាងកើត គឺប្រាសាទតាដំបងដែក ដែលពីមុនមកមានរូបសំណាកតាដំបងដែកនៅឈរចាំ។ ចំណែកឯ នៅជើងភ្នំបាណន់មានគូទឹក និងល្អាងសំខាន់ ២ គឺល្អាងព្រះទឹក និងល្អាងបិទមាស ចំណែកឯកំពូលប្រាសាទទី ២ នាទិសខាងត្បូងឈ្មោះថា ប្រាសាទទម្លាក់ដូង។ 

ប្រាសាទភ្នំបាណន់បានសាងសង់នៅលើភ្នំធម្មជាតិកម្ពស់ ៧៥ ម៉ែត្រ ហើយបើតាមការសិក្សាស្រាវជ្រាវពីមន្ដ្រីជំនាញឲ្យដឹងថា ប្រាសាទនេះមានក្បាច់រចនាលាយចម្រុះគ្នាជាច្រើន ដោយរចនាបថគឺពីសតវត្សទី ៩ ដល់ចុងសតវត្សទី ១៣ នៃគ្រឹសរាជ ហើយរចនាបថនៅក្នុងស.វទី ១៣ ភាគច្រើនគឺស្ថិតនៅក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី ៧។ គេបានរកឃើញសិលាចារឹកមួយផ្ទាំង K202 ចារនៅគ្រឹសរាជ ១០៥០ គឺក្នុងដើមរាជ្យព្រះបាទឧទ័យទិត្យវរ្ម័នទី ២ (១០៥០–១០៦៦ នៃគ.ស) ដែលឡើងគ្រងរាជ្យបន្តពីព្រះបិតារបស់ព្រះអង្គគឺព្រះបាទសូរ្យវរ្ម័នទី ១ (១០០២–១០៥០ នៃគ.ស) និងមានសិលាចារឹកមួយផ្ទាំងទៀតចារនៅពុទ្ធសករាជ ១៨៣០ ត្រូវនឹងឆ្នាំ ១២៨៧ នៃគ.ស គឺចុងសតវត្សទី ១៣ បាននិយាយថា ព្រះបាទ ជ័យចេស្តារាមេសូ ជាព្រះរាជបុត្ររបស់ព្រះបាទ សុកណាន បានយកទីនេះធ្វើជាទីសំណាក់ធម៌ដូចវត្តអារាមដែរ ដើម្បីលើកស្ទួយព្រះពុទ្ធសាសនាឲ្យមានលក្ខណៈកាន់តែល្អប្រសើរឡើង។

ប្រាសាទភ្នំបាណន់សព្វថ្ងៃនៅសល់តួសំខាន់កណ្តាល ក្លោងទ្វារប្រចាំទិសទាំង ៤ មួយផ្នែកតូចនៃកំពែងខាងកើត និងនៅសល់ផ្នែកខ្លះនៃប្រាសាទជ្រុងនៃទិសពាយ័ព្យ។ ដោយសារកត្តាអាយុកាល កត្តាធម្មជាតិ និងកត្តាមនុស្ស ប្រាសាទភ្នំបាណន់បានរងការខូចខាតជាច្រើន ជាពិសេសនៅក្នុងសម័យសង្រ្គាម។ ប្រជាជននៅតែបន្តជឿទៅលើអាទិទេពនៃប្រាសាទភ្នំបាណន់ ដោយពួកគាត់បានធ្វើពិធីបន់ស្រន់សុំសេចក្តីសុខ សុំទឹកភ្លៀងជារៀងរាល់ឆ្នាំ ដើម្បីប្រកបកសិកម្មឲ្យបានផលច្រើន និងផុតពីជំងឺដង្កាត់ទាំងឡាយផងដែរ។