ប្រាសាទតាព្រហ្ម មានភាពល្បីល្បាញនៅទូទាំងពិភពលោក ដែលភ្ញៀវទេសចរណ៍បរទេស មិនអាចមើលរំលងបានឡើយ នៅពេលពួកគេមកកំសាន្តលេង និងស្វែងយល់អំពីប្រវត្តិសាស្រ្តដ៏អស្ចារ្យ នៃទីក្រុងមហានគរ។ កេរ្តិ៍ឈ្មោះដ៏ល្បីល្បាញ នៃប្រាសាទបុរាណខ្មែរមួយនេះ មិនត្រឹមតែផ្ដោតលើប្រវត្តិដ៏យូអង្វែងរាប់ពាន់ឆ្នាំប៉ុណ្ណោះទេ តែវាបង្ហាញឱ្យមនុស្សជាតិ បានឃើញអំពីទំនាក់ទំនងយ៉ាងជិតស្និត ជាមួយស្នាដៃបុព្វបុរសខ្មែរ ជាមួយនឹងធម្មជាតិពិតៗ ដែលមិនអាចរកបាននៅជុំវិញពិភពលោក។
ប្រាសាទតាព្រហ្ម ត្រូវបានសាងសង់ឡើងក្នុងអំឡុងឆ្នាំ ១១៨៦ ក្នុងរជ្ជកាល ព្រះបាទជ័យវរ្ម័នទី ៧ ក្នុងគោលបំណងគោរពទៅដល់ព្រះពុទ្ធសាសនាមហាយាន និងគោលបំណងឧទ្ទិសទៅដល់គុណព្រះមាតា របស់ព្រះអង្គ ក្រោមរូបភាពប្រាជ្ញាបារមីតា។ ។ យោងតាមចម្លាក់ នៅតាមផ្ទាំងសិលា នៃប្រាសាទតាព្រហ្ម ក៏បានបង្ហាញឱ្យដឹងថា កាលពីបុរាណកាល ប្រសាទនេះមានឈ្មោះជាភាសាសំស្ក្រឹតហៅថា (រ៉ាចាវិហារ៉ា) ឬ (Rajavihara) មកប្រែជាភាសាខ្មែរថា រាជវិហារ។ ប្រាសាទនេះត្រូវបានបោះបង់ចោល ក្នុងសម័យកាលបាក់បែងក្រុងអង្គរ តែត្រូវបានរកឃើញឡើងវិញ នាដើមសតវត្សរ៍ទី ២០ ដោយបុរាណវិទូបារាំង ហើយត្រូវបានធ្វើការជួសជូល និងត្រូវប្រាកដថា ឬសដើមឈើធំៗ ព័ទ្ធជុំវិញតួប្រាសាទ នឹងមិនធ្វើឱ្យមានការខូចខាតធ្ងន់ធ្ងរ ទៅដល់ស្នាដៃបុព្វបុរសខ្មែរដ៏អស្ចារ្យឡើយ ពិសេសធានាទៅដល់សុវត្ថិភាព នៃអ្នកចូលទស្សនាប្រាសាទផ្ទាល់។
ប្រាសាទតាព្រហ្ម ក្រោយពីត្រូវបានបោះបង់ចោលស្ថិតក្នុងព្រៃអស់រយៈពេលរាប់រយឆ្នាំមក បច្ចុប្បន្នមានអាយុកាលជាង ៩០០ ឆ្នាំហើយ ដែលបានទាក់ទាញបេះដូងភ្ញៀវជាតិ និងអន្តរជាតិ ជាច្រើន ឱ្យស្ងើចសរសើរមិនដាច់ពីមាត់ថា ជាប្រាសាទដ៏អស្ចារ្យ ហុំព័ទ្ធដោយបារាយទឹកធំ មានរចនាសម្ព័ន្ធ បែបខ្មែរបុរាណ ដែលមានទំហំ ប្រហែល ១,០០០ គុណនឹង ៦៥០ ម៉ែត្រ។ ប្រាសាទនេះមានដើមឈើធំៗដុះខាងក្នុង និងលើកំពូលប្រាសាទ ចាក់ឫសស្អេកស្កះចូលក្នុងគ្រឹះ និងជ្រៀតចូលតាមជញ្ជាំងគួរឱ្យទស្សនា និងប្លែកភ្នែកបំផុត។ លើសពីនោះទៀត ប្រាសាទក៏មានក្បាច់ក្បូរចម្លាក់ដ៏ល្អវិចិត្រផងដែរ។ មួយថ្ងៃៗមានភ្ញៀវចូលទស្សនាប្រាសាទមួយនេះ ចន្លោះពី ៦,០០០ ទៅ ៧,០០០ នាក់។
ឆ្លងអស់រយៈពេលជាយុ ក៏ដូចជា គ្រោះធម្មជាតិ និងសង្គ្រាម ផងនោះ ប្រាសាទតាព្រហ្ម ក៏មិនខុសពីប្រាសាទផ្សេងៗទៀត ក្នុងទឹកដីអង្គរនោះដែរ គឺបានរងនូវការខូចខាតដោយអន្លើ តែអាជ្ញាធរជាតិអប្សរាក៏បានសហការជាមួយក្រុមការងារស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) ជួសជុលប្រាសាទតាព្រហ្មនេះឡើងនៅខែកុម្ភៈ ឆ្នាំ២០០៤ រហូតដល់បច្ចុប្បន្ន ដើម្បីលើកតម្លៃយថាភាព បុរាណភាព និងការអភិរក្សលក្ខណៈចម្រុះដ៏ល្អឯកនៃដើមឈើ និងសំណង់ថ្មនៅក្នុងប្រាសាទ ព្រមទាំងកេរតំណែលនេះជូនមនុស្សជំនាន់ក្រោយ៕