ប្រាសាទកោះកេរ្តិ៍៖ ពីរ៉ាមីតក្នុងប្រទេសកម្ពុជា ដែលមានអាយុកាលជាង ១,០០០ ឆ្នាំ!

ជាការពិត រាជធានីខ្មែរតាំងពីសម័យអង្គររហូតមកដល់សព្វថ្ងៃនេះ ត្រូវបានផ្លាស់ប្ដូរទីតាំងជាច្រើន ដោយសារតែកត្ដាភូមិសាស្ត្រអភិវឌ្ឍន៍ គ្រោះធម្មជាតិ ការឈ្លានពានពីបរទេស និងឥទ្ធិពលសាសនាជាដើម ទើបមកដល់សព្វថ្ងៃនេះ ប្រាសាទបុរាណក្នុងប្រទេសកម្ពុជាបន្សល់ទុកមកស្ទើរពេញផ្ទៃប្រទេស ប៉ុន្តែក៏ខូចខាតបាត់បង់អស់ជាច្រើនផងដែរ។ រាជធានីកោះកេរ្តិ៍ គឺជារាជធានីដ៏ចំណាស់មួយក្នុងសម័យមហានគរ (ក្នុងសតវត្សទី ១០) មុនសម័យអង្គរទៅទៀត ប៉ុន្តែបច្ចុប្បន្ននេះពុំសូវមានអ្នកស្វែងយល់ និងត្រូវបានគេមើលរំលងច្រើនខុសពីរាជធានីជាច្រើនផ្សេងទៀត បើទោះជាប្រាសាទនេះ ត្រូវបានស្នើរចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកទៅអង្គការ UNESCO ចាប់តាំងពីឆ្នាំ ១៩៩២ ដូចប្រាសាទអង្គរវត្ត និងប្រាសាទដទៃទៀតក៏ដោយ។ 

ប្រាសាទកោះកេរ្តិ៍ ត្រូវបានគេស្គាល់ថាគឺជាប្រាសាទដែលមានស្ថាបត្យកម្មសំណង់ប្លែកពីគេបំផុតក្នុងប្រទេសកម្ពុជា បើទោះជាប្រាសាទត្រូវបានសាងសង់សម្រាប់គោរពបូជាតាមលទ្ធិព្រហ្មញសាសនាដូចប្រាសាទដទៃជាច្រើនទៀតក៏ដោយ ហើយគេបានសម្គាល់ជាប្រាសាទ ពីរ៉ាមីត ប្រចាំប្រទេសកម្ពុជា ស្រដៀងនឹងស្ថាបត្យកម្មប្រាសាទ El Castillo នៅប្រទេស Mexico, ប្រាសាទ Borobudur នៅកោះជ្វាប្រទេសឥណ្ឌូនេស៊ី, ប្រាសាទ Pyramid of Djoser ប្រទេសអេស្ស៊ីប, ប្រាសាទ Qin Shi Mausoleum ប្រទេសចិន -ល- ដែលបង្ហាញថា ពិភពលោកក្នុងសម័យបុរាណអាចមានទំនាក់ទំនងជាមួយគ្នា។ 

ប្រាសាទកោះកេរ្តិ៍ មានឈ្មោះដើមថា «ឆោកគគ៌្យបុរៈ» ឬផៃ្ទដីគោកគគីរ សព្វថៃ្ងហៅថា អតីតរាជធានីកោះកេរ្តិ៍ មានទំហំផៃ្ទដី ១៦ x ១៦ គីឡូម៉ែត្រ ផ្ទៃក្រលាសរុប ២៥៦ គីឡូម៉ែត្រការ៉េ រួមមាន ៩៦ ប្រាសាទ ក្នុងរាជធានីនោះ ដោយប្រាសាទនីមួយៗឆ្ងាញពីគ្នាប្រហែល ១ ទៅ ៣ ឬ ៤ គីឡូម៉ែត្រ។ ហើយនៅក្នុងអតីតរាជធានីកោះកេរ្តិ៍នោះមានប្រាសាទធំៗដូចជា៖

  • ប្រាសាទត្រីភុវនេស្វរៈ (ប្រាសាទធំ) ឬសព្វថ្ងៃនេះហៅថាប្រាសាទកោះកេរ្ត៍នេះតែម្ដង
  • ប្រាសាទសម្តុ (ប្រាសាទអណ្ដូង)
  • ប្រាសាទ ដំរីកណ្ដឹង
  • ប្រាសាទស្រីបតី (ប្រាសាទចិន)
  • ប្រាសាទ ស្វេតទ្វិប (ប្រាសាទគោកពោធិ)

រាជធានីកោះកេរ្តិ៍ ត្រូវបានកសាងឡើង នៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី ៤ (គ.ស ៩២៨-៩៤១) ដែលទ្រង់ជាបុត្រារបស់ព្រះបាទជ័យវរ្ម័នទី ៣ និងជាក្សត្រដែលផ្លាស់ប្ដូររាជធានីពី រាជធានីយសោធបុរៈ(រាជធានីអង្គរទី ១ ត្រង់ប្រាសាទភ្នំបាខែង ខេត្តសៀមរាប ចុងសតវត្សទី ៩ រជ្ជកាលព្រះ បាទយសោវរ្ម័នទី១ ឆ្នាំ ៨៨៩-៩០០) មកកាន់រាជធានីកោះកេរ្តិ៍វិញ (សព្វថ្ងៃគឺស្ថិតនៅខេត្តព្រះវិហារ)។

ប្រាសាទកោះកេរ្តិ៍ មានទីតាំងនៅភូមិស្រយង់ជើង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ គេអាចធ្វើដំណើរចម្ងាយប្រមាណ ១២០ គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប ឬចំងាយ ៦០ គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ ឬ ៤៦០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ប្រាសាទនេះ បានសាងសង់ឡើងដោយថ្មបាយក្រៀម ដែលមានអាយុកាលជាង ១,០០០ ឆ្នាំមកហើយ ប៉ុន្តែអាចឈរនៅបានយ៉ាងរឹងមាំល្អមកដល់សព្វថ្ងៃ ហើយសាងសង់ដើម្បីឧទ្ទិសថ្វាយដល់ព្រះឥសូរ តាមបែបព្រហ្មញ្ញសាសនា ដែលមាន ៧ ជាន់និងកម្ពស់ ៣៥ ម៉ែត្រ តាមបែបពីរ៉ាមីត។ 

ប្រាសាទកោះកេរ្តិ៍ ទទួលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជាមធ្យម ២០ ទៅ ៤០ នាក់ក្នុងមួយថ្ងៃ ហើយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ក៏បានបន្ថែមនូវឯកសារជាច្រើនដើម្បីបញ្ជូនទៅអង្គការ UNESCO ដើម្បីស្នើរដាក់បញ្ជូលប្រាសាទដ៏ចំណាស់មួយនេះចូលទៅសម្បត្តិបេតិកភណ្ឌពិភពលោកផងដែរ ដើម្បីរក្សាប្រាសាទដ៏ប្រណិតមានតែមួយក្នុងប្រទេសកម្ពុជានេះ បានក្លាយទៅជាតំបន់អភិរក្សពិភពលោក និងធ្វើឲ្យពិភពលោកស្គាល់ប្រាសាទកោះកេរ្តិ៍កាន់តែច្រើនបន្ថែមទៀត។ ប៉ុន្តែបច្ចុប្បន្នការស្នើរបញ្ជូលសម្បត្តិបេតិកភ័ណ្ឌពិភពលោក ត្រូវបានរឹតបណ្ដឹងច្បាប់ជាងមុនច្រើន ហើយប្រទេសកម្ពុជាទើបតែមានប្រាសាទចំនួន ៣ ប៉ុណ្ណោះដែលស្ថិតក្នុងបញ្ជីបេតិកភណ្ឌពិភពលោករួមមាន ប្រាសាទអង្គរវត្ត (១៩៩២), ប្រាសាទព្រះវិហារ (២០០៨), និងប្រាសាទសំបូរព្រៃគុហ៍ (២០១៧)។ ដូចនេះយើងសង្ឃឹមថា ប្រាសាទកោះកេរ្តិ៍ នឹងអាចបញ្ជូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅថ្ងៃណាមួយ៕