កម្ពុជាទទួលបានឯករាជ្យនៅថ្ងៃទី ០៩ វិច្ឆិកា ១៩៥៣ ដូចនេះថ្ងៃ ០៩ វិច្ឆិកា ២០២០ នេះគឺជាខួបទី ៦៧ ឆ្នាំនេះការទទួលបានឯករាជ្យពេញលេញរបស់កម្ពុជាពីបារាំង ដែលបានធ្វើជាអាណាព្យាបាលអស់រយៈពេល ៩០ ឆ្នាំ ចាប់តាំងពីឆ្នាំ ១៨៦៣។ ឆ្លៀតក្នុងឱកាសនេះដែរ គេហទំព័រ Cambodia Property Report សូមនាំអារម្មណ៍ប្រិយមិត្តអ្នកអានមកស្វែងយល់អំពីស្ថាបត្យកម្មខ្លះៗនៃវិមានឯករាជ្យ។
1. តើវិមានឯករាជ្យសាងសង់ឡើងដើម្បីអ្វី?
វិមានឯករាជ្យ ជាស្ថាបត្យកម្មសំណង់ប្រវត្តិសាស្ត្រដ៏ពិសេសមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបង្ហាញអំពីការទទួលបានឯករាជ្យបានពេញលេញរបស់កម្ពុជាពីអាណានិគមបារាំង ហើយការសាងសង់វិមានឯករាជ្យនេះឡើង គឺដើម្បីរំលឹកទៅដល់វីរភាពរបស់បុព្វបុរសខ្មែរ ដែលបានតស៊ូពលីជីវិតក្នុងការដណ្ដើមឯករាជ្យពីបារាំងវិញ។ ម្យ៉ាងទៀតវិមានឯករាជ្យក៏បង្ហាញអំពីអច្ឆរិយនៃស្ថាបត្យកម្មខ្មែរ ដោយការរចនាបានយកលំនាំតាមប្រាសាទបុរាណនាសម័យអាណាចក្រខ្មែរ គួបផ្សំជាមួយសិល្បៈសម័យទំនើបផងដែរ។ ដូចនេះហើយ ទើបវិមានឯករាជ្យគឺជាសំណង់ដ៏សំខាន់មួយក្នុងប្រទេសកម្ពុជា រហូតដល់មានពាក្យនិយាយលេងថា អ្នករស់នៅទីក្រុងភ្នំពេញ បើមិនស្គាល់វិមានឯករាជ្យ គឺជារឿងមិនសមហេតុផលនោះទេ។
2. ការសាងសង់វិមានឯករាជ្យ
វិមានឯករាជ្យត្រូវបានរចនាប្លង់ដោយលោក វណ្ណ ម៉ូលីវណ្ណ វីរស្ថាបត្យករខ្មែរដែលបានបញ្ចប់ការសិក្សាពីប្រទេសបារាំង និងត្រលប់មកមាតុភូមិវិញនៅឆ្នាំ ១៩៥៦។ លោកត្រូវបានព្រះមហាក្សត្រព្រះបាទនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ទ្រង់ជាបិតាឯករាជ្យជាតិខ្មែរ បានត្រាស់បង្គាប់ឲ្យសាងសង់ឡើង ៥ ឆ្នាំក្រោយពីកម្ពុជាទទួលបានឯករាជ្យ គឺនៅក្នុងឆ្នាំ ១៩៥៨ និងបានសម្ពោធនៅឆ្នាំ ១៩៦២ (នៅរាជធានីភ្នំពេញ) ហើយក្រោយៗមកក៏មានសាងសង់នៅតាមបណ្ដាខេត្តនានាផងដែរ ដូចជាខេត្តតាកែវ, កំពង់ឆ្នាំង, កំពង់ធំ -ល- ហើយមានរចនាបថដូចគ្នានឹងវិមានឯករាជ្យនៅរាជធានីភ្នំពេញដែរ។ វិមានឯករាជ្យគឺជាស្នាដៃរចនាដ៏ជោគជ័យដំបូងបង្អស់របស់លោក វណ្ណ ម៉ូលីវណ្ណ។
3. ស្ថាបត្យកម្ម វិមានឯករាជ្យ
វិមានឯករាជ្យ មានកម្ពស់ ៣៧ ម៉ែត្រ មានខឿនចំនួន ៥ ជាន់ ស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីព្រះនរោត្តម និងមហាវិថីព្រះសីហនុ ដែលយើងមើលទៅហាក់ដូចជាកំពូលប្រាសាទឈរ នៅកណ្ដាលទីក្រុងភ្នំពេញអញ្ចឹង។ វិមានឯករាជ្យ មានរចនាបទជាផ្កាឈូកក្រពុំ ដែលជារចនាបថបន្ទាយស្រី សូម្បីតែពណ៌ក៏ត្រូវជ្រើសរើសពណ៌ក្រហម ដែលប្រហាក់ប្រហែលនឹងថ្មប្រាសាទបន្ទាយស្រីដែរ ចំណែកឯស្ថាបត្យកម្មវិញ វិមានឯករាជ្យត្រូវបានយកលំនាំពីប្រាសាទបាគង ខេត្តសៀមរាប (ក្នុងរាជព្រះបាទឥន្រ្ទវរ្ម័នទី១) ជាតំណាងទស្សនប្រាសាទភ្នំសំដៅទៅលើកំពូលភ្នំសុមេរុ មិនខុសពីកំពូលប្រាងប្រាសាទដទៃទៀតឡើយ។ នៅលើខឿនទាំង ៥ ជាន់របស់វិមានឯករាជ្យ យើងនឹងបានឃើញនាគរាជក្បាល ៥ ចំនួន ១០០ បែរមុខទៅទិសទាំង ៤ ដែលនេះគឺជាចំណុចសំខាន់ជាងគេ។ ចំពោះនាគរាជបែមុខទៅទិសទាំង ៤ មានលំនាំពីប្រាសាទបុរាណខ្មែរគឺមុខ ៤ របស់ព្រះព្រហ្ម ហើយវាក៏បង្ហាញអំពីស្នាព្រះហស្ថរបស់សម្តេចសីហនុ ដែលព្រះអង្គបានយាងចុះតាមគ្រប់ខេត្តក្រុងទាំងអស់ក្នុងប្រទេសកម្ពុជា ដើម្បីសុខទុក្ខប្រជារាស្ត្រ។ ចំណែកឯនាគក្បាល ៥ ចំនួន ១០០ លោកសាស្ត្រាចារ្យ ភឿង សុភ័ណ្ឌ រដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថាជាទូទៅ ក្នុងទំនៀមទម្លាប់ប្រពៃណីខ្មែរយើង សត្វនាគតំណាងឲ្យទេវកថា ព្រោះយើងមិនដែលឃើញនាគរាជទេ យើងឃើញតែពស់។ ចំណែកឯ នាគក្បាល ៥ ចំនួន ១០០ គឺតំណាងឲ្យបារមីព្រះមហាក្សត្រដឹកនាំប្រទេស និងការខិតខំប្រឹប្រែងរបស់ព្រះមហាក្សត្រ ក៏ដូចជាប្រជារាស្ត្រខ្មែរទាំងអស់ ដើម្បីការពារនូវឯករាជ្យភាពជាតិរបស់ខ្មែរ។
វិមានឯករាជ្យ ក៏ចាត់ទុកជាសំណង់ និងកន្លែងទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនាមួយបែបផងដែរ ដោយសារតែរចនាបថ និងសំណង់ប្រវត្តិសាស្ត្រដែលតំណាងដល់ការទទួលបានឯករាជ្យពេញលេញរបស់កម្ពុជា និងភាពរុងរឿងរបស់កម្ពុជាកាលពីសម័យនោះ។ លើសពីនេះ ឯករាជ្យមានសម្រស់កាន់តែស្អាត នាពេលរាត្រីជាមួយភ្លើងពណ៌ និងទឹករាំនៅជុំវិញនោះ ដែលធ្វើឲ្យអ្នកធ្វើដំណើរកាត់តាមមហាវិថីនោះ អាចផ្ដិតយករូបភាពបានយ៉ាងស្រស់ស្អាត។