ប្រវត្តិសង្ខេបត្រួសៗរបស់ផ្សារថ្មី

យើងអាចនិយាយបានថាផ្សារធំថ្មី គឺជាផ្សារដែលមានអាយុកាលចំណាស់ច្រើនគួរសមដែរ និងមានអ្នកស្គាល់ច្រើនមិនថាប្រជាជនខ្មែររឺជនជាតិបរទេសឡើយដោយសារក្នុងផ្សារមួយនេះមានលក់នូវទំនិញច្រើនប្រភេទ និងស្ថិតនៅចំកណ្តាលទីក្រុងតែម្តង ហើយវាមានភាពងាយស្រួលក្នុងការស្វែងរក។ យ៉ាងណាមិញក៏នៅមានបងប្អូនមួយចំនួនពុំទាន់បានដឹងច្បាស់ ពីប្រវត្តិនៃសំណង់មួយនេះឡើយ ថាវាមានអ្វីពិសេស និងគួរឲ្យចាប់អារម្មណ៍ប៉ុនណា? អញ្ចឹងយើង មកដឹងឲ្យកាន់តែច្បាស់អំពីវាទាំងអស់គ្នា។

ផ្សារធំថ្មីត្រូវបានសាងសង់ឡើងតាំងពីឆ្នាំ 1935 មកម្លេះ។ សំណង់មួយនេះមានរាងជាឈើឆ្កាងជាមួយនឹងដំបូលកណ្ដាលដ៏ស្រស់ស្អាត ដែលមានរូបរាងដើមគឺមានដៃបួនលាតសន្ធឹងតាមផ្លូវធំ ព្រមទាំងមានស្តង់ទំនិញជាច្រើនរាប់មិនអស់ ជាងនេះទៅទៀតវាមានស្នូលកណ្តាលប្រហែល 50 អង្កត់ផ្ចិតស្នូលដែលលាតសន្ធឹងចេញក្រៅនីមួយៗ មានប្រវែងប្រមាណ50ម៉ែត្រ។

ផ្សារនេះ ត្រូវបានកសាងឡើងក្នុងពេលដែលកម្ពុជាស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាណានិគមបារាំង។ វាត្រូវបានរចនាដោយលោក Desbois និងបង្កើតដោយ Chauchon។ ការរចនាបែបសម័យទំនើប និងបច្ចេកវិជ្ជានេះ ត្រូវបានសាងសង់ និងចាត់ទុកវាជាសំណង់មួយ ក្នុងចំណោមសំណង់ 30 ដែលសំខាន់បំផុតនៅរាជធានីភ្នំពេញ។ មិនតែប៉ុណ្ណោះការងារសាងសង់មួយនេះត្រូវបានត្រួតពិនិត្យដោយស្ថាបត្យករបារាំងលោក LouisChauchon និងវិស្វករ Kandaouroff។

ក្នុងកំឡុងពេលសង្គ្រាមរវាងបារាំង និងថៃ ផ្សារថ្មីត្រូវបានគេទម្លាក់គ្រាប់បែកយ៉ាងខ្លាំងដោយយន្តហោះថៃ ដែលបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរហើយត្រូវបានបិទជាបណ្ដោះអាសន្ន។

ពីឆ្នាំ 2009 ដល់ឆ្នាំ 2011 ផ្សារមួយនេះត្រូវបានជួលជុលឡើងវិញ ដែលចំណាយទឹកប្រាក់ប្រមាណ 4,2 លានដុល្លារអាមេរិក ដែលទឹកប្រាក់នេះឧបត្ថម្ភដោយភ្នាក់ងារអភិវឌ្ឍន៍បារាំង។ ការចនាសម្ព័ន្ធថ្មីទាំងនេះត្រូវបានធ្វើឡើងដើម្បីផ្តល់នូវការការពារដ៏ទំនើប និងមុខងារដល់ឈ្មួញក៏ដូចជាអ្នកដំណើរ។ ទោះបីជាយ៉ាងណាក៏ដោយ គោលបំណងដ៏ចំបងសម្រាប់គម្រោងមួយនេះមាន 4 ចំនុចសំខាន់ៗ ដែលបាននាំមកនូវការរៀបចំគម្រោងកែលម្អឡើងវិញ ដែលក្នុងនោះរួមមានបញ្ចូលទីផ្សារនៅក្នុងបរិយាកាសទីក្រុង បង្កើនអាគារប្រវត្ដិសាស្ដ្រ ផ្តល់កន្លែងដែលមានភាពកក់ក្តៅល្អ អនាម័យ និងសុវត្ថិភាព ព្រមទាំងជម្រុញឲ្យសេដ្ឋកិច្ច ទីផ្សារឲ្យកាន់តែមានភាពរីកចំរើនទៅមុខ។