អាស៊ាន និងចក្រភពអង់គ្លេសជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម

អគ្គលេខាធិការអាស៊ាន លោក Dato Lim Jock Hoi និងរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកពាណិជ្ជកម្មអន្តរ ជាតិរបស់ចក្រភពអង់គ្លេស លោកស្រី Anne-Marie Trevelyan បានពិភាក្សាគ្នាអំពីទំនាក់ទំនង សេដ្ឋកិច្ចជារួមរវាងភាគីទាំងពីរ។ នៅក្នុងកិច្ចប្រជុំរបស់ពួកគេនៅទីស្នាក់ការកណ្តាលរបស់លេខាធិការ ដ្ឋានអាស៊ាននៅទីក្រុងហ្សាការតាកាលពីថ្ងៃទី 23 ខែកុម្ភៈនោះ ភាគីទាំងពីរក៏បានពិភាក្សាគ្នាអំពីវិស័យ ដែលមានផលប្រយោជន៍ទៅវិញទៅមកផងដែរ ដូចជាក្របខណ្ឌនៃការស្តារឡើងវិញគ្រប់ជ្រុងជ្រោយ អាស៊ាន (ACRF) ចីរភាព និងការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នវានុវត្តន៍ឌីជីថល និងកិច្ចការងារស្នូលរបស់អាស៊ាននៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

ពួកគេបានទន្ទឹងរង់ចាំការអនុវត្តនូវសេចក្តីប្រកាសថ្នាក់រដ្ឋមន្ត្រីរួមរវាងអាស៊ាន-ចក្រភពអង់គ្លេស ស្តីពីកិច្ច សហប្រតិបត្តិការសេដ្ឋកិច្ចនាពេលអនាគត ដូចដែលបានព្រមព្រៀងគ្នាក្នុងអំឡុងពេលនៃកិច្ចប្រជុំរដ្ឋមន្ត្រី សេដ្ឋកិច្ចអាស៊ាន-ចក្រភពអង់គ្លេសជាលើកដំបូងកាលពីឆ្នាំមុន ខណៈដែលមានការផ្លាស់ប្តូរទស្សនៈគ្នា ស្តីពីការរំពឹងទុកនៃការសិក្សារួមគ្នាអំពីវិធីជំរុញបន្ថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងអាស៊ាន-ចក្រភពអង់គ្លេស ដែលរួមមានទាំងតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលអាចធ្វើទៅបាន ភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយផងដែរ។ អគ្គលេខាធិការអាស៊ាន លោក Lim បានវាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែង និងការរួមចំណែកជាប្រចាំរបស់ចក្រភពអង់គ្លេសក្នុងការគាំទ្រដល់ការសម្រេចបាននូវ សហគមន៍អាស៊ាន។ លោកបានគូសបញ្ជាក់ពីសារៈសំខាន់នៃការលើកកម្ពស់ភាពជាដៃគូសេដ្ឋកិច្ចរវាង អាស៊ាន-ចក្រភពអង់គ្លេស និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរវាងភាគី ទាំងពីរ ។

លោកបានអំពាវនាវឱ្យចក្រភពអង់គ្លេសទាញយកអត្ថប្រយោជន៍ពីការសម្របសម្រួលពាណិជ្ជកម្ម និងការ វិនិយោគដែលបង្ហាញដោយកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) តាម រយៈការពង្រីកការវិនិយោគរបស់ប្រទេសនេះនៅក្នុងបណ្តារដ្ឋជាសមាជិកអាស៊ាន។ ពាណិជ្ជកម្មទ្វេភាគី រវាងអាស៊ាន និងចក្រភពអង់គ្លេសបានសម្រេចឈានដល់តម្លៃជាង 31,8 ពាន់លានដុល្លារអាម៉េរិកនៅ ក្នុងឆ្នាំ 2020៕