ស្ពានកញ្ចក់ប្រវែង 240 ម៉ែត្រដែលមាន ហាងកាហ្វេរាងដូចជា ត្បូងពេជ្រនៅកណ្តាល លើជ្រលង Tsalka នៅខាងក្រៅទីក្រុង Tsalka ក្នុងប្រទេស Georgia បានបើកសម្រាប់ទទួលភ្ញៀវទេសចរ នៅថ្ងៃទី 14 ខែមិថុនាកន្លងទៅ។ គម្រោងដ៏អស្ចារ្យមួយនេះ បានបង្កើតឡើងដោយ ក្រុមហ៊ុនអ៊ីស្រាអែល Kass Land ត្រូវបានសាងសង់ ឡើងជាមួយនឹងការវិនិយោគចំនួន 40.8 លានដុល្លារអាមេរិក។
ពិធីសម្ភោធស្ពានកញ្ចក់នេះ បានធ្វើឡើងជាផ្លូវការនៅថ្ងៃទី 15 ខែមិថុនា។ តំបន់ជុំវិញនៃស្ពាននេះ មានទេសភាពបែប Panoramic ព័ទ្ធជុំវិញ, មានទោងយោលសម្រាប់អង្គុយលេង, ជិះកង់កម្សាន្តលើខ្សែកាប, ផ្ទះខ្ទម សម្រាប់លំហែកាយ, សណ្ឋាគារ និងចំណតរថយន្តយ៉ាងត្រឹមត្រូវ ជាមួយសុវត្ថិភាពខ្ពស់បំផុត។
ភ្ញៀវអាចជិះកង់លើខ្សែហ្ស៊ីប ក្បែរស្ពានកញ្ចក់ប្រវែង 240 ម៉ែត្រលើជ្រលង Tsalka ដែលមានហាងកាហ្វេ រាងដូចជាត្បូងពេជ្រនៅកណ្តាល ដែលគួរឲ្យទាក់ទាញមែនទែន។ តំបន់នេះស្ថិតនៅចម្ងាយប្រហែល 100 គីឡូម៉ែត្រប៉ុណ្ណោះពីទីក្រុង Tbilisi នៃប្រទេស Georgia។
កាលពីថ្ងៃទី ១៥ មិថុនាកន្លងទៅ អ្នកដំណើរ ភ្ញៀវទេសចរជាតិ និងអ្នកដែលរស់នៅតំបន់នោះ បានចូលរួមពិធីសម្ពោធ ស្ពានកញ្ចក់ប្រវែង 240 ម៉ែត្រ ឆ្លងកាត់ជ្រលង Tsalka នេះយ៉ាងច្រើនកុះករ និងបានលើកទង់ជាតិ ប្រទេសរបស់ខ្លួនផងដែរ ដើម្បីបញ្ជាក់ពីមោទនាភាព នូវសមិទ្ធផលនៃការបង្កើតស្ពាន ដ៏អស្ចារ្យនេះឡើង។