ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ១៩៥១ ជាថ្ងៃដែលកម្ពុជា បានចូលជាសមាជិកអង្គការយូណេស្កូ The United Nations Educational, Scientific and Cultural Organization (UNESCO) បន្ទាប់ពីអង្គការនេះ ត្រូវបានបង្កើតក្នុងឆ្នាំ ១៩៤៥ ជាមួយការងារបេសកកម្មពិសេស លើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងចំណោមប្រជាជាតិនានា តាមរយៈការអប់រំ វិទ្យាសាស្ត្រ វប្បធម៌ និងទំនាក់ទំនង។
គិតមកទល់នឹងថ្ងៃទី០៣ ខែកក្កដា ២០២២ ជាខួបលើកទី៧១ ឆ្នាំហើយ ដែលកម្ពុជាបានចូលជា សមាជិកនៃអង្គការយូណេស្កូ ក្នុងរយៈពេលនោះ កម្ពុជាបានដាក់បញ្ចូល ប្រាសាទចំនួន ៣ ជាសម្បត្តិបេតិកភណ្ឌពិភពលោក និងសម្បត្តិវប្បធម៌អរូបិយចំនួន ៥ ផងដែរ។ ប្រាសាទដែលកម្ពុជា បានដាក់បញ្ចូលជា សម្បត្តិបេតិកភណ្ឌពិភពលោករួមមាន៖
១/ តំបន់ប្រាសាទអង្គរ ត្រូវបានដាក់ជា សម្បត្តិបេតិកភណ្ឌពិភពលោកនៅឆ្នាំ ១៩៩២ ក្នុងនោះរួមមានតំបន់ប្រាសាទអង្គរវត្ត និងប្រាសាទអង្គរធំ។ អង្គរវត្ត ជាវិមានសាសនាធំ ជាងគេបំផុតលើលោក ជាមួយផ្ទៃដីសរុប ១៦៣ ហិកតា ដែលសាងសង់ឧទ្ទិសថ្វាយព្រះវិស្ណុ ក្នុងរាជព្រះបាទសូរ្យវរ្ម័នទី២ និងបញ្ចប់នៅក្នុងរាជព្រះបាទជ័យវរ្ម័នទី៧។ ចំណែកអង្គរធំ ជារាជធានីមួយ ដែលបង្កើតក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ មានបរិមាត្រប្រវែង ១២ គីឡូម៉ែត្រ និងមានខ្លោងទ្វារចំនួន ៥ ជាមួយកំពែងព័ទ្ធជុំវិញ ហើយប្រាសាទដែលលេចធ្លោបំផុតគឺប្រាសាទបាយ័ន ដែលបានសាងសង់ជាប៉មព្រះភ័ក្ដ្រព្រះ ៤ ទិសចំនួន ៥៤ ប៉មមានកម្ពស់ចាប់ពី ២៥ ម៉ែត្រទៅដល់ ៤៣ ម៉ែត្រ។
២/ ប្រាសាទព្រះវិហារ ត្រូវបានដាក់ជា សម្បត្តិបេតិកភណ្ឌពិភពលោកនៅឆ្នាំ ២០០៨ ដែលជាប្រាសាទភ្នំ សាងសង់ឡើងនៅជួរភ្នំដងរែក មានកម្ពស់ ៥២៥ ម៉ែត្រពីដីរាប ឬ ៦២៥ ម៉ែត្រពីនេវ៉ូទឹកសមុទ្រ។ ប្រាសាទព្រះវិហារ សាងសង់ក្នុងរាជព្រះបាទសូរ្យវរ្ម័នទី១ (១០០៦-១០៥០) និងរាជព្រះបាទសូរ្យវរ្ម័នទី២ (១១១៣-១១៥០) មានរចនាបថបន្ទាយស្រី បានសាងសង់ឧទ្ទិសដល់ព្រះសិវៈ និងស្ថិតនៅលើភ្នំតំណាង កំពូលភ្នំព្រះសុមេរុ ជាទីស្ថានរបស់ ព្រះសិវៈនៃព្រហ្មញ្ញសាសនា។
៣/ តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានដាក់ជា សម្បត្តិបេតិកភណ្ឌពិភពលោកនៅឆ្នាំ ២០១៧ ជាអតីតរាជធានី ឥសានបុរៈ នៃអាណាចក្រចេនឡា ចន្លោះពីសតវត្សរ៍ទី៦ ដល់សតវត្សរ៍ទី៩។ ក្រុមប្រាសាទសំបូរព្រៃគុក ត្រូវបានបែងចែកចំនួន ៤ តំបន់ រួមមាន៖ ប្រាសាទកណ្ដាល, ក្រុមប្រាសាទខាងជើង, ក្រុមប្រាសាទខាងត្បូង, និងក្រុមប្រាសាទក្រោលរមាស។ សំបូរព្រៃគុក ឬ ឥសានបុរៈ ជាមជ្ឈមណ្ឌលព្រហ្មញ្ញសាសនា ដែលប្រាសាទភាគច្រើន សាងសង់ឡើងដោយថ្មឥដ្ឋតាន់ និងថ្មបាយក្រៀម រចនាបថសំបូរ ក្នុងរាជរបស់ ព្រះបាទឥសានវរ្ម័នទី១ (៦១៦-៦៣៥)។
ក្រៅពីប្រាសាទសម្បត្តិបេតិកភណ្ឌពិភពលោកទាំង ៣ តំបន់ កម្ពុជាមានសម្បត្តិវប្បធម៌អរូបិយចំនួន ៥ ផ្សេងទៀត ចុះបញ្ជីនៅអង្គការយូណេស្កូ ដែលរួមមាន៖
១/ ល្ខោនខោល ដាក់បញ្ចូលនៅឆ្នាំ ២០១៨
២/ ចាប៉ីដងវែង ដាក់បញ្ចូលនៅឆ្នាំ ២០១៦
៣/ ល្បែងទាញព្រ័ត្រ ដាក់បញ្ចូលនៅឆ្នាំ ២០១៥
៤/ របាំព្រះរាជទ្រព្យ ដាក់បញ្ចូលនៅឆ្នាំ ២០០៨
៥/ ល្ខោងស្រមោលស្បែកធំ ដាក់បញ្ចូលនៅឆ្នាំ ២០០៨។