រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តនូវ «ផែនការមេអភិវឌ្ឍន៍ ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥» កាលពីខែមីនា ឆ្នាំ២០២១ កន្លងទៅ ដែលមកទល់ពេលនេះ គណៈកម្មការគ្រប់គ្រង បានដាក់ចេញនូវផែនការ សកម្មភាពគន្លឹះសំខាន់ៗ មួយចំនួនទៀត អនុវត្តពីឆ្នាំ ២០២២-២០៣៥ ដើម្បីអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ រួមចំណែកទាក់ទាញ ភ្ញៀវទេសចរអន្តរជាតិ មកកាន់ខេត្តសៀមរាបឡើងវិញ។
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជម្រាបជូន អង្គប្រជុំពីយន្ដការ ការងារនៃគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ សំដៅទ្រទ្រង់ ការអនុវត្តផែនការមេ អភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ដែលមានដូចខាងក្រោម៖
១. គណៈប្រតិបត្តិជាសេនាធិការប្រចាំការ ដើម្បីដឹកនាំការអនុវត្តបទបញ្ជា និងការណែនាំនានា របស់ប្រធានគណៈកម្មការ ពិសេសដឹកនាំ និងសម្របសម្រួល ការអនុវត្តផែនការ សកម្មភាពនៃផែនការមេ។
២. អនុគណៈកម្មការចំនួន ៥ រួមមាន៖
• អនុគណៈកម្មការអភិវឌ្ឍន៍ ផលិតផលទេសចរណ៍
• អនុគណៈកម្មការផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍
• អនុគណៈកម្មការពង្រឹងគុណភាព និងនិរន្ដភាពនៃ ការអភិវឌ្ឍន៍ទេសចរណ៍
• អនុគណៈកម្មការគ្រប់គ្រងបរិស្ថាន
• អនុគណៈកម្មការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងការតភ្ជាប់
៣. អង្គភាពគ្រប់គ្រង គោលដៅទេសចរណ៍ដោយឡែក សម្រាប់តំបន់អាទិភាពទាំង ៦ រួមមាន៖
• តំបន់ឧទ្យានជាតិភ្នំគូលែន
• តំបន់ទេសចរណ៍ជុំវិញតំបន់ការពារប្រាសាទបន្ទាយស្រី
• តំបន់បេតិកភណ្ឌអង្គរ
• តំបន់ក្រុងសៀមរាប
• តំបន់បឹងទន្លេសាប
• តំបន់ទេសចរណ៍សៀមរាបថ្មី
៤. លេខាធិការដ្ឋានដើម្បីសម្របសម្រួល អនុវត្តរាល់សកម្មភាពការងារប្រចាំថ្ងៃ របស់គណៈកម្មធិការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ
បើតាម ឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាប ក្នុងឆមាសទី១ ឆ្នាំ២០២២ ខេត្តសៀមរាបទទួលបាន ទេសចរអន្តរជាតិប្រមាណ ៦ ម៉ឺននាក់ កើនឡើងក្នុងអត្រា ១.០២៥% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ និងទេសចរផ្ទៃក្នុងប្រមាណជាង ១ លាននាក់ កើនឡើងក្នុងអត្រា ៧៩៨% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១។ ក្នុងនោះ ជើងហោះហើរ មកកាន់ខេត្តសៀមរាប មានចំនួន ៣៨៧ ជើង នៅក្នុងឆមាសទី១ ឆ្នាំ២០២២។
តាមការព្យាករណ៍ ខេត្តសៀមរាប នឹងទទួលបានទេសចរអន្តរជាតិ ប្រមាណជាង ១០ ម៉ឺននាក់ នៅក្នុងឆ្នាំ២០២២ ហើយនឹងកើនដល់ប្រមាណ ៥០ ម៉ឺននាក់ នៅក្នុងឆ្នាំ ២០២៣ ខាងមុខ ដោយនឹងស្រូបយក ភ្ញៀវទេសចរប្រមាណ ១ ភាគ ៤ នៃភ្ញៀវទេសចរអន្តរជាតិ សរុបមកកម្ពុជា ខណៈដែលភ្ញៀវទេសចរផ្ទៃក្នុងជាង ២ លាននាក់ នឹងមកទស្សនាខេត្តសៀមរាប នៅក្នុងឆ្នាំ២០២២ និងកើនឡើងដល់ ៤ លាននាក់នៅក្នុងឆ្នាំ២០២៣។