រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈរដ្ឋមន្ត្រីការបរទេសអាមេរិក ឯកឧត្ដម Antony Blinken បានប្រកាសនូវគម្រោងថ្មីមួយ ដែលមានទឹកប្រាក់ ២៥ លានដុល្លារ ក្នុងការលើកកម្ពស់ សន្តិសុខស្បៀងអាហារ និងកំណើនសេដ្ឋកិច្ច ក្នុងវិស័យកសិកម្មក្នុងប្រទេសកម្ពុជា ។
ការប្រកាសរបស់ ឯកឧត្ដមរដ្ឋមន្រ្ដីការបរទេសអាមេរិកនេះ ត្រូវបានធ្វើឡើង ក្នុងឱកាសដែល ឯកឧត្ដមអញ្ជើញមកកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំ រដ្ឋមន្រ្ដីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរាជធានីភ្នំពេញ នេះបើយោងតាមសេចក្ដីប្រកាស របស់ស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រីអាមេរិក បាននិយាយថា "សូមជម្រាបជូនថាគម្រោង កម្ពុជាហាវែស III ជាគម្រោងមានរយៈពេល ៥ ឆ្នាំ ដែលគ្រប់គ្រងដោយ ទីភ្នាក់ងារជំនួយអាមេរិក USAID។ ខណៈដែលពិភពលោក ប្រឈមនឹងការគំរាមកំហែង លើការផ្គត់ផ្គង់ស្បៀងអាហារ កាន់តែកើនឡើង យើងត្រូវការបង្កើន នូវសមត្ថភាពកសិកម្ម និងភាពធន់ជុំវិញពិភពលោក ហើយគម្រោងហាវែស III គឺជានិមិត្តសញ្ញានៃការប្តេជ្ញាចិត្ត របស់យើងចំពោះគោលដៅមួយនេះ៕"