ភ្នំពេញ៖ វឌ្ឍនភាពនៃដំណើរការសាងសង់ ស្ពានអាកាសភ្លោះ "សម្តេចមហាបវរធិបតី" គិតមកដល់ថ្ងៃទី ២៥មករាឆ្នាំ២០២៥ នេះ ការដ្ឋានទាំងមូល សម្រេចបានប្រមាណ ៤៥% ហើយ ដោយគ្រោងនឹងបញ្ចប់ស្ពានទី១ (មហាវិថីសម្តេច ហ៊ុន សែន ទៅព្រលានតេជោ) នៅមុនខែមេសា ឆ្នាំ២០២៥ និងបញ្ចប់គម្រោងទាំងមូលនៅខែមិថុនាឆ្នាំ ២០២៥ នេះតែម្តង។
គូសបញ្ជាក់ឲ្យដឹងផងថា គម្រោងសាងសង់ស្ពានអាកាសភ្លោះនេះ ស្ពានជាប្រភេទបេតុងអាមេ ( ធ្នឹមរាងអក្សរ I ) ដែលមានបណ្ដោយស្ពានសរុប ៦២២ម៉ែត្រ, បណ្ដោយតួស្ពាន ២៨១ម៉ែត្រ, ផ្លូវតភ្ជាប់ក្បាលស្ពានទៅមក ខាងមហាវិថីសម្តេចតេជោ ហ៊ុន សែន ប្រវែង ១៨០ម៉ែត្រ, ផ្លូវតភ្ជាប់ក្បាលស្ពានទៅមក ខាងព្រលានយន្តហោះ អន្តរជាតិតេជោ ១៦១ម៉ែត្រ។
បន្ទាប់ពីគម្រោងស្ពានអាកាសភ្លោះថ្មីនេះ សាងសង់រួចរាល់ វានឹងរួមចំណែក ជម្រុញបន្ថែមនូវដំណើរការសេដ្ឋកិច្ចជាតិ ការដឹកជញ្ជូន និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ ដែលនឹងធ្វើដំណើរចេញចូល ពីព្រលានយន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅថ្មី នាពេលខាងមុខនេះផងដែរ។