អាកាសយានដ្ឋាន Changi របស់សិង្ហបុរី ត្រូវបានទទួលស្គាល់ជាថ្មី ក្នុងនាម “អាកាសយានដ្ឋានល្អបំផុតមួយ របស់ពិភពលោក” ដោយបានទទួលអ្នកដំណើរជាង ៦៧,៧ លាននាក់ កាលពីឆ្នាំ២០២៤


អន្តរជាតិ៖ អាកាសយានដ្ឋាន Changi របស់ប្រទេសសិង្ហបុរី ត្រូវបានទទួលស្គាល់ យ៉ាងទូលំទូលាយជាថ្មីម្តងទៀត ថាជា អាកាសយានដ្ឋានល្អបំផុតរបស់ពិភពលោក ដែលបានឃើញការងើបឡើងវិញ ដ៏គួរឱ្យចាប់អារម្មណ៍ក្នុងឆ្នាំ ២០២៤ ដោយបានគ្រប់គ្រងអ្នកដំណើរចំនួន ៦៧,៧ លាននាក់ ស្មើនឹង ៩៩,១% នៃកម្រិតអ្នកដំណើរ ដែលអាកាសយានដ្ឋាននេះ បានទទួលកាលពីឆ្នាំ២០១៩។

ក្នុងចំណោមចំនួនអ្នកដំណើរជាង ៦៧,៧ លាននាក់ ក្នុងឆ្នាំ ២០២៤ អ្នកដំណើរចិន បានក្លាយជាទីផ្សារដ៏ធំបំផុត របស់អាកាសយានដ្ឋាន Changi ដែលបានជម្រុញ ដោយកិច្ចព្រមព្រៀង នៃការធ្វើដំណើរដោយគ្មានទិដ្ឋាការរយៈពេល ៣០ថ្ងៃ រវាងប្រទេសទាំងពីរ និងការកើនឡើង នៃសេវាកម្មហោះហើរត្រង់ ជាដើម។

គូសសម្គាល់ផងថា អាកាសយានដ្ឋាននេះ ទទួលបានភាពល្បីល្បាញ មួយផ្នែកធំដោយសារគ្រឿងបរិក្ខារ ប្រកបដោយភាពច្នៃប្រឌិត អាកាសយានដ្ឋានបានដាក់ដំណើរការ នូវម៉ាស៊ីនពិនិត្យលិខិតឆ្លងដែនស្វ័យប្រវត្តិ នៅគ្រប់ស្ថានីយទាំងអស់ ដែលអនុញ្ញាតឱ្យអ្នកធ្វើដំណើរ ឆ្លងកាត់កន្លែងត្រួតពិនិត្យ ក្នុងរយៈពេលត្រឹមតែ ១០ វិនាទីប៉ុណ្ណោះ។

ដោយមានប្រើប្រាស់យ៉ាងទូលំទូលាយ សេវាកម្មល្អ កន្លែងសម្រាកលំហែ និងហាងទំនេញយ៉ាងសំបូរបែប មានបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាទំនើប អាកាសយានដ្ឋានរបស់សិង្ហបុរីមួយនេះ នឹងនៅតែបន្តផ្តល់បទពិសោធន៍ធ្វើដំណើរខ្ពស់ ដល់អ្នកដំណើរមកពីជុំវិញពិភពលោក ក្នុងកម្រិតស្តង់ដាអន្តរជាតិទំនើប និងគ្រោងសម្រេចដល់ផែនការ ទទួលបានអ្នកដំណើរ ឲ្យហួសពីកម្រិតចំនួនមុនជម្ងឺរាតត្បាត កាលពីឆ្នាំ២០១៩។

 

ប្រភព៖ Designboom / Seasia. co