កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអន្តរជាតិធំៗ ២ ពាក់ព័ន្ធនឹងវិស័យទេសចរណ៍ នាខែមីនា ឆ្នាំ២០២៣


ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុញ្ញាត ឱ្យក្រសួងទេសចរណ៍ ដែលជាសេនាធិការ រៀបចំឱ្យមាន កិច្ចប្រជុំអន្តរជាតិចំនួន ២ ដែលកម្ពុជា នឹងដើរតួនាទីយ៉ាងសំខាន់ ជាប្រទេសម្ចាស់ផ្ទះ ជុំវិញការពិភាក្សា ក្នុងវិស័យទេសចរណ៍ ដែលនឹងត្រូវធ្វើឡើង ក្នុងត្រីមាសទី១ ឆ្នាំ២០២៣ ខាងមុខ។

កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ និងបានកំពុងត្រៀមខ្លួន ក្នុងការរៀបចំ និងចាត់ចែងកម្មវិធី ដើម្បីធ្វើឱ្យកិច្ចប្រជុំ អន្តរជាតិធំៗចំនួន ២ ដោយក្នុងនោះរួមមានដូចជា កិច្ចប្រជុំក្រុមការងារទេសចរណ៍ មហាអនុតំបន់មេគង្គ លើកទី៥១ និងវេទិកាទេសចរណ៍មេគង្គឆ្នាំ ២០២៣ សម្រេចបានលទ្ធផលជាផ្លែផ្កា។ កិច្ចប្រជុំអន្តរជាតិទាំង ២ នឹងត្រៀមប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះឱ នៅឯក្រុងព្រះសីហនុ ក្រោមវត្តមានមន្ត្រី ភ្នាក់ងារ វិស័យឯកជន មកពីបណ្ដាប្រទេស ជាច្រើនប្រមាណ ២០០ នាក់។

តាមការបញ្ជាក់ របស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា កិច្ចប្រជុំទាំង ២ ខាងលើ មានគោលបំណង រៀបចំដើម្បីពង្រឹង កិច្ចសហប្រតិបត្តិការ លើការអនុវត្តយុទ្ធសាស្រ្ត មហាអនុតំបន់មេគង្គ ២០១៦-២០២៥ ជាពិសេសផ្តោតលើ ផែនការស្តារទំនាក់ទំនងឡើងវិញ ក្នុងវិស័យទេសចរណ៍ ស្ថិតក្នុងក្របខ័ណ្ឌ មហាអនុតំបន់មេគង្គ។ គោលបំណងមួយទៀត គឺជំរុញផ្សព្វផ្សាយទេសចរណ៍ មហាអនុតំបន់មេគង្គ រៀបចំទិសដៅ ចាប់យកទីផ្សារទេសចរណ៍ ចម្បងៗសម្រាប់តំបន់ និងការរួមគ្នា ដោះស្រាយបញ្ហាចំពោះមុខ ក្នុងការស្តារវិស័យទេសចរណ៍ មហាអនុតំបន់មេគង្គ ឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩។

ក្រៅពីគោលបំណងខាងលើ កិច្ចប្រជុំទាំង២ នោះក៏ជំរុញឱ្យ ការផ្សព្វផ្សាយ សក្តានុពលទេសចរណ៍ និងទាក់ទាញភ្ញៀវទេសចរ ឱ្យមកទស្សនានៅតំបន់ ច្រករបៀងទេសចរណ៍ភាគខាងត្បូង (Southern Tourism Corridor) ពិសេសគឺនៅតំបន់ឆ្នេរសមុទ្រ។ ម្យ៉ាងទៀត ក៏ដើម្បីបង្កើតនូវ វេទិកាផ្លាស់ប្តូររយោបល់គ្នា រវាងស្ថាប័នសាធារណៈ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ដើម្បីចែករំលែក បទពិសោធន៍ល្អៗ ក្នុងការស្តារវិស័យទេសចរណ៍ឡើងវិញ តាមរយៈវេទិកា ទេសចរណ៍មេគង្គផងដែរ។

កិច្ចប្រជុំនេះ ក៏រួមចំណែកបើកឱ្យ វិស័យទេសចរណ៍ និងកិច្ចដំណើរការ យុទ្ធនាការទស្សនាកម្ពុជា ឆ្នាំ២០២៣ (Visit Cambodia 2023) ពិសេសគឺព្រឹត្តិការណ៍ ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ប្រព្រឹត្តទៅបានយ៉ាង ល្អប្រសើរផងដែរ ក្នុងនាមជាប្រទេសម្ចាស់ផ្ទះ៕