វាលស្រែដ៏ធំរបស់ចិនមួយនេះ ត្រូវបានដាំដុះ និងច្នៃបង្កើតចេញឡើង បានជាទស្សនីយភាព បែបសិល្បៈគួរឱ្យទាក់ទាញ


វាលស្រែ ពិតជាមានអត្ថប្រយោជន៍ ខ្លាំងណាស់ សម្រាប់មនុស្សគ្នា ហើយក៏ជារបរមួយដ៏ចាំបាច់ របស់ប្រជាកសិករទូទៅ ព្រោះដំណាំស្រូវជា ស្បៀងអាហារមួយប្រភេទ មិនអាចខ្វះបាន។ យើងធ្លាប់តែឃើញ វាលស្រែល្វឹងល្វើយ មានពណ៌ខៀវខ្ចី និងពណ៌លឿងទុំ តាមអាយុកាល នៃការលូតលាស់របស់វា ប៉ុន្តែលើកនេះ យើងចង់បង្ហាញនូវទស្សនីយភាព ដ៏ស្រស់ស្អាតបែបសិល្បៈ ដោយអ្នកចំការ បានប្រើប្រាស់ជំនាញរបស់ពួកគេ បង្កើតបានជារូបភាពផ្សេងៗ យ៉ាងធំ នៅតាមរយៈវាលស្រែរបស់ពួកគេ។  

វាលស្រែស្ថិតនៅទីក្រុង Shenyang ភាគឦសាននៃខេត្ត Liaoning ប្រទេសចិន។ មានវាលស្រែជាច្រើន ត្រូវបានអ្នកចំការ ប្រើប្រាស់វិធីសាស្រ្តដាំដុះ បង្កើតបានជារូបភាព លក្ខណៈលំនាំបីវិមាត្រ រួមមានរូបត្លុក Ultraman, រូបសត្វខ្លា, រូបផ្កាឈូករ័ត្ន, រូបរថភ្លើង, រូបផ្ទះ និងរូបភាពផ្សេងៗ ជាច្រើនទៀត។ បច្ចេកទេស ដែលអាចបង្កើត បានជារូបភាពទាំងនេះ តម្រូវឱ្យមានការប្រុងប្រយ័ត្ន និងគិតគូរ យកចិត្តទុកដាក់បំផុត។ ពួកគេត្រូវ ដាំដុះពូជស្រូវផ្សេងគ្នា និងកំណត់ពេលវេលាដាំដុះ ដើម្បីកំណត់បាននូវ ការលូតលាស់របស់ស្រូវ ទើបអាច បង្កើតបានជាពណ៌ខុសៗគ្នា រំលេចជារូបភាពបាន។ ជាយុទ្ធសាស្រ្តមួយទៀត ទីកន្លែងក៏ទទួលស្វាគមន៍ ភ្ញៀវទេសចរ ទៅលេងកម្សាន្តផងដែរ ដោយមាន ការបង្កើតជារថភ្លើងខ្នាតតូច សម្រាប់ដឹកភ្ញៀវទេសចរ ជិះកម្សាន្តកាត់តាមវាលស្រែ ងាយស្រួលទស្សនា ទិដ្ឋភាពធម្មជាតិនៅទីនោះ។

នេះជាស្នាដៃច្នៃប្រឌិតមួយ ដែលកសិកររបស់ចិន អាចបង្ហាញពី សមត្ថភាពរបស់ពួកគេ ក្រៅពីការដាំដុះស្រូវ ផ្តល់ផលដល់ជនរួមជាតិ និងអាចច្នៃជា រូបភាពបែបសិល្បៈ ផ្តល់ជាការកម្សាន្ត ដល់អ្នកទេសចរទៀតផង។ ការធ្វើបែបនេះ ពិតជាបង្ហាញថា ពួកគេពិតជា មានសារៈសំខាន់ណាស់ ដល់តំបន់ទាំងនោះ ព្រោះមិនត្រឹមតែទទួលបាន ទិន្នផលជាស្បៀងដ៏សំខាន់ប៉ុណ្ណោះទេ ថែមទាំងអាចទាក់ទាញភ្ញៀវទេសចរ តាមរយៈការច្នៃប្រឌិតរបស់ពួកគេផងដែរ។