ប្រាសាទបក្សីចាំក្រុង មានរាងជាសាជី ដែលមាន៤ថ្នាក់ ត្រូវបានសាងសង់ពីថ្មបាយក្រៀម នៅសតវត្សរ៍ទី១០


ប្រាសាទបក្សីចាំក្រុង ស្ថិតនៅកណ្តាលព្រៃខាងឆេ្វងផ្លូវ និងខាងជើងភ្នំបាខែង ប្រហែល ១៥០ម៉ែត្រ មានកាំជណ្តើរស្ថាបនា ដោយថ្មបាយក្រៀម និងឥដ្ឋពណ៌‌ក្រហម។ ប្រាសាទបក្សីចាំក្រុង មានរាងជាសាជី ដែលមាន៤ថ្នាក់ កសាងពីថ្មបាយក្រៀម និងមានប្រាសាទមួយ ធ្វើពីឥដ្ឋបែមុខទៅទិសខាងកើត បន្តុបនៅពីលើ ដែលប្រាសាទនេះ ត្រូវបានស្ថាបនា ដើម្បីឧទ្ទិសថ្វាយព្រះឥសូរ ក្នុងព្រហ្មញ្ញសាសនា។

ប្រាសាទនេះមាន ជណ្តើរគ្រប់ទាំងបួនទិស តែជណ្ដើរដែលអាចឡើងចុះបាន មានតែជណ្ដើរនៅទិសខាងកើត មួយនោះទេ ចំណែកបីទិសទៀត គឺជាជណ្ដើរបញ្ឆោតប៉ុណ្ណោះ។ ចំពោះក្បាច់រចនា ដែលសម្រាប់បិទពីក្រៅ បានបាត់បង់អស់ហើយ គឺនៅសល់តែក្បាច់ផែ្តរលើ ខ្លោងទ្វារដែលនៅល្អ ដោយមានចម្លាក់រូបព្រះឥន្រ្ទ គង់លើដំរីព្ធរាវ័ណ (ដំរីមានក្បាលបី) ឯចុងទាំងសងខាងមានគណេស និងមាត់ទ្វារខាងកើតមាន សិលាចារិក។ ប្រាសាទបក្សីចាំក្រុង កសាងនៅក្នុងរាជ្យ ព្រះបាទហស៌វរ្ម័នទី១ (ក្នុងឆ្នាំ៩២១) ត្រូវជាបុត្ររបស់ ព្រះបាទយសោវរ្ម័នទី១ ហើយបញ្ចប់ការសាងសង់ នៅក្នុងរាជ្យ ព្រះបាទរាជេន្ទ្រវរ្ម័ន (៩៤៤-៩៦៨) ពេលដែលព្រះអង្គយាង ត្រឡប់ពីកោះកែរ មកតាំងទី នៅក្នុងរាជធានីអង្គរវិញ។

ប្រាសាទបក្សីចាំក្រុង ជារមណីយដ្ឋានទេសចរណ៍ បែបវប្បធម៌ប្រវត្តិសាស្រ្ត រមណីយដ្ឋាននេះ មានទីតាំងស្ថិតនៅក្នុង បរិវេណឧទ្យានអង្គរ ដែលទីនេះមាន សក្តានុពលទេសចរណ៍សំខាន់ៗ ដូចជាប្រវត្តិ នៃការសាងសង់ ទីតាំង និងរចនាបទ។ នៅទីនេះ ភ្ញៀវទេសចរអាចមក លំហែលកម្យាន្ត មើលប្រាសាទ ចម្លាក់ក្បូក្បាច់ ព្រៃព្រឹក្សា និងប្រវត្តិសាស្រ្ត។